en     km
en     km

ក្រសួង​រៀបចំ​ដែនដី​ ៖​ វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង​

Share

ភ្នំពេញ ៖ ​បច្ចុប្បន្ន​នេះ​ វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើន​ទ្បើ​ង​គួរ​ឱ្យ​កត់សម្គាល់​ ។​ វិស័យ​សំណង់​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​រស់នៅ​ក្នុង​ទីក្រុង​ ។​ នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​ លោក​ ប៉ែន​ សុផល​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ នៅ​ក្នុង​វេទិកា​សំណង់​ស្តី​ពី​ «​សុខុមាលភាព​ និង​សុវត្ថិភាព​ក្នុង​ការដ្ឋាន​សំណង់​»​ នៅ​សណ្ឋាគារ​ Sofitel​ Phnom​ Penh​ Phokeethra​ ព្រឹក​ថ្ងៃ​ទី​ ០៦​ ខែ​ ឧសភា​ ឆ្នាំ​២០១៦​នេះ​ ។​ ​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

 

Ministry-Dendey-pre
រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ លោក​ ប៉ែន​ សុផល​

​រយៈពេល​៣​ខែ​ចុង​ក្រោយ​នេះ​ វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​កើន​ទ្បើ​ង​ រហូត​ដល់​ ២៥៧%​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ ក្នុង​ឆ្នាំ​២០១៥​ ។​ កំណើន​នៃ​វិស័យ​សំណង់​នេះ​បាន​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន​។​ នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ លោក​ ប៉ែន​ សុផល​ ។​

​លោក​ ប៉ែន​ សុផល​ មាន​ប្រសាសន៍​ថា​ ការ​កើន​ទ្បើ​ង​នៃ​វិស័យ​សំណង់​ គឺជា​រឿង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ ។​ លោក​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​កំណើន​ប្រពល​រដ្ឋ​ដែល​រស់នៅ​ទីក្រុង​នឹង​កាន់តែ​មានការ​កើន​ទ្បើ​ង​ផង​ដែរ​ ស្រប​ពេល​ដែល​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុង​មាន​សន្ទុះ​កើន​ទ្បើ​ង​ ។​

​សូម​ស្តាប់​ប្រសាសន៍​របស់​លោក​ ប៉ែន​ សុផល​ «​ការ​ព្យាករណ៍​ដោយ​ក្រសួងផែនការ​វិទ្យាស្ថាន​ស្ថិតិ​ និង​ការ​សិក្សា​របស់​ក្រសួង​រៀបចំ​ដែនដី​ នៅ​ក្នុង​ឆ្នាំ​២០១៤​ប្រជាជន​រស់នៅ​ទីក្រុង​គឺ​មាន​តែ​ ៤​ លាន​កន្លះ​ទេ​ ប៉ុន្តែ​ដល់​ឆ្នាំ​២០៣០​ប្រជាជន​ក្នុង​ទីក្រុង​នឹង​កើន​ទៅ​ដល់​ ៧,៩២​លាន​នាក់​ដែល​គិត​ទៅ​ប្រហែល​ជិត​៤​លាន​នាក់​ដែល​កើន​ដូច្នេះ​តំរូវការ​លំនៅ​ឋាន​យើង​ត្រូវការ​ច្រើន​»​ ។​

​ទាក់ទង​នឹង​វិស័យ​សំណង់​នេះ​ដែរ​ ប្រធាន​ស្តីទី​សមាគម​អ្នក​សាងសង់​កម្ពុជា​ លោក​ ឆា​រស៍​ វ៉ា​ន់​ មាន​ប្រសាសន៍​ថា​ វិស័យ​សំណង់​ដែល​មានការ​កើន​ទ្បើ​ង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ សបញ្ជាក់​ឱ្យ​ឃើញ​ថា​ សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មានការ​រីក​ចំរើន​ផង​ដែរ​ ។​ ដោយ​លោក​បញ្ជាក់​ថាបើ​ប្រទេស​ណា​មាន​វិស័យ​សំណង់​កើន​ទ្បើ​ង​នោះ​មាន​ន័យ​ថា​ ប្រទេស​នោះ​ក៏​មាន​កំណើនសេដ្ឋកិច្ច​ល្អ​ប្រសើរ​ដែរ​ «​យើង​យល់​ឃើញ​ថា​ប្រសិនជា​ នៅ​ក្នុង​ប្រទេស​នីមួយៗ​យើង​មើល​នៅ​ក្នុង​សេដ្ឋកិច្ច​កំណើន​ពេល​ណា​ប្រសិនជា​ថា​នៅ​ក្នុង​សំណង់​ដែល​មាន​កើន​មាន​ន័យ​ថា​ សេដ្ឋកិច្ច​ប្រទេស​ហ្នឹង​គឺ​មានការ​រីក​ចម្រើន​ មាន​ន័យ​ថា​អ្នក​វិនិយោគ​គិ​ន​ហ្នឹង​គឺ​គាត់​មានការ​ទុកចិត្ត​យ៉ាងច្រើន​បាន​គាត់​យក​ដើមទុន​ហ្នឹង​មក​វិនិយោគ​នៅ​កម្ពុជា​…»​ ។​

​ជុំវិញ​នឹង​ការ​កើន​ទ្បើ​ង​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ធ្លាប់​បាន​ព្រមាន​ទៅ​លើ​ម្ចាស់​សំណង់​ វិស្វករ​ អ្នក​គូស​ប្លង់​អគារ​ទាំងអស់​ថា​ ប្រសិនបើ​ មិន​គោរព​ទៅ​តាម​បទដ្ឋាន​គតិ​យុ​ត្តនៃ​ការ​សាងសង់​ និង​ច្បាប់​សាងសង់​ត្រឹមត្រូវ​ទេ​នោះ​ ក្រសួង​នឹង​ចាត់វិធានការ​ណ៍​ទៅ​តាម​បញត្តិ​នៃ​ច្បាប់​ដែល​បាន​ចែង​ ។​

​យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្ហាញ​ថា​ បច្ចុប្បន្ន​នេះ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ចាប់ពី​ឆ្នាំ​២០១១​ រហូត​ដល់​ ឆ្នាំ​២០១៤​ មាន​អ្នក​វិនិយោគ​ក្នុងស្រុក​ និង​ក្រៅប្រទេស​ដែល​បាន​បោះទុន​រួម​គ្នា​វិនិយោគ​លើ​វិស័យ​សំណង់​ជា​មធ្យម​ចំនួន​ ២,​ ៧៧៣​ លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​គិត​ត្រឹម​ឆ្នាំ​២០១៥​ ទុន​វិនិយោគ​សរុប​មាន​រហូត​ដល់​ ២,​ ៩៣៦​ លាន​ដុល្លារ​អា​មេ​រិ​ក​ ៕

Share

ព័ត៌មានទាក់ទង

Image