នៅថ្ងៃទី៥ ខែកក្កដា ខាងមុខនេះ នឹងមានព្រឹត្តិការណ៍ Pigo Challenge រយៈពេលមួយថ្ងៃដែលរៀបចំដោយក្រុមយុវជនស្ម័គ្រចិត្ត ភីហ្គោ ធីម (Pigo Team) ដើម្បីផ្សព្វផ្សាយពីការលើកកម្ពស់សុចរិតភាពនៅក្នុងសង្គម និងអប់រំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីអំពើពុករលួយ ហើយរាយការណ៍អំពើពុករលួយនៅកម្ពុជា ទៅកាន់មជ្ឈមណ្ឌលតស៊ូមតិនិងប្រឹក្សាយោបល់ផ្នែកច្បាប់ (ALAC) ។ ព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកនេះ គ្រោងនឹងប្រព្រឹត្តទៅនៅទីតាំង ៧កន្លែងផ្សេងគ្នាក្នុងរាជាធានីភ្នំពេញ និងមានយុវជនស្ម័គ្រចិត្តចូលរួមចំនួន ៤២នាក់មកពីសាកលវិទ្យាល័យនានានៃក្រុងភ្នំពេញ។
យុវជន លី គីមសៀ ប្រធានក្រុមយុវជនស្ម័គ្រចិត្ត ភីហ្គោ និងជាអ្នកដឹកនាំព្រឹត្តិការណ៍ Pigo Challenge បាននិយាយថា «សកម្មភាពរបស់ក្រុមភីហ្គោ គឺចង់ផ្សព្វផ្សាយពី សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃរបស់មជ្ឈមណ្ឌលតស៊ូមតិនិងប្រឹក្សាយោបល់ផ្នែកច្បាប់ (ALAC) ទៅកាន់សាធារណជន។ ALAC គឺជាកម្មវិធីមួយរបស់អង្គការតម្លាភាពអន្តរជាតិកម្ពុជាដែលអាចជួយប្រឹក្សាយោបល់ដល់ប្រជាពលរដ្ឋកម្ពុជាទូទៅពីបញ្ហារំលោភបំពានសិទ្ធិផ្សេងៗ ជាពិសេសប្រជាពលរដ្ឋគ្រប់រូបអាចរាយការណ៍ពី អំពើពុករលួយដែលខ្លួនជួបប្រទះ ឬឃើញទៅកាន់ ALAC បានគ្រប់ពេលតាមរយៈលេខទូរស័ព្ទ ៧៧៧៧»។
Pigo Challenge ក៏ជាព្រឹត្តិការណ៍មួយដែលអនុញ្ញាតឱ្យយុវជនមានឱកាសស្គាល់គ្នាកាន់តែស្និទ្ធស្នាល និងអាចចូលរួមសម្ដែងមតិយោបល់ផ្សេងៗទាក់ទងនឹងអំពើពុករលួយគ្រប់រូបភាពបានជួបក្នុងពេលកន្លងទៅនៅតាមទីសាធារណៈ តាមរយៈការចូលរួមប្រកួតប្រជែងគ្នាជាក្រុម។ អ្នកដឹកនាំព្រឹត្តិការណ៍ Pigo Challenge វ័យ ១៩ឆ្នាំរូបនេះ បានឱ្យដឹងពីការរំពឹងថារបស់ក្រុមនឹងអាចបញ្ជា្របចំណេះដឹងដល់ពលរដ្ឋនិងយុវជនពីមជ្ឈមមណ្ឌល ALAC និងលើកកម្ពស់ការយល់ដឹងពីសុចរិតភាពបាន ៨០ ភាគរយតាមរយៈយុទ្ធនាការរបស់ខ្លួន។ មកដល់ពេលនេះ មានមនុស្សប្រមាណជាង៧០០ នាក់ហើយដែលបានទទួលខិតប័ណ្ណផ្សព្វផ្សាយរបស់ក្រុមយុវជន ភីហ្គោ ពីមធ្យោបាយរាយការណ៍អំពើពុករលួយទៅកាន់ ALAC។
កញ្ញា លី ញុគជិន ជាសមាជិកក្រុមយុវជនស្ម័គ្រចិត្តនេះសង្ឃឹមថា នឹងយុវជនចូលរួមច្រើនក្នុងព្រឹត្តិការណ៍ Pigo Challenge ព្រោះកម្មវិធីនឹងធ្វើឱ្យយុវជនមានភាពក្លាហ៊ាន និងទទួលបានចំណេះដឹងជាច្រើនទាក់ទងនឹងការលើកកម្ពស់សុចរឹតភាព។ «យើងពិតជាចង់ឱ្យមានវត្តមានយុវជនចូលរួមច្រើន ពីព្រោះវត្តមានរបស់ពួកគេពិតជាសំខាន់សម្រាប់ជួយសង្គមជាតិ»។
ព្រឹត្តិការណ៍ Pigo Challenge បានបែងចែកយុវជនទាំង ៤២ នាក់ជា ៧ក្រុម ហើយក្នុងក្រុមនីមួយៗមានសមាជិក ៦រូប ដើម្បីប្រកួតប្រជែងគ្នាធ្វើសកម្មភាពនានានៅទីតាំងទាំងប្រាំពីរ។ ប្រធានក្រុម Pigo រូបនេះបានឱ្យដឹងទៀតថា៖ «អ្នកចូលរួមទាំងអស់នឹងជួបជុំគ្នានៅទីស្នាក់ការរបស់អង្គការតម្លាភាពអន្តរជាតិកម្ពុជា ដើម្បីឆ្លើយនឹងសំណួរជុំវិញអំពើពុករលួយ មុននឹងពួកគេចេញដំណើរទៅកាន់តំបន់គោលដៅទាំង ៦កន្លែងផ្សេងៗ ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់សុចរិតភាព»។
សូមបញ្ជាក់ថា ក្រុមទទួលបានជ័យលាភីលេខ១ ក្នុងព្រឹត្តិការណ៍នេះនឹងទទួលបានថវិកា ៣២ម៉ឺនរៀន លេខ២ ទទួលបានថវិកា ២៤ម៉ឺនរៀន ចំនែកឯលេខ៣ ទទួលបានថវិកា ១៦ម៉ឺនរៀល និងមានរង្វាន់លើកទឹកចិត្តផងដែរសម្រាប់ក្រុមយុវជនដែលពុំទទួលបានជ័យលាភី។
សូមរម្លឹកថា ក្រុមយុវជនស្ម័គ្រចិត្ត ភីហ្គោ បានបង្កើតឡើងដោយយុវជន ៤រូបជាក្រុមអ្នកដឹកនាំវ័យក្មេងមានយុវតី លី ញុគជិន យុវជន លី គីមសៀ យាន ប៊ុនហាវ និងយុវជន នួន អរុណវិសាល មកពីសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ ក្រោមការដឹកនាំនិងបណ្តុះបណ្តាលរបស់អង្គការតម្លាភាពអន្តរជាតិកម្ពុជា។ ចំនែកឯពាក្យពេញរបស់«Pigo» គឺ Promote Integrity Go មានន័យថា «លើកកម្ពស់សុចរិតភាព»៕