ភ្នំពេញ៖ បន្ទាប់ពីកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ សារភាពថាខ្លួនពិតជាបាននិយាយឆ្លើយឆ្លងតាមទូរស័ព្ទជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងបានសរសេរកលិខិតចំហចំនួនបួនទំព័រដោយចោទប្រកាន់លើសង្គមស៊ីវិល និងសកម្មជនបក្សប្រឆាំងថា បានបង្គាប់ឱ្យនាងនិយាយកុហកប្រាប់សមត្ថកិច្ចរួចមក អង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការក៏បានចាត់ការលើអ្នកទាំងនោះ។
ការណ៍នេះ នាំឱ្យមហាជនជាច្រើនឆេះកំហឹង តិះដៀលកញ្ញា ពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ពួកគេប្រើពាក្យពេចន៍ប្រមាថកញ្ញា។ តែយ៉ាងណាសង្គមស៊ីវិលដែលធ្វើការលើបញ្ហាស្ត្រី បានសម្តែងក្តីអាណិតអាសូរមកលើស្ត្រីរូបនេះ ។ អ្នកខ្លះថាស្រីមុំ ជាជនរងគ្រោះពីរដងក្នុងពេលតែមួយ ព្រោះម្ដងស្រីមុំនិយាយបែបនេះ ម្ដងស្រីមុំ និយាយផ្សេងពីនេះទៅវិញ។ គេថារកភាពពិតមិនឃើញ។ បែបនេះក្ដីរឿងរ៉ាវធ្លាក់ដល់តុលាការ ហើយជនសង្ស័យពាក់ព័ន្ធត្រូវបានចាប់ឃុំខ្លួនទៀតផង។
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ពាក្យជេរប្រមាថ អកុសល និងរូបភាពមិនគួរគប្បីជាច្រើន បានវាយប្រហារមកលើនារីក្មេងម្នាក់គឺកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលកំពុងជាប់ពាក់ព័ន្ធក្នុងរឿងរ៉ាវស្នេហាជាមួយបរុសម្នាក់ ដែលគេថាជាលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
ការប្រមាថទាំងនោះកើតមានជាបន្តបន្ទាប់ និងជាហូរហែរឥតដាច់ក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីកញ្ញាស្រីមុំ បានបកស្រាយចម្លើយថ្មីមួយទៀតទៅតុលាការ ផ្ទុយពីចម្លើយដែលស្រីមុំ បានប្រាប់សមាគមអាដហុកនៅថ្ងៃដែលនាងមកពឹងពាក់ឱ្យអង្គការមួយនេះឱ្យជួយអន្តរាគមន៍ទាក់ទងបណ្តឹងបរិហារកេរ្តិ៍របស់កញ្ញា ធី សុវណ្ណថា ។
កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៦ កញ្ញា ខុម ចាន់តារាទី បានមកសុំកិច្ចអន្តរាគមន៍ពីសមាគមអាដហុកឱ្យជួយរកយុត្តិធម៌ជូននាង ហើយជាមួយគ្នានេះ នាងបានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានមួយចំនួនថា ហ្វេសប៊ុករបស់នាងត្រូវបានគេលួចចូល (Hack) និងបានបដិសេធទាំងស្រុងនូវអ្វីដែលបណ្ដាញសារព័ត៌មានក្នុងស្រុកផ្សាយថា នាងមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា។
ប៉ុន្តែមកដល់ថ្ងៃទី ១៩ ខែមេសា ស្រីមុំ បានប្រាប់តុលាការក្រុងភ្នំពេញពីការពិតផ្សេងមួយទៀត ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌ជូននាង ។ នាងសារភាពទទួលស្គាល់ខ្សែអាត់សំឡេងនិយាយឆ្លើយឆ្លងជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមែន។ បញ្ហានេះនៅមិនប៉ុន្មានថ្ងៃនោះ គឺថ្ងៃទី ២៣ ខែមេសា ស្រីមុំ បានសរសេរលិខិតចំហផ្ទាល់ដៃចំនួនបួនទំព័រដោយបានអៈអាងថា នាងពិតជាមានស្នេហាជាមួយលោក កឹម សុខា ព្រោះលង់ជឿតាមការសន្យាផ្ដល់លុយ ផ្ដល់ផ្ទះ ។ ក្នុងលិខិតចំហនោះ នាងបានចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សមួយចំនួន ថាបានលួងលោមឲ្យនាងនិយាយកុហកអាជ្ញាធរ។
ការណ៍នេះ បានបើកផ្លូវឱ្យតុលាការ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយចាត់មកលើមន្ត្រីនៃសមាគមអាដហុកបួនរូប មន្ត្រី គ.ជ.ប មួយរូប និងសកម្មជនគណបក្សប្រឆាំង ជាពិសេសនោះគឺលោក កឹម សុខា ផ្ទាល់តែម្តង ដែលត្រូវតុលាការកោះហៅឱ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី ១១ ខែឧសភាខាងមុខនេះ។
ពិតណាស់ ចម្លើយសារភាពរបស់ស្រីមុំ ដែលប្រៀបបានទៅនិងវត្ថុផ្ងារប្រែជាផ្កាប់បែបនេះ បានដុតរោលដល់ស្រទាប់មហាជន ថ្កោលទោសនាងយ៉ាងខ្លាំងនៅតាមបណ្តេញសង្គមហ្វេសប៊ុក។ បើទោះបីបច្ចុនប្បន្ននេះស្រីមុំ កំពុងត្រូវបានមហាជនមួយចំនួនស្អប់ខ្ពើមយ៉ាងណាក៏ដោយ តែក៏នៅមានអ្នកពាក់ព័ន្ធមួយចំនួនក្នុងរឿងនេះ នៅតែសម្តែងក្តីអាសូរដល់ស្រីមុំ និងយល់ថាស្រីកំពុងរស់នៅក្នុងភាពភ័យខ្លាច ព្រោះនាងត្រូវបានគេមើលឃើញថា ជាយានមួយសម្រាប់អ្នកនយោបាយប្រើប្រាស់សម្រាប់ផ្តួលគូប្រជែងម្ខាងទៀតតែប៉ុណ្ណោះ។
ជាក់ស្តែងអ្នកស្រី ភាវ ម៉ី ភរិយាលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក ដែលកំពុងជាប់ឃុំខ្លួន ក្នុងរឿងសំនុំរឿងនេះ លើកឡើងថា អ្នកស្រីមិនមានការគុំគួនលើកញ្ញាស្រីមុំ អ្វីនោះទេ បើទោះបីជាមានការថ្កោលទោសស្រីមុំយ៉ាងណាក៏ដោយ។ អ្នកស្រីថា ខណៈនេះអ្នកស្រីគ្រាន់តែចង់បានភាពយុត្តិធម៌ឱ្យប្តីអ្នកស្រីវិញតែប៉ុណ្ណោះ ព្រោះអ្នកស្រីយល់ថាប្តីរបស់អ្នកស្រី ជាមន្ត្រីអង្គការមួយរូបដែលស្អាតស្អំ មិនអាចទៅប្រព្រឹត្តិទង្វើអ្វីដែលខុសឆ្គងនោះទេ។
កន្លងមកបណ្តេញអង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយស្ត្រី បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានថ្កោលទោសល្បិចកលនយោបាយរបស់អ្នកនយោបាយដែលបានទាញយកស្ត្រីជាឈ្នាន់សម្រាប់ប្រើប្រាស់ដើម្បីបំពេញគោលបំណង និងមហិច្ឆតាអំណាចរបស់ខ្លួន។ សេចក្តីថ្លែងការណ៍នោះ ក៏អំពាវនាវសុំចិត្តបក្សនយោបាយទាំងអស់ មិនត្រូវយកស្ត្រីធ្វើជាឧបករណ៍នយោបាយនោះទេ ព្រោះនាំឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរយ៉ាងធ្ងន់ធ្ងរ។
លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GADC សម្តែងការសោកស្តាយ នៅពេលដែលពលរដ្ឋបានស្តីជេរប្រមាថមកលើស្រីមុំ ដែលជាស្រី្តទន់ខ្សោយមួយរូប ស្របពេលដែលសង្គមកម្ពុជានៅសល់កម្អែលរើសអើងស្រី្តនៅឡើយនោះ។ តែអ្វីដែលលោកស្រីចង់សង្កត់ធ្ងរនោះ ក៏ព្រោះតែពលរដ្ឋមានទស្សនមិនល្អលើស្រីមុំ នៅមិនទាន់ដេញតាមសាច់រឿងនេះនៅឡើយ។
យ៉ាងណាក្តីរហូតមកដល់ពេលនេះ គេនៅតែមិនទាន់បានសម្តីបញ្ជាក់ពីការពិតចេញពីបបូរមាត់ស្រីមុំនៅឡើយនោះ ថាតើនាងពិតជាបានសារភាពរឿងនោះទេ គឺគេគ្រាន់តែដឹងចម្លើយរបស់ស្រីមុំ ពីអគ្គនាយកដ្ឋានប្រឆាំងចារកម្ម និងពីនៅតុលាការ ត្រូវបានផ្សព្វផ្សាយតាមរយៈលិខិតចំហ និងតាមរយៈការបញ្ជាក់ពីមន្ត្រីតុលាការ មន្ត្រីប៉ូលីស និងពីអង្គភាពប្រឆាំងអំពើពុករលួយតែប៉ុណ្ណោះ។
លោកស្រី រស់ សុភាព បញ្ជាក់ថា ដើម្បីចៀសវាងការសង្ស័យពីមហាជននិងការវាយប្រហារមកលើស្រីមុំដែលនាំឱ្យប៉ះពាល់តំលៃស្ត្រីនោះ ស្ថាប័នដែលពាក់ព័ន្ធជាពិសេសតុលាការ ត្រូវធ្វើការបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីឱ្យពលរដ្ឋអស់មន្ទិលសង្ស័យ ហើយក៏ផ្នែកជាមួយដើម្បីឱ្យតុលាការចៀសផុតពីការចោទប្រកាន់ថា តុលាការជាឧបករណ៍របស់បក្សកាន់អំណាច។
រឿងរ៉ាវស្នេហាផ្ទាល់ខ្លួនមួយនេះ កំពុងក្លាយជារឿងធំនិងស្មុកស្មាញ ហើយរហូតដល់ឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ០៤ នាក់ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប។ ការខិតខំពង្រីករឿងអាស្រូវឯកជនធ្វើឲ្យស្ត្រីម្នាក់ គឺស្រីមុំ ខូចកិត្តិយសក្នុងក្រសែភ្នែកសាធារណជនជាច្រើន ៕