ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃព្រហស្បត្តិ៍ ខែឧសភា ម្សិលមិញថាគឺ គណបក្សកាន់អំណាចមានបំណងបំបែកបំបាក់លោក កឹម សុខា ចេញពីគណបក្សសង្គ្រោះជាតិ ។ តែយ៉ាងណាលោក សម រង្ស៊ី អះអាងថា លោក និងលោក កឹម សុខា មិនបែកបាក់គ្នាឡើយ ។ លោក ទទូចឱ្យពលរដ្ឋខ្មែរ សាមគ្គីដើម្បី សង្គ្រោះជាតិ។ តែបែបនេះក្ដី មន្ត្រីរដ្ឋាភិបាលបានច្រានចោលការចោទប្រកាន់ពីសំណាក់មេបក្សជំទាស់នេះ ។ លោកថា គណបក្សប្រជាជនកម្ពុជា មិនមានផែនការ ដូចនេះទេ ។ លោក ធូ វិរៈលម្អិតព័ត៌មាននេះ ៖
ក្នុងបទសម្ភាសន៍នេះលោក សម រង្ស៊ី បានថ្លែងថាមេបក្សកាន់អំណាច នៅកម្ពុជា ដែលលោកសំដៅលើសម្ដេច ហ៊ុន សែន ថាកំពុងរៀបចំផែនការបំបែកលោក កឹម សុខា ចេញពីលោក ឬ ចេញពី CNRP តែលោកថា មិនអាចទៅរួចឡើយ ។ លោក សម រង្ស៊ី បានថ្លែងទៀតថា សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យលោកបែកពី លោក កឹម សុខា ប៉ុន្តែលោកបានបដិសេធ ។ លោកបញ្ជាក់ថាពេលទិញលោកមិនបាន គឺមានផែនការមួយទៀត គឺរកវិធី ឱ្យមានរឿងចោទប្រកាន់ លោក កឹម សុខា ទៅវិញ ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិធ្លាប់ជួបសម្តេច ហ៊ុន សែន ចំនួន២ដង គឺម្តងនៅក្នុង ពិធីពិសារអាហារលក្ខណៈគ្រួសារ នៅសណ្ឋាគារខេមបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ និង ម្តងទៀតគឺ ដំណើរទស្សនាព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប កាលពីឆ្នាំ ២០១៥។ ក្នុងពិធីនេះ មានការជួបពិភាក្សាគ្នា យ៉ាងល្អូកល្អើន ហើយមានថត Selfie ទៀតផង ។
ក្នុងព្រឹត្តិការណ៍ទទួលទានអាហារ គឺកូនថត ជាមួយកូន ឪថតជាមួយគ្នា ។ ប៉ុន្តែមិនដល់ ប៉ុន្មានសប្ដាហ៍ផង ក៏ចំណងមេត្រីបែកបាក់គ្នា ។ ទាំងលោក សម រង្ស៊ី និង សម្ដេច ហ៊ុន សែន វាយប្រហារគ្នា ជាខ្លាំង ។ ដើមចមគឺលោក សម រង្ស៊ី ហៅសម្ដេចហ៊ុនសែន ថាជាជនផ្ដាច់ការ ដោយលោក ប្រៀបប្រដូចទៅ និងមេដឹកនាំផ្ដាច់ការលីបី ម៉ៅមួហ្គាដាហ្វី ។ ការប្រៀបធៀបនេះ បានធ្វើប្រមុខរដ្ឋាភិបាល សំដែងកំហឹង ដោយគំរាមធ្ងន់ៗដែលទីបំផុត សាលាឧទ្ធរណ៍ ចេញដីការអនុសាលក្រម ចាប់ខ្លួនលោក សម រង្ស៊ី ករណីបរិហាកេរ្ត៍ លោក ហោ ណាំហុង ។ រឿងរ៉ាវនេះបានកើតមានមកដល់ពេលនេះ ។
ឆ្លើយតបទៅនិងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានបដិសេធថា គណបក្សប្រជាជនកម្ពុជាមិនបានបំបែកគណបក្សសង្គ្រោះជាតិឡើយ ។ លោកបន្តថា រឿងតុលាការក្រុងភ្នំពេញ ចេញដីការកោះហៅ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ចូលបំភ្លឺនៅតុលាការ ពីបទបរិហាកេរ្តិ៍ និងតំណាងរាស្ត្រ២រូបទៀតគឺ មិនជាប់ទាក់ទងគណបក្សប្រជាជន ហើយរឿងនេះជាអំណាចយុត្តាធិការរបស់តុលាការប៉ុណ្ណោះ ។
ទោះបីជាមន្ត្រីរដ្ឋាភិបាលបដិសេធថា មិនបានបំបែកគណបក្សសង្គ្រោះជាតិក៏ដោយ អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី យល់ឃើញថា អ្នកនយោបាយខ្មែរ នៅជាប់កម្អែលវប្បធម៌ហែកហួរគ្នាតាំងពីសម័យបុរាណរហូតមកដល់ ពេលបច្ចុប្បន្ននេះ ។ អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមរូបនេះ ចង់ឲ្យអ្នកនយោបាយខ្មែរធ្វើការកែទម្រង់ប្រទេសតាមគំរូប្រទេសភូមា ឬមីយ៉ានម៉ា ។
លោកបណ្ឌិត មាស នី យល់ថា «ភូមាគេរៀបចំខ្លួនគេយ៉ាងដូម្ត៉េច ដើម្បីចេញឲ្យអំពីអតីតកាលដែលប្រកបដោយការដណ្តើមអំណាចគ្នា ហែកហួរគ្នាគឺ ភូមាគេចេញរួចហើយ ប៉ុន្តែអ្នកដឹកនាំខ្មែរយើងអត់ទាន់រកឃើញរកផ្លូវចេញហ្នឹងឃើញទេ» ។
ជាការពិត ការបំបែកអ្នកនយោបាយពីគ្នា ដែលគេថាជាផែនការបក្សកាន់អំណាច ធ្លាប់បានជោគជ័យច្រើនហើយ បើគេរាប់ គឺមានសម្ដេចក្រុមព្រះ ជាមួយមន្ត្រីបក្ស គណបក្សហ្វ៊ុនស៊ីនប៉ិចរបស់ព្រះអង្គ ។ ការបំបែកបានជោគជ័យត្រង់ថា គណបក្សធ្លាប់ឈ្នះឆ្នោតនេះ បាត់បង់ អាសនៈ នៅគ្រប់អាណត្តិបោះឆ្នោតគឺរហូត ពុំទទួលបានអាសនៈមួយឡើយ ។ តែបែបនេះ អ្នក វិភាគព្រមានថា បើលោក សម រង្ស៊ី និងលោក កឹម សុខា បែកបាក់គ្នាគឺ បែកបាក់ដល់ជាតិ ផងដែរ ៕