ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានចេញលិខិតជាថ្មីម្តងទៀត នៅថ្ងៃទី ០៣ ខែឧសភា ដោយឱ្យក្រុមហ៊ុន Naga World ធ្វើការកែសម្រួលប្លង់ស្ថាបត្យកម្មនៃគម្រោងផ្លូវក្រោមដី ខណៈដែលក្រុមហ៊ុនមួយនេះបានកែសម្រួលចំណុចមួយចំនួន ប៉ុន្តែមិនទាន់សមស្របទៅនឹងខ្លឹមសារ របស់អាជ្ញាធរ។ សាលារាជធានីភ្នំពេញតម្រូវឱ្យក្រុមហ៊ុន Naga World ធ្វើការកែសម្រួលចំណុចមួយចំនួនទៀតឱ្យសមស្របទៅតាមសារាចរណែនាំ។
បន្ទាប់ពី លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំកក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យ ការដ្ឋានសាងសង់អគារ Naga World ដែលបានសង់រំលោភលើផ្លូវសាធារណៈ កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០១៥ ។
ភ្លាមៗ នោះសាលារាជធានីភ្នំពេញបានចេញលិខិតមួយតម្រូវឱ្យក្រុមហ៊ុន Naga World ត្រូវរុះរើសំណង់គ្រោងដែកយ៉ាបដំបូលគម្របការពារទឹកភ្លៀងដែលសង់លយចេញមកលើលំហសាធារណៈ ធ្វើការកែតម្រូវចិញ្ចើមផ្លូវស្ថិតនៅមុខអគារណាហ្កាវើល និងត្រូវប្រើប្រាស់ចិញ្ចើញផ្លូវនៅមុខណាហ្កាវើលដ៍សម្រាប់ជាប្រយោជន៍សាធារណៈ ចៀសវាងការប្រើប្រាស់ខុសគោលដៅ ដូចជាការដាក់ដងទង់ជាតិលើចិញ្ចើមផ្លូវជាដើម។
នាយករដ្ឋបាលសាលារាជធានីភ្នំពេញលោក មាន ចន្ទ័ដារា បាននិយាយថា បន្ទាប់ពីអភិបាលរាជធានីភ្នំពេញបានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យការដ្ឋានអគារ Naga World និងបានបញ្ជាឲ្យពន្លឿនការរុះរើសំណង់នោះ ក្រុមហ៊ុន Naga World ក៏បានធ្វើការរុះរើនៅរសៀលថ្ងៃអង្គារ ។
ទោះជាយ៉ាងណា នាយករដ្ឋបាលសាលារាជធានីភ្នំពេញរូបនេះមិនធានាថា នៅថ្ងៃខាងមុខក្រុមហ៊ុននេះ នឹងមិនមានការសាងសង់សំណង់ខុសទៀតនោះទេ ប៉ុន្តែលោកថា ប្រសិនបើក្រុមហ៊ុននៅតែបំពានសាងសង់ទៀត សាលារាជធានីភ្នំពេញនឹងចាត់វិធានការទប់ស្កាត់ភ្លាម។
ទាក់ទងនឹងបញ្ហានេះ នាយកប្រតិបត្តិសម្ព័នគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានទទូចទៅដល់ក្រសួងដែលពាក់ព័ន្ទ រួមទាំងក្រុមហ៊ុន Naga World ត្រូវពិនិត្យមើលប្លង់ដែលអនុញ្ញាត ឬក៏ប្លង់ដែលស្នើរសុំសាងសង់នោះជាមុន ហើយបើមានការសាងសង់រំលោភទៅនឹងប្លង់ ដែលខ្លួនបានស្នើ លោកសាទរឲ្យមានការបំផ្លាញចោលនូវរាល់សំណង់ដែលមិនបានអនុញ្ញាតដោយរដ្ឋ។
សូមរំលឹកថា ពាក់ព័ន្ធនឹងសំណង់របស់ក្រុមហ៊ុន Naga Worldនេះ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរនិងក្រសួងពាក់ព័ន្ធ ចាត់វិធានការកែលម្អរជាបន្ទាន់លើសំណង់អគារ ដែលបានធ្វើលយលើផ្លូវសាធារណៈ នាំឱ្យប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ៕