ភ្នំពេញ ៖ អនុប្រធានគ្រប់គ្រងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប លោក អ៊ុយហ្គោ អាស្ទូតូ (Ugo ASTUTO) បានទទូចឱ្យដោះលែងមន្ដ្រីជាន់ខ្ពស់សង្គមស៊ីវិល ដែលបានចាប់ឃុំខ្លួន កាលពីថ្មីៗនេះ ខណៈដែលលោក បារម្ភអំពី ឯករាជ្យភាពនៃប្រព័ន្ធតុលាការនៅកម្ពុជា ។
ការថ្លែងរបស់លោក អ៊ុយហ្គោ អាស្ទូតូ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួម នៃ កិច្ចប្រជុំគណៈកម្មាធិការជម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី៩ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៤ ឧសភា នៅរាជធានីភ្នំពេញ ។
ក្នុងសេចក្ដីថ្លែងការណ៍កម្រាស់ពីរទំព័រ លោក អ៊ុយហ្គោ អាស្ទូតូ បានទទូចថា សហភាពអឺរ៉ុបគឺជាដៃគូរសហប្រតិបត្តិការទ្វេភាគី ជាមួយប្រទេសកម្ពុជា លើគ្រប់វិស័យទាំងអស់ ដែលក្នុងនោះ មានទាំងពានិជ្ជកម្ម កសិកម្ម និងអភិបាលកិច្ចសង្គមផងដែរ ។ ប៉ុន្ដែលោក បានបញ្ជាក់ថា បញ្ហាដែរត្រូវពិនិត្យមើលបន្ថែមទៀតនោះ គឺការគ្រប់គ្រងដីធ្លី និងដំណោះស្រាយ ទំនាស់ដីធ្លី វិសាលភាពសម្រាប់សង្គមស៊ីវិល កិច្ចសន្ទនាប្រជាធិបតេយ្យ និងកែទម្រង់ការបោះឆ្នោត គឺជា ចំនុចសំខាន់បំផុតនៃកិច្ចសហប្រតិបត្តិការទ្វេរភាគីជាមួយកម្ពុជា ។ លោក បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍នេះទៀតថា សហភាពអឺរ៉ុប ត្រូវស្នើទៅរាជរដ្ឋាភិបាលបង្កើតឡើង និង រក្សាបរិយាកាសមួយដែលគណបក្សនយោបាយទាំងអស់ និងសង្គមស៊ីវិល អាចដំណើរការដោយសេរី និងគ្មានការភ័យខ្លាច ។
នៅពេលជាមួយគ្នានេះ លោក អ៊ុយហ្គោ អាស្ទូតូ បានទទូចថា ដើម្បីអោយបរិយាកាសមួយ ប្រកបដោយការទុកចិត្តគ្នានោះ គឺ រដ្ឋាភិបាល ត្រូវដោះលែងមន្ដ្រីជាន់ខ្ពស់សង្គមស៊ីវិល ដែលបានចាប់ឃុំខ្លួន ឱ្យមានសេរីភាពឡើងវិញ ។ តែបែបនេះក្ដី លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា បានឆ្លើយតបតាមរយៈសេចក្ដីថ្លែងការណ៍នេះថា សកម្មភាពរបស់ តុលាការ ដែលបានអនុវត្តរហូតមកដល់ពេលនេះ ពុំមែនជាការព្យាបាទ ឬជាការប្រើប្រាស់ តុលាការ ដើម្បីរំខាន ដល់តួនាទីគណបក្សប្រឆាំងនោះទេ ប៉ុន្ដែ គឺជានីតិរដ្ឋនៅកម្ពុជា ។
សូមជម្រាបថា មន្ដ្រីជាន់ខ្ពស់ សង្គមស៊ីវិល ដែលសហភាពអឺរ៉ុបទទូចឱ្យដោះលែងនោះ គឺ មាន លោក នី សុខា លោក ណៃ វង់ដា លោកស្រី លឹម មុនី លោក យី សុខសាន ពួកគាត់គឺជា បុគ្គលិកនៃសមាគម ការពារសិទ្ធិមនុស្សអាដហុក។ ចំណែក លោក នី ចរិយា ជាអគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតគ.ជ.ប ក៏ត្រូវបានចាប់ឃុំខ្លួនដែរ ក្រោមបទចោទ ថា សូកប៉ាន់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ អោយនិយាយកុហក់ សមត្ថកិច្ច ករណី ខ្សែអាត់សម្លេងស្នេហារវាងកញ្ញា ជាមួយនិងបុរសម្នាក់ដែលគេថា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ៕