en     km
en     km

ស្រី​មុំ​ សិ្ថ​ត​ក្នុង​ក្រសែភ្នែក​ស្អប់​ផង​ និង​ អាណិត​ផង​ពី​ស្រទាប់​មហាជន​

Share

ភ្នំពេញ​៖​ បន្ទាប់​ពី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ សារភាព​ថា​ខ្លួន​ពិតជា​បាន​និយាយ​ឆ្លើយឆ្លង​តាម​ទូរ​ស័ព្ទ​ជា​មួយ​​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បាន​សរសេរ​ក​លិខិត​ចំហ​ចំនួន​បួន​ទំព័រ​ដោយ​ចោ​ទ​ប្រកាន់​លើ​សង្គម​ស៊ី​វិល​ និង​សកម្មជន​បក្ស​ប្រឆាំង​ថា​ បាន​បង្គាប់​ឱ្យ​នាង​និយាយ​កុហក​ប្រាប់​សមត្ថកិច្ច​រួច​មក​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​តុលាការ​ក៏​បាន​ចាត់ការ​លើ​អ្នក​ទាំងនោះ​។​

cover-Ms-Sreymom-(by-Keosokha)
កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ចូលខ្លួនឱ្យក្រសូងមហាផ្ទៃសាកសួរក្នុងពេលកន្លងទៅ​

ការណ៍​នេះ​ នាំ​ឱ្យ​មហាជន​ជា​ច្រើន​ឆេះ​កំហឹង​ តិះដៀល​កញ្ញា​ ពិសេស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ ពួក​គេ​ប្រើ​ពាក្យពេចន៍​ប្រមាថ​កញ្ញា​។​ តែ​យ៉ាងណា​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើ​បញ្ហា​ស្ត្រី​ បាន​សម្តែង​ក្តី​អាណិតអាសូរ​មក​លើ​ស្ត្រី​រូប​នេះ​ ។​ អ្នកខ្លះ​ថា​ស្រី​មុំ​ ជា​ជន​រង​គ្រោះ​ពីរ​ដង​ក្នុង​ពេល​តែ​មួយ​ ព្រោះ​ម្ដង​ស្រី​មុំ​និយាយ​បែប​នេះ​ ម្ដង​ស្រី​មុំ​ និយាយ​ផ្សេង​ពី​នេះ​ទៅ​វិញ​។​ គេ​ថា​រក​ភាព​ពិត​មិនឃើញ​។​ បែប​នេះ​ក្ដី​រឿងរ៉ាវ​ធ្លាក់​ដល់​តុលាការ​ ហើយ​ជនសង្ស័យ​ពាក់ព័ន្ធ​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ទៀត​ផង​។​

​មួយ​រយៈ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ថា​ ពាក្យ​ជេរ​ប្រមាថ​ អកុសល​ និង​រូបភាព​មិន​គួរ​គប្បី​ជា​ច្រើន​ បាន​វាយប្រហារ​មក​លើ​នារី​ក្មេង​ម្នាក់​គឺ​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងរ៉ាវ​ស្នេហា​ជាមួយ​បរុស​ម្នាក់​ ដែល​គេ​ថា​ជា​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ការ​ប្រមាថ​ទាំងនោះ​កើត​មាន​ជា​បន្តបន្ទាប់​ និង​ជា​ហូរហែរ​ឥត​ដាច់​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បន្ទាប់​ពី​កញ្ញា​ស្រី​មុំ​ បាន​បក​ស្រាយចម្លើយ​​​ថ្មី​មួយ​ទៀត​​ទៅ​​តុលា​ការ​ ផ្ទុយ​ពី​ចម្លើយ​ដែល​ស្រី​មុំ​ បាន​ប្រាប់​សមាគម​អា​ដ​ហុ​ក​នៅ​ថ្ងៃ​ដែល​នាង​មក​ពឹងពាក់​ឱ្យ​អង្គការ​មួយ​នេះ​ឱ្យ​ជួយ​អន្តរាគមន៍​ទាក់ទង​បណ្តឹង​បរិហារកេរ្តិ៍​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ។​

​កាលពី​ថ្ងៃ​ទី​ ០៩​ ខែមីនា​ ឆ្នាំ​ ២០១៦​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ បាន​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​សមាគម​អា​ដ​ហុ​ក​ឱ្យ​ជួយ​​រក​យុត្តិធម៌​ជូន​នាង​ ហើយ​ជាមួយ​គ្នា​នេះ​ នាង​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​សារព័ត៌មាន​មួយ​ចំនួន​ថា​  ហ្វេ​ស​ប៊ុ​ក​របស់​នាង​ត្រូវ​បាន​គេ​លួច​ចូល​ (Hack)​ និង​បាន​បដិសេធ​ទាំងស្រុង​នូវ​អ្វី​ដែល​បណ្ដាញសារព័ត៌មាន​ក្នុង​ស្រុក​​ផ្សាយ​ថា​ នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក​ កឹ​ម​ សុខា​។​

ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​ ១៩​ ខែមេសា​ ស្រី​មុំ​ បាន​ប្រាប់​តុលាការក្រុង​ភ្នំពេញ​ពី​ការ​ពិត​ផ្សេង​មួយទៀត​ ដើម្បី​ឲ្យ​តុលា​ការ​​ជួយ​រក​យុត្តិធម៌​ជូន​នាង​ ។​ នាង​សារភាព​ទទួលស្គាល់​ខ្សែអាត់​សំឡេង​និយាយ​ឆ្លើយឆ្លង​ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​មែន​។​ បញ្ហា​នេះ​នៅ​មិន​ប៉ុន្មាន​ថ្ងៃ​នោះ​ គឺ​ថ្ងៃ​ទី​ ២៣​ ខែមេសា​ ស្រី​មុំ​ បាន​សរសេរ​លិខិត​ចំហ​ផ្ទាល់​ដៃ​ចំនួន​បួន​ទំព័រ​ដោយ​បាន​អៈ​អាង​ថា​ នាង​ពិតជា​មាន​ស្នេហា​ជាមួយ​លោក​ កឹ​ម​ សុខា​ ព្រោះ​លង់​ជឿ​តាម​ការ​សន្យា​ផ្ដល់​លុយ​ ផ្ដល់​ផ្ទះ​ ។​ ក្នុង​លិខិត​ចំហ​នោះ​ នាង​បាន​ចោទប្រកាន់​មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ ថា​បាន​លួងលោម​ឲ្យ​នាង​និយាយ​កុហក​អាជ្ញាធរ​។​

ការណ៍​នេះ​ បាន​បើកផ្លូវ​ឱ្យ​តុលាការ​ ក៏​ដូច​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាត់​មក​លើ​មន្ត្រី​នៃ​សមាគម​អា​ដ​ហុ​កបួន​រូប​ មន្ត្រី​ គ​.​ជ​.​ប​ មួយ​រូប​ និង​សកម្មជន​គណបក្សប្រឆាំង​ ជា​ពិសេស​នោះ​គឺ​លោក​ កឹ​ម​ សុខា​ ផ្ទាល់​តែ​ម្តង​ ដែល​ត្រូវ​តុលាការ​កោះហៅ​ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ១១​ ខែឧសភា​ខាង​មុខ​នេះ​។​

​ពិត​ណាស់​ ចម្លើយ​សារភាព​របស់​ស្រី​មុំ​ ដែល​ប្រៀប​បាន​ទៅ​និង​វត្ថុ​ផ្ងារ​ប្រែជា​ផ្កាប់​បែប​នេះ​ បាន​ដុត​រោល​ដល់​ស្រ​​ទាប់​មហាជន​ ថ្កោលទោស​នាង​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ បើ​ទោះបី​ប​ច្ចុន​ប្បន្ន​នេះ​ស្រី​មុំ​ កំពុង​ត្រូវ​បាន​មហាជន​មួយ​ចំនួន​ស្អប់ខ្ពើម​យ៉ាងណា​ក៏​ដោយ​ តែ​ក៏​នៅ​មាន​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ក្នុង​រឿង​នេះ​ នៅ​​តែ​សម្តែង​ក្តី​អាសូរ​ដល់​ស្រី​មុំ​ និង​យល់​ថា​ស្រី​កំពុង​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ ព្រោះ​នាង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​យាន​មួយ​សម្រាប់​អ្នកនយោបាយ​ប្រើប្រាស់​សម្រាប់​ផ្តួល​គូប្រជែង​ម្ខាង​ទៀត​តែ​ប៉ុណ្ណោះ​។

ជាក់ស្តែង​អ្នកស្រី​ ភាវ​ ម៉ី​ ភរិយា​លោក​ ណៃ​ វ៉ង​ដា​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អា​ដ​ហុ​ក​ ដែល​កំពុង​ជាប់​ឃុំខ្លួន​ ក្នុង​រឿង​សំនុំរឿង​នេះ​ លើក​ឡើង​ថា​ អ្នកស្រី​មិន​មានការ​គុំ​គួ​ន​លើ​កញ្ញា​ស្រី​មុំ​ អ្វី​នោះ​ទេ​ បើ​ទោះបីជា​មានការ​ថ្កោលទោស​ស្រី​មុំ​យ៉ាងណា​ក៏​ដោយ​។​ អ្នកស្រី​ថា​ ខណៈ​នេះ​អ្នកស្រី​គ្រាន់តែ​ចង់បាន​ភាព​យុត្តិធម៌​ឱ្យ​ប្តី​អ្នកស្រី​វិញ​តែ​ប៉ុណ្ណោះ​ ព្រោះ​អ្នកស្រី​យល់​ថា​ប្តី​របស់​អ្នកស្រី​ ជា​មន្ត្រី​អង្គការ​មួយ​រូប​ដែល​ស្អាតស្អំ​ មិន​អាច​ទៅ​ប្រព្រឹត្តិ​ទ​ង្វើ​អ្វី​ដែល​ខុសឆ្គង​នោះ​ទេ​។​

​កន្លង​មក​បណ្តេញ​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើក​ស្ទួយ​ស្ត្រី​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដោយ​បាន​​ថ្កោលទោស​ល្បិច​កល​នយោបាយ​របស់​អ្នកនយោបាយ​ដែល​បាន​ទាញ​យក​ស្ត្រី​ជា​ឈ្នាន់​សម្រាប់​ប្រើប្រាស់​ដើម្បី​បំពេញ​គោលបំណង​ និង​មហិច្ឆតា​អំណាច​របស់​ខ្លួន​។​ សេចក្តីថ្លែងការណ៍​នោះ​ ក៏​អំពាវនាវ​សុំ​ចិត្ត​បក្សន​យោ​បាយ​ទាំងអស់​ មិន​ត្រូវ​យក​ស្ត្រី​ធ្វើ​ជា​ឧបករណ៍​នយោបាយ​នោះ​ទេ​ ព្រោះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ​។​

លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GADC​ សម្តែង​ការ​សោក​ស្តាយ​ នៅ​ពេល​ដែល​ពលរដ្ឋ​បាន​ស្តីជេរ​ប្រមាថ​មក​លើ​ស្រី​មុំ​ ដែល​ជា​ស្រី្ត​ទន់ខ្សោយ​មួយ​រូប​ ស្រប​ពេល​ដែល​សង្គម​​កម្ពុជា​នៅ​សល់​កម្អែល​រើសអើង​ស្រី្ត​នៅឡើយ​នោះ​។​ តែ​អ្វី​ដែល​លោកស្រី​ចង់​សង្កត់​ធ្ង​រ​នោះ​ ក៏​ព្រោះតែ​ពលរដ្ឋ​មាន​ទស្សន​មិនល្អ​លើ​ស្រី​មុំ​ នៅ​មិន​ទាន់​ដេញ​តាម​សាច់​រឿង​នេះ​នៅឡើយ​។​

​យ៉ាងណា​ក្តី​រហូត​មក​ដល់​ពេល​នេះ​ គេ​នៅ​តែ​មិន​ទាន់​បាន​សម្តី​បញ្ជាក់​ពី​ការ​ពិត​ចេញពី​បបូរមាត់​ស្រី​មុំ​នៅឡើយ​នោះ​ ថា​តើ​នាង​ពិតជា​បាន​សារភាព​រឿង​នោះ​ទេ​ គឺ​គេ​គ្រាន់តែ​ដឹង​ចម្លើយ​របស់​ស្រី​មុំ​ ពី​អគ្គនាយកដ្ឋាន​ប្រឆាំង​ចា​រ​កម្ម​ និង​ពី​នៅ​តុលាការ​ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​រយៈ​លិខិត​ចំហ​ និង​តាម​រយៈ​ការ​បញ្ជាក់​ពី​មន្ត្រី​តុលាការ​ មន្ត្រី​ប៉ូ​លី​ស​ និង​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តែ​ប៉ុណ្ណោះ​។​

លោកស្រី​ រស់​ សុភាព​ បញ្ជាក់​ថា​ ដើម្បី​ចៀសវាង​ការ​សង្ស័យ​ពី​មហាជន​និងការ​វាយប្រហារ​មក​លើ​ស្រី​មុំ​ដែល​នាំ​ឱ្យ​ប៉ះពាល់​តំលៃ​ស្ត្រី​នោះ​ ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ជា​ពិសេស​តុលាការ​ ត្រូវ​ធ្វើការ​បកស្រាយ​ឱ្យ​បា​ន​​ច្បាស់​លា​ស់​ ដើម្បី​ឱ្យ​ពលរដ្ឋ​អស់​មន្ទិល​សង្ស័យ​ ហើយ​ក៏​ផ្នែក​ជាមួយ​ដើម្បី​ឱ្យ​តុលាការ​ចៀស​ផុត​ពី​ការ​ចោ​ទ​ប្រកាន់​ថា​ តុលាការ​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច​។​

រឿងរ៉ាវ​ស្នេហា​ផ្ទាល់ខ្លួន​មួយ​នេះ​ កំពុង​ក្លាយជា​រឿង​ធំ​និង​ស្មុ​ក​ស្មាញ​ ហើយ​រហូត​ដល់​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុ​ស្ស​ ០៤​ នាក់​ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប​។​ ការ​ខិតខំ​ពង្រីក​រឿងអាស្រូវ​ឯកជន​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ គឺ​ស្រី​មុំ​ ខូច​កិត្តិយស​ក្នុង​ក្រសែភ្នែក​សាធារណជន​ជា​ច្រើន​ ៕​

Share

Image
Image
Image