en     km
en     km

សហភាព​​អឺរ៉ុប​​ទទូច​​ឱ្យ​​កម្ពុជា​​ដោះ​​លែង​​មន្ដ្រី​ជាន់​ខ្ពស់​​សង្គម​​ស៊ី​វិល​​ និង​​មន្ដ្រី​គ​.​ជ​.​ប​

Share

​ភ្នំពេញ ៖ អនុប្រធាន​គ្រប់គ្រង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​របស់​សហភាព​អឺរ៉ុប​ លោក​  អ៊ុយ​ហ្គោ​ អា​ស្ទូ​តូ​ (Ugo​ ASTUTO)​ បាន​ទទូច​ឱ្យ​ដោះ​លែង​មន្ដ្រីជាន់ខ្ពស់​សង្គម​ស៊ី​វិល​ ដែល​បាន​ចាប់​ឃុំខ្លួន​ កាលពី​ថ្មីៗ​នេះ​ ខណៈ​ដែល​លោក​ បារម្ភ​អំពី​ ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ។​

court-arrested-text

​ការ​ថ្លែង​របស់​លោក​  អ៊ុយ​ហ្គោ​ អា​ស្ទូ​តូ​ ធ្វើ​ឡើង​តាម​រយៈ​សេចក្ដីថ្លែងការណ៍​រួម​ នៃ​ កិច្ចប្រជុំ​គណៈកម្មាធិការ​ជម្រុះ​កម្ពុជា​-​សហភាព​អឺរ៉ុប​ លើក​ទី​៩​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ កាលពី​ថ្ងៃ​ទី​៤​ ឧសភា​ នៅ​រាជធានី​ភ្នំពេញ​ ។​​

​ក្នុង​សេចក្ដីថ្លែងការណ៍​កម្រាស់​ពីរ​ទំព័រ​ លោក​  អ៊ុយ​ហ្គោ​ អា​ស្ទូ​តូ​ បាន​ទទូច​ថា​ សហភាព​អឺរ៉ុប​គឺជា​ដៃគូរ​សហប្រតិបត្តិការ​ទ្វេភាគី​ ជាមួយ​ប្រទេស​កម្ពុជា​ លើ​គ្រប់​វិស័យ​ទាំងអស់​ ដែល​ក្នុង​នោះ​ មាន​ទាំង​ពា​និ​ជ្ជ​កម្ម​ កសិកម្ម​ និង​អភិបាលកិច្ច​សង្គម​ផង​ដែរ​ ។​ ប៉ុន្ដែ​លោក​ បាន​បញ្ជាក់​ថា​ បញ្ហា​ដែរ​ត្រូវ​ពិនិត្យ​មើល​បន្ថែម​ទៀត​នោះ​ គឺ​ការ​គ្រប់គ្រង​ដីធ្លី​ និង​ដំណោះស្រាយ​ ទំនាស់​ដីធ្លី​ វិសាលភាព​សម្រាប់​សង្គម​ស៊ី​វិល​ កិច្ច​សន្ទនា​ប្រជាធិបតេយ្យ​ និង​កែទម្រង់​ការ​បោះ​ឆ្នោត​ គឺជា​ ចំនុច​សំខាន់​បំផុត​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី​ជាមួយ​កម្ពុជា​ ។​ លោក​ បាន​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​នេះ​ទៀត​ថា​ សហភាព​អឺរ៉ុប​ ត្រូវ​ស្នើ​ទៅ​រាជរដ្ឋាភិបាល​បង្កើត​ឡើង​ និង​ រក្សា​បរិយាកាស​មួយ​ដែល​គណបក្ស​នយោបាយ​ទាំងអស់​ និង​សង្គម​ស៊ី​វិល​ អាច​ដំណើរការ​ដោយ​សេរី​ និង​គ្មាន​ការ​ភ័យ​ខ្លាច​ ។​​

​នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​ អ៊ុយ​ហ្គោ​ អា​ស្ទូ​តូ​ បាន​ទទូច​ថា​ ដើម្បី​អោយ​បរិយាកាស​មួយ​ ប្រកបដោយ​ការ​ទុកចិត្ត​គ្នា​នោះ​ គឺ​ រដ្ឋាភិបាល​ ត្រូវ​ដោះ​លែង​មន្ដ្រីជាន់ខ្ពស់​សង្គម​ស៊ី​វិល​ ដែល​បាន​ចាប់​ឃុំខ្លួន​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ។​ តែ​បែប​នេះ​ក្ដី​ លោក​ អ៊ុ​ច​ បូរ​រិ​ទ្ធ​ រដ្ឋលេខាធិការ​ ក្រសួងការបរទេស​កម្ពុជា​ បាន​ឆ្លើយ​តប​តាម​រយៈ​សេចក្ដីថ្លែងការណ៍​នេះ​ថា​ សកម្មភាព​របស់​ តុលាការ​ ដែល​បាន​អនុវត្ត​រហូត​មក​ដល់​ពេល​នេះ​ ពុំ​មែន​ជា​ការ​ព្យាបាទ​ ឬ​ជា​ការ​ប្រើប្រាស់​ តុលាការ​ ដើម្បី​រំខាន​ ដល់​តួនាទី​គណបក្សប្រឆាំង​នោះ​ទេ​ ប៉ុន្ដែ​ គឺជា​នីតិរដ្ឋ​នៅ​កម្ពុជា​ ។​​

​សូម​ជម្រាប​ថា​ មន្ដ្រីជាន់ខ្ពស់​ សង្គម​ស៊ី​វិល​ ដែល​សហភាព​អឺរ៉ុប​ទទូច​ឱ្យ​ដោះ​លែង​នោះ​ គឺ​ មាន​ លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ លោកស្រី​ លឹ​ម​ មុនី​ លោក​ យី​ សុខ​សាន​ ពួក​គាត់​គឺជា​ បុគ្គលិក​នៃ​សមាគម​ ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​។​ ចំណែក​ លោក​ នី​ ចរិយា​ ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​គ​.​ជ​.​ប​ ក៏​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដែរ​ ក្រោម​បទ​ចោទ​ ថា​ សូកប៉ាន់​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ អោយ​និយាយ​កុហក់​ សមត្ថកិច្ច​ ករណី​ ខ្សែអាត់​សម្លេង​ស្នេហា​រវាង​កញ្ញា​ ជាមួយ​និង​បុរស​ម្នាក់​ដែល​គេ​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​៕

Share

Image
Image
Image