en     km
en     km

មនុស្ស​ប្រមាណ​ជាង​ ៤០០០​ នាក់​ ជិះ​កង់​ដើម្បី​លើកកម្ពស់​ការ​យល់​ពី​បរិស្ថាន​

Share

​ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ទី​ ០៧​ ខែឧសភា​  សហភាព​អឺរ៉ុប​បាន​រៀបចំ​កម្មវិធី​ជិះ​កង់​ក្នុង​រាជធានី​។​ កម្មវិធី​នេះ​ ធ្វើ​​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​បរិស្ថាន​ ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ និង​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​និង​ភព​ផែនដី​ទាំងមូល​។​ កម្មវិធី​នេះ​ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងច្រើ​ន​​ពី​យុវជន​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​។​

EU-Day-Enviroment-WMC
កម្មវិធី​ជិះ​កង់​កំ​សា​ន្ត​ក្នុង​ទីក្រុង​ភ្នំពេញ​ស​ម្តៅ​បង្កើន​ការ​យល់​ដឹង​អំពី​បរិស្ថាន​ ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ និង​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​និង​ភព​ផែនដី​ទាំងមូល​ រៀបចំដោយសហភាពអ៊ឺរ៉ុប ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៦

កម្មវិធី​ជិះ​កង់​ក្រោម​ប្រធានបទ​«​រួម​គ្នា​ដើម្បី​ផែនដី​»​ រៀបចំ​ដោយ​សហភាព​អឺរ៉ុប​ សហការ​ជាមួយ​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​សាលា​រាជធានី​ភ្នំពេញ​។​ កម្មវិធី​នេះ​មាន​អ្នកចូលរួម​ប្រមាណ​ជាង ​៤ពាន់​នាក់​ ដែល​រួម​មាន​ភ្ញៀវ​ជាតិ​ អន្តរជាតិ​ មន្ត្រី​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ និង​សិស្ស​និស្សិត​មក​ពី​សាកលវិទ្យាល័យ​នានា​ក្នុង​ក្រុងភ្នំពេញ​។​

​លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​ថ្លែង​ថា​ កម្មវិធី​ជិះ​កង់​នៅ​ថ្ងៃនេះ​រៀបចំ​ឡើង​គឺ​ដើម្បី​បង្ហាញ​ពី​វត្តមាន​សហភាព​អឺរ៉ុប​នៅ​ប្រទេស​កម្ពុជា​ និង​បង្ហាញ​ពី​ការ​យក​ដាក់​ទុកដាក់​ចំពោះ​បរិ​សា្ថ​ន​។​

ឯក​រដ្ឋ​ទូត​រូប​នេះ​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ ការ​ជិះ​កង់​ គឺជា​ធ​ម្យោ​បាយ​ធ្វើ​ដំណើរ​ដ៏​ល្អ​ គ្មាន​ផ្សែង​ នឹង​ជួយ​ដល់​បរិស្ថាន​។​ លោក​បន្ត​ថា​ បំរែបំរួល​អាកាសធាតុ​ គឺជា​បញ្ហា​ដ៏​ធំ​មួយ​ និង​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រជាជន​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​វា​នឹង​កាន់តែ​អាក្រក់​ បើ​មិន​ធ្វើ​អ្វី​ដើម្បី​ទប់ទល់​នោះ​។​

​ចំណែក​ កញ្ញា​ តៃ​ លី​ដា​ អនុប្រធាន​គណៈកម្មការ​ស្ត្រី​និង​កីឡា​ ដែល​ជា​ដៃគូ​សហការ​ជាមួយ​សហភាព​អឺរ៉ុប​ បាន​ឱ្យ​ដឹង​ថា​ កញ្ញា​ បាន​គៀងគរ​អ្នកចូលរួម​ជិត​មួយ​ពាន់​នាក់​ដើម្បី​ចូលរួម​ជិះ​កង់​នៅ​ថ្ងៃនេះ​។​ កញ្ញា​បានឱ្យ​ដឹង​ថា​ ការ​ជិះ​កង់​ពិតជា​មាន​សារៈ​ប្រយោជន៍​ទាំង​ចំពោះ​សុខភាព​និង​បរិ​សា្ថ​ន​។​ ប្រសិនបើ​ប្រជាពលរដ្ឋ​ប្តូរ​ពី​ការ​ជិះ​យាន្ត​ ហើយ​មក​ជិះ​កង់​ដើម្បី​ទៅ​ធ្វើការ​រាល់ថ្ងៃ​វិញ​នោះ​នឹង​អាច​កាត់​បន្ថយ​ឧស្ម័ន​ពុល​ក្នុង​បរិស្ថាន​បាន​ទៀត​ផង​។​

លោក​ សុខ​ បូ​នី​ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា​ ចាប់តាំងពី​មានការ​បង្កើត​កម្មវិធី​ជិះ​កង់​ពី​ឆ្នាំ​ ២០១៣​ មក​ លោក​តែងតែ​ចូលរួម​ជា​រៀង​រាល់​ឆ្នាំ​។​ មូលហេតុ​ដែល​លោក​ចង់​ចូលរួម​កម្មវិធី​នេះ​ ដោយសារ​ចង់​រួមចំណែក​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​។​ លោក​និយាយ​បន្ត​ថា​ ការ​ជិះ​កង់​ជា​សកម្មភាព​មួយ​ដែល​ជួយ​​លើកកម្ពស់​បរិស្ថាន​ និង​ជំរុញ​ឱ្យ​អ្នក​ដទៃ​ទៀត​គិតគូរ​បញ្ហា​បរិស្ថាន​។​ លើស​ពី​នេះ​ទៀត​ លោក​សង្កេត​ឃើ​ញ​​ថា​ កម្មវិធី​ជិះ​កង់​នេះ​ មាន​អ្នកចូលរួម​កើន​ឡើងជា​រាល់​ឆ្នាំ​ ដែល​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​នាំ​គ្នា​ស្រលាញ់​បរិ​ស្ថា​ន​។​

​ចំណែក​កញ្ញា​ ស៊ី​ញ​ ស្រី​ពេជ្រ​ និស្សិត​ឆ្នាំ​ទី​៤​ នៃ​សាកល​វិទ្យា​ភូមិន្ទ​កសិកម្ម​ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ​ បាន​ឱ្យ​​ដឹង​ថា​ នេះ​ជា​លើក​ទី​២​ ហើយ​ដែល​កញ្ញា​បាន​មក​ចូលរួម​កម្មវិធី​ជិះ​កង់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ​។

ជាមួយនឹង​អារម្មណ៍​រំភើប​រីករាយ​ និស្សិត​ផ្នែក​កសិកម្ម​រូប​នេះ​ បាន​និយាយ​ថា​ សកម្មភាព​ជិះ​កង់​នៅ​ថ្ងៃនេះ​ បាន​បង្ហា​ញ​​​ឱ្យ​​​ប្រជា​​ពល​​រដ្ឋ​​ទាំង​​អស់​​ មិន​​​ថា​​​​នៅ​​ទីក្រុង​​ភ្នំពេញ​​ និង​​តាម​​បណ្តា​​ខេត្ត​នោះ​​ទេ​ ឱ្យ​​ពួក​​គាត់​​បាន​​យល់​​ថា​ ការ​​​ជិះ​​​កង់​​ជិះ​​កង់​​ ពិតជា​​មាន​​សារៈសំខាន់​សម្រាប់​បរិស្ថាន​ និង​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​ភព​ផែនដី​។​ កញ្ញា​បន្ត​ថា​ ភព​ផែនដី​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ ដូចនេះ​ អ្នក​ដែល​រស់នៅ​លើ​ភព​ផែនដី​ទាំងអស់​គួរតែ​នាំ​គ្នា​ចូលរួម​ថែ​រក្ស​ទាំងអស់​គ្នា​។​

សូម​ជម្រាប​ថា​ កម្មវិធី​ជិះ​កង់​នៅ​ថ្ងៃនេះ​ ចាប់ពី​ម៉ោង​៦​ព្រឹក​ ដោយ​ចេញដំណើរ​ពី​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ទៅ​តាម​ដង់​វិ​ថី​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​ដោយ​ឆ្លងកាត់​តាម​ស្ថានទូត​នានា​ ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​៕

Share

Image
Image
Image