ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជាបានសរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃ សៅរ៍ ទី០៧ឧសភា នេះថា គេហទំព័ររបស់លោក ដែលមានអាស័យដ្ឋាន www.samdechhunsen.gov.kh ត្រូវបានក្រុម Hacker លួចចូលទៅប្តូររូបភាព និងធ្វើឱបាត់បង់ទិន្នន័យសំខាន់ៗមួយចំនួនធំ ។ សម្តេច ហ៊ុន សែន បានអះអាងថា អ្នកលួចចូលទំព័រ ចូលគេហទំព័រផ្លូវការរបស់លោក ដែលមានអាស័យដ្ឋាន www.samdechhunsen.gov.kh គឺជាទង្វើរបស់ក្រុមគណបក្សប្រឆាំង ។
សម្ដេច ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុកផ្លូវការបស់លោកទៀតថា នៅវេលាម៉ោង ៤ ទៀបភ្លឺគេហទំព័ររបស់លោកត្រូវបានក្រុម Hacker ចូលទៅផ្លាស់ប្ដូររូបភាព និង ធ្វើឲ្យទិន្នន័យសំខាន់ៗមួយចំនួនធំត្រូវបាត់បង់ ។ នាយករដ្ឋមន្ដ្រីបានហៅការ Hacker គេហទំព័ររបស់លោកនាពេលនេះ ជាការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ និង បំផ្លាញដល់កិត្ដិយស សេចក្ដីថ្លៃថ្នូររបស់លោកក្នុងនាមជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអំពើរប្លន់ដែលជនល្មើសបានប្រព្រឹត្តិដោយចំហរមកលើគេហទំព័រផ្លូវការរបស់លោក ។
តាមរយៈទំព័រហ្វេសប៊ុកដដែលបានបន្ថែមដែរថា ក្រុមដែលលួចចូល Hacker គេហទំព័ររបស់សម្តេចនាយករដ្ឋមន្ត្រី បើទោះបីមានប្រភពមកពីណាក៏ដោយ គឺពួកគេទាំងនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាតិ និងអន្តរជាតិ ។ សម្ដេចបានបន្ថែមថា ក្រុមដែល Hacker នេះជាក្រុមរបស់បក្សប្រឆាំងដែលតែងតែព្យាយាមធ្វើគ្រប់យ៉ាងដើម្បីវាយប្រហារទៅលើសម្ដេច ហ៊ុន សែន ។
ឆ្លើយតបនឹងបញ្ហានេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ការចោទប្រកាន់របស់សម្តេចនាយករដ្ឋមន្ត្រីនេះ សំដៅទៅលើគណបក្សប្រឆាំង តែមិនចំពោះតែគណបក្សសង្គ្រោះជាតិមួយនោះទេ ។ លោក យឹម សុវណ្ណ អះអាងថា ចំពោះគណបក្សសង្គ្រោះជាតិ មិនធ្វើអំពើខុសច្បាប់បែបនេះឡើយ ។ លោកបញ្ជាក់ទៀតថា គណបក្សសង្គ្រោះជាតិ មិនបានពាក់ព័ន្ធនឹងបញ្ហានេះទេ ។
«បើតាមខ្ញុំមើលទៅ គឺមិនបានសំដៅទៅលើគណបក្សណាមួយនោះទេ ហើយគណបក្សសង្គ្រោះជាតិក៏មិនទៅធ្វើអ្វីដែលខុសច្បាប់បែបនោះទេ ហើយមិនគាំទ្រទេ ថែមទាំងថ្កោលទោសអ្នកដែលធ្វើនោះទៀត» ។
យោងតាមទំព័រហ្វេសប៊ុក សម្តេចនាយករដ្ឋមន្ត្រី នៅពេលនេះ ក្រុមជំនាញស្រាវជ្រាវឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ( IT Crimes) របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងស្រាវជ្រាវរកប្រភពជនល្មើស HACKER យកមកផ្តន្ទារទោសតាមច្បាប់ជាធរមាន ៕