en     km
en     km

លោក​ សុខ​ ឥ​សាន ​៖​ នឹង​ប្តឹង​បុគ្គល​ផ្សេង​ទៀត​បើ​ហ៊ាន​បរិហារកេរ្តិ៍​ CPP

Share

ភ្នំពេញ៖ ​លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ ក្រោយ​ផ្ត​ល់​​សក្ខីកម្ម​នៅ​តុលាការក្រុង​ភ្នំពេញ​ ទាក់ទង​បណ្ដឹង​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​លោក​ អ៊ូ​ វី​រៈ​ អ្នក​វិភា​គ​​​​បញ្ហា​សង្គម​ នៅ​ថ្ងៃ​ទី ០​៦​ ឧសភា​នេះ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​បន្ត​ប្ដឹង​លើ​ជន​ណា​ ដែល​ហ៊ា​ន​​និ​យាយ​ប៉ះពាល់​កិ​តិ្ត​យ​ស​ សេចក្តី​ថ្លៃថ្នូរ​លើ​​គណ​បក្ស​​ប្រជាជន​​។​ ​ចំពោះ​​អ្នកវិភាគ​វិញ​យល់​ថា​ សារ​ព្រ​មា​ន​របស់​បក្ស​កាន់​អំណាច​ពេល​នេះ​ រឹតតែ​បង្ហា​ញ​​ថា​ ការ​វិភាគ​របស់​អ្នកវិភាគ​គឺ​ត្រឹមត្រូវ​ ទើប​បណ្តាល​ឱ្យ​មាន​ប្រតិកម្ម​តប​វិញ​ពី​បក្ស​កាន់​អំណាច​ដើម្បី​លាក់បាំង​ពី​ចំណុចខ្សោយ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។​

SOK-EYSAN-CPP-BY-WMC
លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា ផ្តល់សម្ភាសន៍ដល់​អ្នក​សារព័ត៌មាន​ ក្រោយ​ផ្ត​ល់​​សក្ខីកម្ម​នៅ​តុលាការក្រុង​ភ្នំពេញ​ ទាក់ទង​បណ្ដឹង​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​លោក​ អ៊ូ​ វី​រៈ​ អ្នក​វិភា​គ​​​​បញ្ហា​សង្គម​ នៅ​ថ្ងៃ​ទី ០​៦​ ឧសភា​នេះ​

នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌​មាននៅ​ខាងក្រៅ​តុលាការ​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​  អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ ពន្យល់​ថា​ការ​ប្តឹង​លោក​ អ៊ូ​ វី​រៈ​ អ្នកវិភាគ​ឯករាជ្យ​ពេល​នេះ​ គឺ​គណបក្ស​ប្រជាជន​មាន​ភស្តុ​តាង​ច្បាស់លាស់​ ព្រោះ​លោក​ អ៊ូ​ វី​រៈ​ បាន​បរិហារកេរ្តិ៍​តាម​រយៈ​វិទ្យុ​អាស៊ី​សេរី​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​នៅ​ពីក្រោយ​ក្នុង​រឿងអាស្រូវ​ស្នេហា​របស់​លោក​ កឹ​ម​   សុខា​ និង​កញ្ញា​ស្រី​មុំ​។​

​លោក​ សុខ​ ឥ​សាន​៖​ «ឱ្យ​តែ​មាន​ភស្តុ​តាង​អ្វី​ដែល​ជា​ការ​ប៉ះពាល់​ដល់​កិត្តិ​យល​សេចក្តី​ថ្លៃថ្នូរ​ និង​ប្រជាប្រិយភាព​របស់​គណបក្ស​ ហើយ​មាន​ភស្តុ​តាង​ច្បាស់លាស់​ យើង​ដាក់​ពាក្យ​ប្តឹង​ទៀត​ អត់​មាន​កំណត់​ថា​ចំនួន​ប៉ុន្មាន​ ឬ​ជន​ណា​ទេ​»។​

​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កាលពី​ថ្ងៃ​ទី​ ២៤​ មេ​សា​ លោក ​អូ ​វី​រៈ​ មាន​ប្រសាសន៍​ថា​ ជា​នយោបាយ​បក្ស​កាន់​អំណាច​ គាបសង្កត់​លោក ​កឹ​ម​ សុខា​ និង​ហិរញ្ញវត្ថុ​របស់​លោក​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ស្នេហា​អាស្រូវ​ជាមួយ​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី ​ហៅ​ស្រី​មុំ ​ដែលចំណុច​នេះ​ គណបក្សកាន់អំណាច​ថា​ បរិហារ​កេ​រ្ត៍​លើ​ខ្លួន​។​ ករណី​នេះ​ លោក ​អូ ​វី​រៈ ​ត្រូវ​បាន​តុលាការ​កោះហៅ​ចូលខ្លួន​នៅ​ថ្ងៃ​ទី ១២​ ឧសភា​ ។​

​លោក​ អ៊ូ​ វី​រៈ​ ប្រធាន​អង្គការ​វេទិកា​អនាគត​និង​ជា​វិភាគ​ស្ថានការណ៍​នយោបាយ​ ដែល​កំពុង​រង​ការ​ចោទប្រកាន់​ពី​គណបក្សកាន់អំណាច​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ គណបក្ស​ប្រជាជន​អាច​យល់​ច្រឡំ​ ឬ​ស្តាប់​ច្រឡំ​ពី​អត្ថ​ន័យ​ដែល​លោក​បាន​វិភាគ​ក្នុង​វិទ្យុ​អាស៊ី​សេរី​ ព្រោះ​លោក​មិន​បាន​បកស្រាយ​ដូច​អ្វី​ដែល​លោក​ សុខ​ ឥ​សាន​ និង​គណបក្ស​ប្រជា​ជន​កំពុង​ប្តឹង​លោក​នោះ​ទេ​។​ យ៉ាងណា​លោក​ អ៊ូ​ វី​រៈ​ បញ្ជាក់​ថា​ លោក​រក្សា​ជំហរ​មិន​ប្តឹង​វាយបក​វិញ​ទេ​ ហើយ​ក៏​ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​នូវ​បទ​ចោទ​នេះ​ដើម្បី​បញ្ចប់​បញ្ហា​។​

លោក​ អ៊ូ​  វី​រៈ​៖​ «ខ្ញុំ​ចង់ឱ្យ​រឿង​ហ្នឹង​បញ្ចប់​!​ ហើយ​តុលាការ​គួរតែ​ទម្លាក់​ចោល​ ខ្ញុំ​មិន​ចង់​ឱ្យទៅ​បន្ត​ទៀត​។​ មួយទៀត​ខ្ញុំ​ស្តាប់​ទៅ​គាត់​យល់​ខុស​ គាត់​ស្តាប់​ខុស​ច្រើន​ បើ​គាត់​យក​ខ្លឹមសារ​ហ្នឹង​ទៅ​បកស្រាយ​ទៅ​គឺ​ ខុស​ទាំងស្រុង​តែ​ម្តង​ គាត់​ចោទប្រកាន់​ខ្ញុំ​ទៅ​វិញ»​។​

​តែ​យ៉ាងណា​លោក​ សុខ​ ឥ​សាន​ បញ្ជាក់​ថា​ លោក​បាន​ប្រគល់​ភស្តុ​តាង​ជូន​តុលាការ​រួម​ហើយ​ ដោយ​លោក​យល់​ថា​ ការ​វិភាគ​របស់​លោក​ អ៊ូ​ វី​រៈ​ គឺ​ហួល​ព្រំដែន​នៃ​សិទ្ធិ​បញ្ចេញមតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ដោយសារ​ការ​បកស្រាយ​នេះ​ គឺ​មាន​ចេតនា​បំផ្លាញ​មុខមាត់​បក្ស​ប្រជាជន​។​ លោក​ សុខ​ ឥ​សាន​ បន្ត​ថា​ ការ​ប្តឹង​លោក​ អ៊ូ​ វី​រៈ​ ពេល​នេះ​គឺ​ស្រប​តាម​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ ហើយ​លោក​មិន​ចង់ឱ្យ​មាន​វប្បធម៌​និទណ្ឌភាព​ក្នុង​សង្គម​កម្ពុជា​នោះ​ទេ​។​

លោក​ សុខ​ ឥ​សាន​៖​ «ការ​បញ្ចេញមតិ​ហ្នឹង​វា​ហួស​ព្រំដែន​ហើយ​ វា​ប៉ះពាល់​ដល់​កិត្តិយស​ បើ​យើង​មិន​ដោះ​ស្រាយ​​តាម​ផ្លូវច្បាប់​នោះ​ទេ​ ទី​មួយ​ប្រទេស​យើង​មិន​មាន​នីតិរដ្ឋ​ទេ​ វា​កើត​នូវ​វប្បធម៌​និទណ្ឌភាព​ ទី​ពីរ​ នាំ​ឱ្យ​​ប្រជាពលរដ្ឋ​មានការ​យល់​ច្រ​លំ​ថា​ ប្រា​ដក​ជា​គណបក្ស​មាន​ផែនការ​បំបែកបំបាក់​គេ​ ឬ​មួយ​ក៏​គាប់សង្កត់​គេ​ហើយ​ អ​ញ្ចឹ​ង​!​យើង​ក៏​ត្រូវ​តែ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ឱ្យ​យើង​ដែរ»​។​

​លោក​ មាស​ នី​ អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ និយាយ​ថា​ សារ​ព្រមាន​របស់​បក្ស​កាន់​អំណាច​ពេល​នេះ​ រឹតតែ​បង្ហាញ​ថា​ ការ​វិភាគ​របស់​អ្នកវិភាគ​គឺ​ត្រឹមត្រូវ​ ដែល​បណ្តាល​ឱ្យ​មាន​ប្រតិកម្ម​តប​វិញ​ពី​បក្ស​កាន់​អំណាច​ ។​

លោក​ មាស​ នី​ ទទួលស្គាល់​ថា​ ការ​វិភាគ​មិនមែន​ចេះ​តែត្រឹម​ត្រូវជា​និច្ច​នោះ​ទេ​ តែ​ការ​វិភាគ​កន្លង​មក​ គឺ​ឈរ​លើ​ឧត្តមគតិ​ ស្រប​តាម​ហេតុការណ៍​ដែល​បាន​កើតឡើង​ជាក់ស្តែង​ក្នុង​សង្គម​។​

លោក​ មាស​ នី ​៖​ «យើង​មាន​ទំនាស់​ដែល​រវាង​ការ​ភ័យ​ខ្លាច​ ហើយនឹង​ការ​រក្សា​នូវ​ឧត្តមគតិ​។​ ឧទាហរណ៍​ថា​ បើ​យើង​រស់នៅ​ក្នុង​សង្គម​មួយ​ ដែល​យើង​តែ​តែង​ឃើញ​អ្នកដឹកនាំ​ ឬ​អ្នកគ្រប់គ្រង​យើង​នឹង​ចូល​ចិត្ត​តែ​យក​របស់​ស​ មក​ប្រាប់​យើង​ថា​ខ្មៅ​ យក​ដំរី​មក​ប្រាប់​យើង​ថា​ឆ្កែ​ ដឹក​ឆ្កែ​មក​ប្រាប់​ថា​អាហ្នឹង​ជា​ដំរី​ សម្រាប់​ឧត្តម​គិត​របស់​យើង​ គឺ​វា​ទាញ​មិន​ឱ្យ​យើង​ថា​អ​ញ្ចឹ​ង​កើត​។​ ដូច្នេះ​ត្រង់​ចំណុច​នេះ​ ទោះបីជា​មានការ​គំរាម​យ៉ាងណា​ ខ្ញុំ​គិត​ថា​ ការ​ពិត​នៅ​តែ​ជា​ការ​ពិត​ដ​ដែរ​»។​

​សូម​រំលឹក​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី ​២៥​ ខែមេសា​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ ថា​ មិន​អត់ឱន​ចំពោះ​ជន​ណា​ដែល​មួលបង្កាច់​បង្ខូច​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ ទៀត​ឡើយ​។​ លោក​ថា​គណបក្ស​ប្រជាជន​គោរព​សិទ្ធិ​បញ្ចេញមតិ​ ប៉ុន្តែ​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នក​មូល​បង្កាច់បង្ខូច​កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​បក្ស​។​

​ក្រោយ​ពី​ការ​ប្រកាស​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ ហើយ​នោះ​ គឺ​នៅ​ល្ងាច​ថ្ងៃ​ទី ​២៥​ ខែមេសា​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្រេច​ប្ដឹង​លោក​ អ៊ូ​ វី​រៈ​ ប្រធាន​អង្គការ​វេទិកា​អនាគត​ និង​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ នៅ​ក្នុង​ពាក្យបណ្ដឹង​នោះ​ ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៤០០​លាន​រៀល​។​ លោក ​អូ ​វី​រៈ ​អះអាង​ថា​នឹង​ឡើង​ទៅ​បំភ្លឺ​ចំពោះ​ការ​ចោទ​របស់​បក្ស​កាន់​អំណាច​៕​

Share

Image
Image
Image