en     km
en     km

សមាជិក​​រដ្ឋសភា​​ និង​ព្រឹទ្ធសភា​ ​ជម្រុញ​​ឱ្យ​​រដ្ឋាភិ​បាល​​ព​ន្លឿ​ន​​ធ្វើ​​ច្បាប់​​ស្តី​​ពី​​គ្រឿង​​ស្រវឹង

Share

​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ បាន​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ ធ្វើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​ ដោយសារ​តែ​មានការ​សំណូម​ពី​ក្រុម​យុវជន​ និង​មើលឃើញ​ថា​ គ្រឿង​ស្រវឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សង្គម​ជាដើម​ ។​ ការ​ជម្រុញ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ដល់​ជ័យ​លា​ភី​«​ការ​បង្កើត​វី​ដេ​អូ​ស្តី​ពី​ផល​ប៉ះពាល់​គ្រឿង​ស្រវឹង​ទៅ​លើ​យុវជន​»​ នៅ​ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ នៅ​សណ្ឋាគារ​អ៊ី​ន​ធើ​ខន​ធី​ណ​ង់​តា​ល់​ រាជធានី​ភ្នំពេញ​ ។​ កញ្ញា​ឆេ​ង​ ណា​តា​រាយ​ការ​ព័ត៌មាន​នេះ​៖

 

senat-Law-beer
​សមាជិក​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ ធ្វើ​សញ្ញា​ ដើម្បី​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​

​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ គឺ​លោក​ អាំ​ សំអាត​ លេខាធិការ​គណៈកម្មការ​ទី​៨​ព្រឹទ្ធសភា​ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ ព​ន្លឿ​ន​អនុម័ត​សេចក្តីព្រាងច្បាប់​ ស្តី​ពី​គ្រឿង​ស្រវឹង​ ដោយ​រក្សា​នូវ​ខ្លឹមសារ​ ដែល​ឈរ​លើ​សុខភាព​សារ​ធា​ណៈ​ ជា​ពិសេស​បញ្ចូល​នូវ​វិធានការ​បួន​ចំណុច​ ។​​

​វិធានការ​បួន​ចំណុច​ដែល​លោក​ អាំ​ សំអាត​ ចង់ឱ្យ​ដាក់​បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​នេះ​ ឱ្យ​ខាន​តែ​បាន​ គឺ​ការ​ហាមឃាត់​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ ការ​តម្លើង​ពន្ធ​ផលិតផល​គ្រឿង​ស្រវឹង​ ការ​កំណត់​ភាព​ងាយ​រកបាន​នូវ​គ្រឿង​ស្រវឹង​ និង​ការ​កំណត់​អាយុ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​។​ លោក​ចាត់​ទុក​ថា​ វិធានការ​ទាំង​បួន​នេះ​ នឹង​មាន​ប្រសិទ្ធភាព​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ ។​

​លោក​បញ្ជាក់​បន្ថែម​ថា​«​ក្នុង​នាម​អ្នកធ្វើការ​ពាក់ព័ន្ធ​នឹង​ច្បាប់​ យើងខ្ញុំ​សូម​ទទួលយក​នូវ​សំនូមពរ​ល្អៗ​របស់​ក្មួយៗ​ ដើម្បី​ជា​គំនិត​សម្រាប់​នៅ​ពេល​ជជែក​ពិភាក្សា​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​….​វា​ដល់​ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​បង្ការ​និង​ការពារ​យុវជន​ពី​អន្តរាយ​នៃ​ការ​សេព​គ្រឿង​ស្រវឹង​ ដើម្បី​អោយ​ពួក​គេ​ក្លាយជា​សរសរ​ទ្រូង​ដ៏​រឹង​មាំ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​តទៅ​ថ្ងៃ​អនាគត​ ។​»​

​ចំណែក​លោក​ ជីវ​ ក​ក្តា​ សមាជិក​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា​ បាន​ថ្លែង​ថា​ ដោយសារ​តែ​កម្ពុជា​ នៅ​មិន​ទាន់​មានច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​ ទើប​មានការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​គ្រប់​ទីកន្លែង​ មានការ​លក់​ទិញ​ដោយ​សេរី​។​ លោក​បន្ត​ថា​ បញ្ហា​នេះ​គឺជា​ហានិភ័យ​ដ៏​ធំ​សម្រាប់​ការ​អភិវឌ្ឍន៍​កម្ពុជា​ ហើយ​បើ​នៅ​តែ​បណ្តែតបណ្ដោយ​មិន​អោយ​មានច្បាប់​គ្រប់គ្រង​ទេ​នោះ​ យុវជន​ដែល​គេ​ហៅ​ថា​ ជា​ទំពាំង​ស្នង​ឬ​ស្សី​ នឹង​ជា​ក្លាយ​ទំពាំង​រលួយ​ ដែល​មិន​អាច​ដុះ​ចេញ​ជា​ឬ​ស្សី​បាន​ទេ​។​

​សមាជិក​រដ្ឋសភា​រូប​នេះ​ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​អនុម័ត​ទៅ​លើ​សេចក្តីព្រាងច្បាប់​ ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​អោយ​បាន​ឆាប់​ ដើម្បី​បញ្ជូន​មក​ក្រុម​នីតិប្បញ្ញត្តិ​ពិនិត្យ​ និង​អនុម័ត​។​

​ឆ្លើយ​តប​នឹង​ការ​ទទូច​របស់​សមាជិក​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ លោកស្រី​វេជ្ជបណ្ឌិត​ រ៉ា​យ​ រ៉ា​នី​ តំណាង​ក្រសួងសុខាភិបាល​ បានឱ្យ​ដឹង​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​នេះ​ ក្រសួង​បាន​ព្រាង​ចប់​សព្វគ្រប់​ហើយ​។​ លោកស្រី​បន្ត​ថា​ ក្រសួង​កំពុង​ប្រមូល​ទិន្នន័យ​បន្ថែម​ទៀត​ ដើម្បី​ពេល​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ យុវជន​ សៅ​ ចាន់​សុធា​រៈ​ និស្សិត​ឆ្នាំ​ទី​៣​នៃ​វិទ្យាស្ថាន​ស៊ី​តិច​ ដែល​ទទួល​បាន​ជ័យ​លោ​ភី​លេខ​មួយ​ ពី​ការ​ប្រកួត​វី​ដេ​អូ​អប់រំ​ស្តី​ពី​ផល​ប៉ះពាល់​គ្រឿង​ស្រវឹង​ទៅ​លើ​យុវជន​ បាន​លើក​ឡើង​ថា​ ការ​សេព​គ្រឿង​ស្រវឹង​ បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងច្រើន​ ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ ការ​ប្រើប្រាស់​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ ការ​ខាតបង់​ថវិកា​ និង​បាត់បង់​ធនធានមនុស្ស​ដែល​ជាស​រសរ​ទ្រូង​ជាតិ​ ជាដើម​។​ លោក​ចង់ឱ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​អនុម័ត​ច្បាប់​ ស្តី​ពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​«​បើ​ច្បាប់​នេះ​ធ្វើ​បាន​ ល្អ​មែនទែន​ដូច​ខាង​គាត់​បាន​លើក​ហើយ​បួន​ចំណុច​..​។​»

​យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ មាន​មនុស្ស​៣​លាន​៣​សែន​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ជា​រៀង​រាល់​ឆ្នាំ​ ដោយសារ​តែ​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​សេព​គ្រឿង​ស្រវឹង​ ។​ ផល​ប៉ះពាល់​អវិជ្ជមាន​ធំៗ​ដែល​បណ្តាល​មក​ពី​ការ​សេព​គ្រឿង​ស្រវឹង​រួម​មាន​ ខាតបង់​សេដ្ឋកិច្ច​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ គ្រោះថ្នាក់​ចរាចរណ៍​ និង​បង្ក​ជា​ជំងឺឆ្លង​ជាង​២០០​មុខ​។​ របាយ​ការ​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា​ រៀង​រាល់​មួយ​នាទី​ មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ ដោយសារ​គ្រឿង​ស្រវឹង​ ៕

Share

ព័ត៌មានទាក់ទង

Image