ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារ វត្តកែវមុនី ហៅវត្តថ្មី ស្ថិតនៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ឱ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យាទូរស័ព្ទ។
សម្តេចនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា« ពីមុនខ្ញុំអំពាវនាវឱ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យាកុំព្យូរទ័រ។ ប៉ុន្តែក្រោយមក មើលទៅកុំព្យូរទ័រវាពិបាកពេក វាពិបាកស្ពាយតាម ធ្វើអក្ខរកម្មត្រឹមតែទូរស័ព្ទបានហើយ មានទាំងពី Line whatsApp Telegram Wechat Viber សម្រាប់ដោះស្រាយបញ្ជូនឱ្យគ្នាទៅវិញទៅមក ហ្នឹងហើយគេហៅថា រដ្ឋាភិបាលអេឡិចត្រូវនិច »។
សម្តេច ហ៊ុន សែន ក៏ថ្លែងក្រើនរំលឹកយុវជនថា « ក្មួយៗយុវជន កុំថាពូចាស់ណា ពូចាស់ប៉ុន្តែក្មេង ក្មេងនៅត្រង់ថា បើសិន IT ក្មួយទៅដល់ណា ពូអាចទៅដល់នឹងជាមួយ ឬជួនកាលទៅមុខក្មួយថែមមួយជំហ៊ានទៀត» ៕