en     km
en     km

លោក​​ សម​​ រ​ង្ស៊ី​ ​ថា​មេ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​​ មាន​​ផែន​ការ​​បំបែក​​លោក​​ កឹ​ម​ ​សុខា​ ​ចេញពី​CNRP

Share

ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ នៅ​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ខែឧសភា​ ម្សិលមិញ​ថា​គឺ​ គណបក្សកាន់អំណាច​មាន​បំណង​បំបែកបំបាក់​លោក​ កឹ​ម​ សុខា​ ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ ។​ តែ​យ៉ាងណា​លោក​ សម​ រ​ង្ស៊ី​ អះអាង​ថា​ លោក​ និង​លោក​ កឹ​ម​ សុខា​ មិន​បែកបាក់​គ្នា​ឡើយ​ ។​ លោក​ ទទូច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ សាមគ្គី​ដើម្បី​ សង្គ្រោះ​ជាតិ​។​ តែ​បែប​នេះ​ក្ដី​ មន្ត្រី​រដ្ឋាភិបាល​បាន​ច្រាន​ចោលការ​ចោទប្រកាន់​ពី​សំណាក់​មេ​បក្ស​ជំទាស់​នេះ​ ។​ លោក​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ មិន​មាន​ផែនការ​ ដូចនេះ​ទេ​ ។​ លោក​ ធូ​ វិ​រៈ​លម្អិត​ព័ត៌មាន​នេះ​ ៖

 

sam-ransy-text
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​


​ក្នុង​បទ​សម្ភាសន៍​នេះ​លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​ថា​មេ​បក្ស​កាន់​អំណាច​ នៅ​កម្ពុជា​ ដែល​លោក​សំដៅលើ​សម្ដេច​ ហ៊ុន​ សែន​ ថា​កំពុង​រៀបចំ​ផែនការ​បំបែក​លោក​ កឹ​ម​ សុខា​ ចេញពី​លោក​ ឬ​ ចេញពី​ CNRP​ តែ​លោក​ថា​ មិន​អាច​ទៅ​រួច​ឡើយ​ ។​ ​លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​ទៀត​ថា​ សម្តេច​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រាប់​ឲ្យ​លោក​បែក​ពី​ លោក​ កឹ​ម​ សុខា​ ប៉ុន្តែ​លោក​បាន​បដិសេធ​ ។​ លោក​បញ្ជាក់​ថា​ពេល​ទិញ​លោក​មិន​បាន​ គឺ​មាន​ផែនការ​មួយទៀត​ គឺ​រក​វិធី​ ឱ្យ​មានរឿង​ចោទប្រកាន់​ លោក​ កឹ​ម​ សុខា​ ទៅ​វិញ​ ។​


​លោក​ សម​ រ​ង្ស៊ី​៖​ «​កាល​ខ្ញុំ​ជួប​ លោក​ ហ៊ុន​ សែន​ គាត់​និយាយ​ត្រង់ៗ​ជាមួយ​ខ្ញុំ​គាត់​ថា​ ជាមួយ​ឯកឧត្តម​ ខ្ញុំ​ចូល​ចិត្ត​ណាស់​ (​សម្តេច​ ហ៊ុន​ សែន​)​ ខ្ញុំ​អត់​មាន​បញ្ហា​យើង​ធ្វើការ​ជាមួយ​គ្នា​បាន​ល្អ​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើការ​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ មាន​ន័យ​ថា​ បើ​ចង់​ឲ្យ​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក​ ហ៊ុន​ សែន​ បើ​ខ្ញុំ​ចង់​មាន​អ្វី​ទទួលផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ លាភសក្ការៈ​អ្វី​ហ្នឹង​ ឲ្យ​ខ្ញុំ​បែក​ពី​ កឹ​ម​ សុខា​ ប៉ុន្តែ​ខ្ញុំ​(​សម​ រ​ង្ស៊ី​)​បាន​ធ្វើ​ឱ្យ​ លោក​ ហ៊ុន​ សែន​ ដឹងខ្លួន​យល់​ច្បាស់​មិន​ចាំបាច់​លេងល្បែង​ហ្នឹង​ទេ​»​ ។​


​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​ជួប​សម្តេច​ ហ៊ុន​ សែន​ ចំនួន​២​ដង​ គឺ​ម្តង​នៅ​ក្នុង​ ពិធី​ពិសារ​អាហារ​លក្ខណៈ​គ្រួសារ​ នៅ​សណ្ឋាគារ​ខេ​ម​បូ​ឌី​យ៉ា​ណា​ ក្នុង​រាជធានី​ភ្នំពេញ​ និង​ ម្តងទៀត​គឺ​ ដំណើរ​ទស្សនា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​ កាលពី​ឆ្នាំ​ ២០១៥​។​ ក្នុង​ពិធី​នេះ​ មានការ​ជួប​ពិភាក្សា​គ្នា​ យ៉ាង​ល្អូកល្អើន​ ហើយ​មាន​ថត​ Selfie​ ទៀត​ផង​ ។​


ក្នុង​ព្រឹត្តិការណ៍​ទទួលទាន​អាហារ​ គឺ​កូន​ថត​ ជាមួយ​កូន​ ឪ​ថត​ជាមួយ​គ្នា​ ។​ ប៉ុន្តែ​មិន​ដល់​ ប៉ុន្មាន​ស​ប្ដា​ហ៍​ផង​ ក៏​ចំណង​មេត្រី​បែកបាក់​គ្នា​ ។​ ទាំង​លោក​ សម​ រ​ង្ស៊ី​ និង​ សម្ដេច​ ហ៊ុន​ សែន​ វាយប្រហារ​គ្នា​ ជា​ខ្លាំង​ ។​ ដើមចម​គឺ​លោក​ សម​ រ​ង្ស៊ី​ ហៅ​សម្ដេច​ហ៊ុន​សែន​ ថា​ជា​ជន​ផ្ដាច់​ការ​ ដោយ​លោក​ ប្រៀបប្រដូច​ទៅ​ និង​មេដឹកនាំ​ផ្ដាច់​ការ​លី​បី​ ម៉ៅ​មួ​ហ្គា​ដា​ហ្វី​ ។​ ការ​ប្រៀបធៀប​នេះ​ បាន​ធ្វើ​ប្រមុខ​រដ្ឋាភិបាល​ សំដែង​កំហឹង​ ដោយ​គំរាម​ធ្ងន់ៗ​ដែល​ទីបំផុត​ សាលាឧទ្ធរណ៍​ ចេញ​ដីការ​អនុ​សាលក្រម​ ចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ ករណី​បរិហា​កេ​រ្ត៍​ លោក​ ហោ​ ណាំ​ហុង​ ។​ រឿងរ៉ាវ​នេះ​បាន​កើត​មាន​មក​ដល់​ពេល​នេះ​ ។​


​ឆ្លើយ​តប​ទៅ​និង​ការ​លើក​ឡើង​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​បដិសេធ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​ ។​ លោក​បន្ត​ថា​ រឿង​តុលាការក្រុង​ភ្នំពេញ​ ចេញ​ដីការ​កោះហៅ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ចូល​បំភ្លឺ​នៅ​តុលាការ​ ពី​បទ​បរិហា​កេរ្តិ៍​ និង​តំណាងរាស្ត្រ​២​រូប​ទៀត​គឺ​ មិន​ជាប់​ទាក់ទង​គណបក្ស​ប្រជាជន​ ហើយ​រឿង​នេះ​ជា​អំណាច​យុត្តាធិការ​របស់​តុលាការ​ប៉ុណ្ណោះ​ ។​​


​លោក​ សុខ​ ឥ​សាន្ត​៖«​មិនមែន​ដូច្នេះ​ទេ​ យើង​អត់​មាន​លក្ខណៈ​អ្វី​បំបែក​ទេ​ ។​ គាត់​ខ្លាច​អ្វី​ពីព្រោះ​សម្លុត​មិន​ខ្លាច​ ទិញ​មិន​លក់​ បំបែក​មិន​បែក​ គាត់​ខ្លាច​អ្វី​ អាហ្នឹង​ខ្លាច​អ្វី​ ។​ តាម​ពិត​យើង​ប្រកួតប្រជែង​ នៅ​ក្នុង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​វា​ជា​ការ​ធម្មតា​ក្នុង​ការ​ប្រកួតប្រជែង​ផ្អែក​ទៅ​លើ​កម្មវិធី​នយោបាយ​ របស់​គណបក្ស​នីមួយៗ​ ហើយ​កា​រវិ​និ​ឆ័​យ​គាំទ្រ​ ឬ​ មិន​គាំទ្រ​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​ទៅ​លើ​ប្រជាពលរដ្ឋ​ម្នាក់ៗ​»​ ។​


​ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ថា​ មិន​បាន​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ លោក​បណ្ឌិត​ មាស​ នី​ យល់​ឃើញ​ថា​ អ្នកនយោបាយ​ខ្មែរ​ នៅ​ជាប់​កម្អែល​វប្បធម៌​ហែកហួរ​គ្នា​តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​ ពេល​បច្ចុប្បន្ន​នេះ​ ។​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​រូប​នេះ​ ចង់​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ធ្វើការ​កែទម្រង់​ប្រទេស​តាម​គំរូ​ប្រទេស​ភូមា​ ឬ​មី​យ៉ា​ន​ម៉ា​ ។​


​លោក​បណ្ឌិត​ មាស​ នី​ យល់​ថា​ «​ភូមា​គេ​រៀបចំ​ខ្លួន​គេ​យ៉ាង​ដូ​ម្ត៉េ​ច​ ដើម្បី​ចេញ​ឲ្យ​អំពី​អតីត​កាលដែល​ប្រកបដោយ​ការ​ដណ្តើម​អំណាច​គ្នា​ ហែកហួរ​គ្នា​គឺ​ ភូមា​គេ​ចេញ​រួច​ហើយ​ ប៉ុន្តែ​អ្នកដឹកនាំ​ខ្មែរ​យើង​អត់​ទាន់​រក​ឃើញ​រក​ផ្លូវ​ចេញ​ហ្នឹង​ឃើញ​ទេ​»​ ។​


​ជា​ការ​ពិត​ ការ​បំបែក​អ្នកនយោបាយ​ពី​គ្នា​ ដែល​គេ​ថា​ជា​ផែនការ​បក្ស​កាន់​អំណាច​ ធ្លាប់​បាន​ជោគជ័យ​ច្រើន​ហើយ​ បើ​គេ​រាប់​ គឺ​មាន​សម្ដេចក្រុមព្រះ​ ជាមួយ​មន្ត្រី​បក្ស​ គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​របស់​ព្រះ​អង្គ​ ។​ ការ​បំបែក​បាន​ជោគជ័យ​ត្រង់​ថា​ គណបក្ស​ធ្លាប់​ឈ្នះ​ឆ្នោត​នេះ​ បាត់បង់​ អាសនៈ​ នៅ​គ្រប់​អាណត្តិ​បោះ​ឆ្នោត​គឺ​រហូត​ ពុំ​ទទួល​បាន​អាសនៈ​មួយ​ឡើយ​ ។​ តែ​បែប​នេះ​ អ្នក​ វិភាគ​ព្រមាន​ថា​ បើ​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ បែកបាក់​គ្នា​គឺ​ បែកបាក់​ដល់​ជាតិ​ ផង​ដែរ​ ៕​

Share

Image
Image
Image