en     km
en     km

តំណាង​​ប្រជា​ពលរដ្ឋ​ ​ដាក់​​លិខិត​ស្នើ​​សា​លា​ក្រុង​​ហែ​ញត្តិ​ទៅ​អង្គភាព​ប្រ​ឆាំ​អំពើ​ពុក​រលួយ​

Share

ភ្នំពេញ ៖ ​នៅ​ថ្ងៃ​ទី​ ០៤​ ឧសភា​ តំណាង​ប្រជាពលរដ្ឋ​ យុវជន​ និង​ស្ត្រី​ បាន​ដាក់​លិខិតស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ​ ដង្ហែ​ញត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បី​សុំ​ឱ្យ​មានការ​ពិចារណា​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ០៤​ នាក់​ និង​មន្ត្រី​ គ.ជ​.ប​ ម្នាក់ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ព្រោះ​ពួក​គាត់​យល់​ថា​អ្នក​ទាំងនោះ​ មិន​មាន​កំហុស​នោះ​ទេ​ ។​ សាលា​រាជធានី​ភ្នំពេញ​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​ ដោយ​បាន​បញ្ជាក់​ថា​ នឹង​ហៅ​តំណាង​ប្រជាពលរដ្ឋ​ទៅ​ពិភាក្សា​ និង​សម្រេច​នៅ​រសៀល​ថ្ងៃ​ទី​​ ០៥​ ឧសភា​នេះ​ ។​ ជូន​ព័ត៌មាន​លំអិត​ដោយ​កញ្ញា​ ប៉ូ​ សា​គុន​ ៖

 

acu-text
ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ

​ក្រុម​ប្រជាពលរដ្ឋ​ យុវជន​ និង​ស្ត្រី​ ប្រមាណ​ ២,០០០ ​នាក់​ គ្រោង​ហែ​ញត្តិ​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​កាត់​ថា​ ACU​ នៅ​ថ្ងៃ​ទី ០​៧​ ខែឧសភា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​ដើម្បី​ស្នើ​ឱ្យ​អង្គភាព​មួយ​នេះ​ បញ្ឈប់​ការ​គំរាមកំហែង​ ធ្វើ​ទុក​បុក​ម្នេញ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ តាម​រយៈ​ការ​ចោទប្រកាន់​ផ្សេងៗ​ និង​បញ្ឈប់​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​ ដែល​មាន​លក្ខណៈ​ស្តង់ដា​ពីរ​ ។​

​តំណាង​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ដែល​គ្រោង​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ អ្នកស្រី​ មាស​ ល​ក្ខិ​ណា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃនេះ​ថា​ មូលហេតុ​ដែល​ក្រុម​ប្រជាពលរដ្ឋ​ដាក់​ញត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ គឺ​ដោយសារ​តែ​ពួក​គេ​មិន​ពេញចិត្ត​ទៅ​និង​ភាព​អយុត្តិធម៌​ ដែល​ស្ថាប័ន​នេះ​ បាន​ចាប់​សកម្មជន​អង្គការ​សង្គម​ស៊ី​វិល​ទៅ​ដាក់​ពន្ធនាគារ​ ដោយ​អ្នក​ទាំងនោះ​មិន​មាន​កំហុស​ ។​

អ្នកស្រី​ មាស​ ល​ក្ខិ​ណា​ បន្ថែម​ថា​ កន្លង​មក​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ករណី​ដែល​អ្នកមាន​អំណាច​ និង ​ក្រុមហ៊ុន​រឹបអូស​យក​ដីធ្លី​ពី​ពួក​គាត់​ដោយ​ខុសច្បាប់​។​ អ្នកស្រី​ថា​ បើសិនជា​គ្មាន​អង្គការ​សង្គម​ស៊ី​វិល​ទេ​នោះ​ ពួក​គាត់​ប្រៀប​បាន​ទៅ​នឹង​អស់ខ្យល់​ដកដង្ហើម​ដែរ​ ។​

​ជុំវិញ​ការ​ដាក់​លិខិតស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ហែ​ញត្តិ​វិញ​ អ្នកស្រី​សង្ឃឹមថា​ សាលា​រាជធានី​នឹង​អនុញ្ញាត​ឱ្យ​ក្រុម​អ្នកស្រី​បាន​ដង្ហែ​ញត្តិ​ដូច​ការ​គ្រោងទុក​ ។​

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ លោក​ មាស​ ចាន់​យ៉ា​ដា​ បាន​និយាយ​ថា​ សាលា​រាជធានី​ភ្នំពេញ​ បាន​ទទួល​លិខិតស្នើ​សុំ​ដង្ហែ​ញត្តិ​របស់​ក្រុម​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រួច​ហើយ​ ។​ លោក​ថា​ សាលា​រាជធានី​ មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​ ដោយ​រង​ចាំ​ពិនិត្យ​ពិភាក្សា​ នៅ​រសៀល​ថ្ងៃ​ទី ​០៥ ​ឧសភា​នេះ​ជា​មុន​សិន​។​

​សូម​បញ្ជាក់​ថា​ មន្ដ្រីជាន់ខ្ពស់​សមាគមការពារសិទ្ធិមនុស្ស​អា​ដ​ហុ​ក​ ​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចោទប្រកាន់​ពី​បទ​ សូកប៉ាន់​សាក្សី​ គឺ​មាន​ លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ លោកស្រី​ លឹ​ម​ មុនី​ និង​លោក​ យី​ សុខ​សាន​ ។​ ចំណែក​ លោក​ នី​ ចរិយា​ ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ផង​ដែរ​ដែរ​ ក្រោម​បទ​ចោទ​ រួមគំនិត​សូកប៉ាន់​សាក្សី​ ៕​

Share

Image
Image
Image