ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានព្រមាន ម្ចាស់សំណង់ វិស្វករ ឬអ្នកគូរប្លង់អគារទាំងអស់ ដែលមិនគោរពទៅតាមបទដ្ឋានបច្ចេកទេស និងច្បាប់សាងសង់ត្រឹមត្រូវនោះ ក្រសួងនឹងចាត់វិធានការណ៍ទៅលើអ្នកដែលពាក់ព័ន្ធទាំងនោះ ។ ការថ្លែងរបស់ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើទ្បើងនៅក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់ The Peak Project នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ខែឧសភា ។ លោក ជួន សារ៉េត រាយការន៍ពីព័ត៌មាននេះ៖
ម្ចាស់សំណង់ វិស្វករ អ្នកគូរប្លង់អគារទាំងអស់ ដែលមិនគោរពទៅតាមបទដ្ឋានគតិយុត្តនៃការសាងសង់ និងច្បាប់សាងសង់ត្រឹមត្រូវទេនោះ ក្រសួងនឹងចាត់វិធានការណ៍ទៅតាមបញ្ញាត្តិនៃច្បាប់ដែលបានចែង ។ នេះជាការលើកទ្បើងរបស់ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅការសាងសង់សំណង់ អគារទាំងអស់ ប្រសិនបើពិនិត្យរកឃើញថា អ្នករចនាប្លង់ ឬវិស្វករ និងអ្នកទទួលខុសត្រូវការដ្ឋាន សំណង់ណា ដែលធ្វើខុសបទដ្ឋានបច្ចេកទេស ក្រសួងរៀបចំដែនដី នឹងសរសេរលិខិតផ្ញើជូន ទៅម្ចាស់គម្រោងដែលបានសាងសង់អាគាររបស់ខ្លួន។បើជាជនបរទេស ត្រូវផ្ញើលិខិតទៅគ្រប់បណ្ដាស្ថានទូតនៅកម្ពុជាដោយបញ្ជាក់ថា ការគូសប្លង់ និងរៀបចំប្លង់ សំណង់អគារ គឺមិនគោរពតាមច្បាប់ បទដ្ឋានបច្ចេកទេសសំណង់ និងគ្មានការទទួលខុសត្រូវចំពោះការងាររបស់ខ្លួននៅកម្ពុជា ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ជៀម សុផលមករា បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា ប្រសិនបើសំណង់ដែលសាងសង់ទ្បើងមិនបានគោរពទៅតាមច្បាប់សាងសង់ ឬបទដ្ឋានបច្ចេកទេស ដែលក្រសួងមិនតំរូវឱ្យសាងសង់ទេនោះ ម្ចាស់គម្រោងសាងសង់ វិស្វករ និងភាគីពាក់ព័ន្ធមួយចំនួនដែលបានចេញប្លង់នោះត្រូវប្រឈមនឹងមុខច្បាប់។
លោក ជៀម សុផលមករា ស្នើឱ្យម្ចាស់គម្រោងសាងសង់អគារ ក៏ដូចជាវិស្វករ និងភាគីពាក់ព័ន្ធផ្សេងៗទៀតក្នុងការសាងសង់អគារត្រូវគោរពទៅតាមវិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដោយមិនត្រូវធ្វេសប្រហែសពីតួនាទីរបស់ខ្លួនឡើយ ។ ប្រសិនបើការសង់សង់អគារមិនគោរពទៅតាមច្បាប់សាងសង់ទេនោះ អ្នកដែលគូរប្លង់ ត្រូវប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា ៖ «ទី០១គឺគាត់បាត់ទំនុកចិត្តពីគេហៅថាអតិថិជនរបស់គាត់ហ្នឹងណាដែលជាម្ចាស់គម្រោងសាងសង់ឧបមថាគាត់គូសឱ្យគម្រោងណាមួយ អញ្ចឹងគេហៅថាវាខុស និយាយខុសហើយអញ្ចឹងគេអាចប្រាប់តៗគ្នាកុំឱ្យរកគាត់ អាហ្នឹងវាបាត់បង់ផ្នែកសេដ្ឋកិច្ច…»។
ទាក់ទងនឹងបញ្ហានេះដែរ នាយកប្រតិបត្តិសម្ព័ន្ធគណេនយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានមានប្រសាសន៍ថា ការព្រមានតែមួយមុខទៅលើម្ចាស់សំណង់ វិស្វករ អ្នកគូរប្លង់អគារជាដើម មិនទាន់គ្រប់គ្រាន់នោះទេ។ លោក សន ជ័យបន្តថារដ្ឋមន្ត្រីក្រសួងសាមីត្រូវពិនិត្យទៅលើកិច្ចការមន្ត្រីរបស់ខ្លួនជាមុនសិន មុននឹងចាត់វិធានការណ៍ទៅលើអ្នកដទៃ។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា «ការព្រមានតែមួយមុខទៅលើអ្នកដែលគូរប្លង់ខ្ញុំគិតថាមិនគ្រប់គ្រាន់ទេ ព្រោះអីគ្រប់ប្លង់ទាំងទ្បាយដែលមុននឹងឈានទៅដល់ការសុំការអនុញ្ញាត្តិហ្នឹងគឺមានការត្រួតពិនិត្យពីការរិយាល័យផ្នែកសំណង់នៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ហ្នឹងអញ្ចឹងពិតជាមានការត្រួតពិនិត្យហើយ…»។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា បច្ចុប្បន្ននេះ ទុនវិនិយោគក្នុងវិស័យសំណង់ចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៤ មានអ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេសដែលបានបោះទុនរួមគ្នាវិនិយោគលើវិស័យសំណង់ជាមធ្យមចំនួន ២,៧៧៣ លានដុល្លារអាមេរិក ហើយគិតត្រឹមឆ្នាំ២០១៥ ទុនវិនិយោគសរុប មានរហូតដល់ ២,៩៣៦ លានដុល្លារអាមេរិក។ នេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ៕