ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ឧសភា កន្លងទៅក្រុមពលរដ្ឋ យុវជន និងស្ដ្រី បានដាក់លិខិតទៅកាន់សាលារាជធានីភ្នំពេញដើម្បីសុំធ្វើការដង្ហែញតិ្ដយកទៅដាក់នៅអង្គភាពប្រឆាំងអំពើរពុករលួយនៅព្រឹកថ្ងៃសៅរិ៍នេះ បើទោះជាសាលារាជធានីមិនអនុញ្ញាតក៏ដោយ។ ប៉ុន្តែគម្រោងនេះ ត្រូវបានរំសាយទៅវិញដោយសារតែខ្លាចរាំងស្ទះដល់ព្រឹត្តិការណ៍ជិះកង់រស់សហភាពអឺរ៉ុប។ នេះបើតាមការអោយដឹងពីអ្នកស្រី មាស លក្ខិណា តំណាងស្ត្រីសហគមន៍បុរីកីឡា នាថ្ងៃទីសៅរ៍នេះ។
អ្នកស្រី មាស លក្ខិណា បន្តថា មូលហេតុដែលក្រុមពលរដ្ឋ យុវជន និងស្ត្រី សម្រេចផ្អាកគម្រោងដង្ហែញតិ្ដនៅថ្ងៃនេះដោយសារតែ មិនចង់ធ្វើអ្វីដែលប្រាសចាកពីផ្លូវច្បាប់។
តំណាងរូបនេះអះអាងថា សាលារាជធានីភ្នំពេញបានបដិសេធការស្នើសុំហែក្បួន ដោយសំអាងហេតុផលថា ការស្នើសុំរបស់ពួកគាត់មិនគ្រប់ចំនួនថ្ងៃ ដែលសាលារាជធានីភ្នំពេញកំណត់ និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈជាដើម។
អ្នកស្រីបន្ថែមថា បើសិនជាពួកគាត់បន្ដដង្ហែក្បូនដែលមានគ្នា ២ ពាន់នាក់ ហើយក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពដែលនឹងដឹកនាំយុវជនប្រឆាំងនិងការដាក់ញត្ដិរបស់ក្រុអ្នកស្រីដែលមានគ្នា ៥ ពាន់នាក់ទៀតនោះ គឺអាចបង្កជាការប៉ះទង្គិះគ្នា ហើយប៉ះពាល់ដល់ដំណើរការនៃការជិះកង់របស់សហភាពអឺរ៉ុប ទើបក្រុមអ្នកស្រីសម្រេចផ្អាកគម្រោងនេះ ដោយលើកទៅពេលក្រោយ និងមិនទាន់កំណត់ពេលវេលាជាថ្មីនោះទេ។
អ្នកស្រី មាស លក្ខិណា បានបង្ហាញការប្ដេជ្ញាចិត្ដថា ក្រុមអ្នកស្រី មិនបោះបង់ចោលការយកញត្ដិទៅដាក់នៅអង្គភាពប្រឆាំងអំពើរពុករលួយដើម្បីឲ្យបញ្ឈប់ការគាបសង្កត់ ធ្វើទុក្ខបុកម្នេញលើសកម្មជនសិទ្ធិមនុស្ស មន្ដ្រីអង្គការសង្គមស៊ីវិល តាមរយៈការចោទប្រកាន់ផ្សេងៗ នោះទេ ៕