en     km
en     km

សង្គម​ស៊ី​វិល​ ៖​ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដើរ​ថយក្រោយ​ ខណៈ​សកម្មជន​ជាប់​ឃុំ​កើនឡើង​ជាង​ ២០​ នាក់​

Share

​ភ្នំពេញ​៖​ អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី​ដំណើរ​ថយ​ក្រោ​យ​​នៃ​ការ​គោរព​សិទ្ធិ​មនុ​ស្ស​នៅ​កម្ពុ​ជានា​រយៈពេល​ចុង​ក្រោយ​នេះ​។​ ពួក​គេ​យល់​ថា​ ស្ថានការណ៍​ន​យោ​បាយ​នា​ពេល​បច្ចុប្បន្ន​ បាន​ឡើង​កម្ដៅ​ខ្លាំង​ឈា​ន​​ដល់​កម្រិត​កំពូល​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​។​ ក្រុម​មន្ដ្រី​​អង្គការ​សង្គម​ស៊ិ​វិល​ទាំង​នោះ​ ទទូច​ឲ្យ​អ្នកនយោបាយ​ទម្លាក់​ស្ថានការណ៍​នា​ពេល​នេះ​មក​ធម្មតា​វិញ​។​​ ដោយ​ឡែក​រដ្ឋាភិបាល​ឆ្លើយ​តប​ថា​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​តែ​ដំណើរការ​បាន​ល្អ​មិន​ដូចនឹង​ការ​លើ​ក​​ឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​នោះ​ឡើយ​។​

 

cambodia-demo-pre
កងកម្លាំងរបស់រាជរដ្ឋាភិបាល រារាំងក្រុមបាតុករមិនឱ្យតវ៉ាបញ្ចេញមតិ សិទ្ធិសេរីភាពរបស់ខ្លួនក្នុងពេលកន្លងទៅ

​ចំនួន​អ្នកទោស​មនសិការ​មាន​កើនឡើង​ប្រមាណ​ជាង​ ២០​ នាក់​ នៅ​រយៈពេល​ចុង​ក្រោយ​នៃ​ដើមឆ្នាំ​២០១៦​ ដែល​​បញ្ហា​នេះ​នាំ​ឱ្យ​មានការ​ចោទសួរ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

​ក្រុម​សង្គម​ស៊ី​វិល​ធ្វើការ​ងារលើការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ បាន​ហៅ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ កំពុង​ដើរ​ថយ​ក្រោ​យ​​គួរ​ឱ្យ​ព្រួយបារម្ភ​។​

​លោក​ អំ​ សំអាត​ ប្រធាន​ក្រុម​ផ្នែក​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​របស់​អង្គការ​លី​កាដូ​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ FM​ 102​ ថា​ ការ​ចាប់ខ្លួន​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មន្ដ្រី​អង្គការ​សង្គម​ស៊ី​វិល​ មន្ដ្រី​អង្គការសិទ្ធិមនុស្ស​ សកម្មជន​ អ្នក​តវ៉ា​បញ្ហា​ដីធ្លី​ និង​ យុវជន​ដែល​សម្ដែង​មតិ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ ប៊ុ​ក​ គឺជា​ការ​ប្រាប់​ពី​ការ​ធ្លាក់​ចុះ​ សេរីភាព​សម្ដែង​មតិ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

​លោក​ អំ​ សំអាត​ ៖​ «​ អង្គការ​លី​កាដូ​នឹង​ធ្វើ​របាយការណ៍​បង្ហាញ​ពី​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ទាំង​អ្នកទោស​នយោ​បាយ​ អ្នក​ទោស​ផ្នែក​សិទ្ធិ​មនុស្ស​ អ្នកទោស​ដោយ​ការ​សម្ដែង​មតិ​ រួម​នឹង​បញ្ហា​ការ​រំលោភ​យក​ដីធ្លី​ផ្សេងៗ​ ដើ​ម្បី​ដាក់​បង្ហាញ​ទៅ​កាន់​អង្គការសហប្រជាជាតិ​និង​សាធារណៈ​»​។​

​លោក​ថា​ ការ​ធ្វើ​ជា​របាយការណ៍​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​អង្គការសហប្រជាជាតិ​ដឹង​ និង​ពិនិត្យ​មើល​ពី​កា​រ​​គោរព​សិទ្ធិ​មនុស្ស​ ដើម្បី​ផ្ដល់​ជា​អនុសាសន៍​មក​កាន់​កម្ពុជា​ក្នុង​ការ​កែតម្រូវ​ ព្រោះតែ​កម្ពុជា​ក៏​ជា​ភាគី​ហត្ថ​លេ​ខី​​ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជា​តិ​មួយ​ដែរ​។​

​មិន​ខុស​គ្នា​ដែរ​លោកស្រី​ ចក់​ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ CCHR​ លើក​ឡើង​ថា​ រយៈពេល​ចុង​ក្រោយ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​បោះ​ជំ​ហ៊ាន​ថយក្រោយ​ច្រើន​ជំ​ហ៊ាន​គឺ​ ក្រោយ​ពី​ក្រុម​តំណាង​រាស្ដ្រ​បក្ស​ប្រឆាំង​ សកម្មជន​  និង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ទទួល​រង​ការ​យាយី​ទាំង​ផ្នែក​ផ្លូវច្បាប់​និង​កត្ដា​ផ្សេងៗ​ចំនួន​។​

​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បន្ថែម​ថា​ អង្គការ​សង្គម​ស៊ី​វិល​គឺ​ធ្វើការ​ផ្អែក​លើ​គោល​ការ​ច្បាប់រដ្ឋ​ធម្ម​នុញ្ញ​ គឺ​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​តែ​ប៉ុណ្ណោះ​។​ លោកស្រី​ថា​ នា​ពេល​កន្លង​មក​រាជរដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ប្រកាស​ពី​ការ​គាំទ្រ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែរ​ ក៏​ប៉ុន្ដែ​ការ​អនុវត្ដន៍​ដូច​ជា​ មិន​បាន​ធ្វើ​តាម​ការ​អះអាង​របស់​ខ្លួន​ឡើយ​។​ លោកស្រី​ទទូច​ឱ្យ​រដ្ឋាភិបាល​ទទួលស្គាល់​សិទ្ធិ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ។​

​លោកស្រី​ ចក់​ សុភាព​ ៖​ «​ខ្ញុំ​សូម​ស្នើ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​មើលឃើញ​នូវ​តួនាទី​របស់​អង្គការ​សង្គម​ស៊ី​វិល​ហ្នឹង​ គឺជា​ដៃ​ឡ​គូ​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ ដើម្បី​លើក​ស្ទូ​យ​ប្រទេស​កម្ពុជា​យើង​ឲ្យ​មាន​ស្ដង់ដា​គោរព​សិទ្ធិ​មនុ​ស្ស​ ហើយ​ហ្នឹង​យើង​អាច​ឈាន​ទៅ​ដល់​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​មួយ​ពិតប្រាកដ​»​។​

​ចំណែក​លោក​ សួន​ ប៊ុ​ន​ស័ក​ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណកម្មការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​កម្ពុជា​ ហៅ​ CHRAC​ យល់​ឃើញ​ថា​ ប្រទេស​កម្ពុជា​ពេល​នេះ​កំពុង​តែ​ល្បីឈ្មោះ​ក្នុង​ឆាក​អន្ដរជាតិ​ខ្លាំង​ជុំវិញ​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​ពាក់ព័ន្ធ​រឿង​នយោបាយ​។​

​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណកម្មការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​កម្ពុជា​ បញ្ជាក់​ថា​ ដើម្បី​ឲ្យ​ស្ថាន​ភាព​នយោបាយ​មានការ​ថយកម្ដៅ​គឺ​រាជរដ្ឋាភិបាល​គួរតែ​បង្កើន​ភាព​អត់ធ្មត់​ ហើយ​បើ​ចិត្ដ​ទូលាយ ​ទទួ​ល​យក​ការ​រិះគន់​ពី​សាធារណៈជន​។​

​លោក​ សួន​ ប៊ុ​ន​ស័ក​ ៖​ «​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ដែល​ជា​អាជ្ញាធរ​រដ្ឋ​នេះ​គួរតែ​មានការ​អធ្យាស្រ័យ​ មានការ​អត់ធ្មត់​ខ្ពស់​ ចំពោះ​ន​ណា​ក៏​ដោយ​ជន​កម្ពុជា​ដែល​ប្រើប្រាស់​សិទ្ធិ​និង​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​ ទាក់ទង​នឹង​បញ្ហា​ជាតិ​ផ្សេងៗ​។​ រដ្ឋាភិបាល​គួរតែ​មានការ​អធ្យាស្រ័យ​ខ្ពស់​ និង​ងាក​មក​ជជែក​គ្នា​តាម​បែប​រដ្ឋបាល​វិញ​វា​ល្អ​ ជា​ជាង​ការ​ប្រើប្រាស់​វិធានការ​តុលាការ​ដើម្បី​ដាក់​ទណ្ឌកម្ម​»​។​

​ដោយឡែក​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​មាន​ប្រសាសន៍​ថា​ លោក​សោកស្ដាយ​ដែល​​អង្គការ​សង្គម​ស៊ី​វិល​យល់​ខុស​ពី​ការ​ពិត​។​ លោក​ ផៃ​ ស៊ី​ផា​ន​ បន្ថែម​ថា​ រដ្ឋាភិបាល​កំពុង​តែ​ពង្រឹង​និ​តិ​រដ្ឋ​ ហើយ​​ចំពោះ​ អ្នក​ដែល​កំពុង​ជាប់​ឃុំ​ជាប់​បណ្ដឹង​ផ្សេងៗ​គឺ​សុទ្ធសឹងតែ​ជា​អ្នក​រំលោភ​ច្បាស់​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ ៖ «​វា​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ដែល​ពួក​គាត់​បាន​និយាយ​ កែប្រែ​ការ​ពិត​ឲ្យ​ទៅ​ជា​ការ​ភូតភរ​ព្រោះ​​អ្នក​ដែល​ជាប់ពន្ធ​នាគា​សុទ្ធតែ​អ្នក​ដែល​រំលោភច្បាប់​ទាំងអស់​»​។​

​សូម​ជម្រាប​ថា​ បើ​គិត​ពី​ចុងឆ្នាំ​ ២០១៥​ រហូត​មក​ទល់​នឹង​ពេល​នេះ​ប្រទេស​កម្ពុជា​មាន​អ្នកទោស​ពាក់ព័ន្ធ​យោ​បាយ​អ្នកទោស​ពាក់ព័ន្ធ​និង​ការ​សម្ដែង​មតិ​ បូក​រួម​ជាមួយ​មន្ដ្រី​អង្គការ​សង្គម​ស៊ី​វិល​ផង​គឺ​ មាន​ចំនួន​ជាង​ ២០​ នាក់​ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគា​ព្រៃ​ស​។​ អ្នក​ជាប់​កំពុង​ជាប់​ឃុំ​រួម​មាន​ សកម្មជន​បក្ស​ប្រឆាំង​ ១៦​ រូប​ មន្ត្រី​ជាន់​​សមាគម​អា​ដ​ហុ​ក​ ០៤​ រូប​និង​មន្ត្រី​ គ​.​ជ​.​ប​ មួយ​រូប​ ដែល​នាំ​ទៅ​ឃុំខ្លួន​ នៅ​ពន្ធនាគា​កាល​ថ្ងៃ​ចន្ទ​ទី​ ០២​ ឧសភា​ ក្រោម​បទ​សូ​ប៉ាន់​ករណី​ក​ញ្ញ​ស្រី​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​

​ករណី​នេះ​ កម្ពុជា​ទទួល​រង​ការ​ថ្កោលទោស​និង​រិះគន់​ជា​ខ្លាំង​ពី​ក្រុម​អង្គការសិទ្ធិមនុស្ស​ជាតិ​ អន្តរជាតិ​ និង​ សហ​គ​មន៍​​អន្តរជាតិ​ ៕

Share

Image
Image
Image