ភ្នំពេញ ៖ ឯកអគ្គរាជទូតនៃប្រទេសអង់គ្លេសប្រចាំនៅកម្ពុជា បានទទូចឲ្យអ្នកនយោបាយកម្ពុជាធ្វើការសម្របសម្រួលផ្នែកនយោបាយ និងជួយការពារសិទ្ធិជាមូលដ្ឋាន ដើម្បីទាញស្ថានការណ៍នយោបាយកំពុងឡើងកម្តៅក្នុងមួយរយៈចុងក្រោយនេះ វិលមករកភាពដើមវិញ ។ ឯកអគ្គរាជទូត លើកឡើងបែបនេះ បន្ទាប់ពីមន្ត្រីការពារសិទ្ធិមនុស្ស៤រូប និងអគ្គលេខាធិការរង គ.ជ.ប ១រូបជាប់ឃុំខ្លួននៅពន្ធនាគារ ។ តែបក្សកាន់អំណាច ចាត់ទុក អ្នកការទូតបរទេសរូបនេះលំអៀងទៅរកបក្សប្រឆាំង ។លោក ធូ វិរៈ លម្អិតព័ត៌មាននេះ
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រីFM102 លោក William Longhurst ឯកអគ្គរាជទូតនៃប្រទេសអង់គ្លេស ប្រចាំប្រទេសកម្ពុជាបានលើកឡើងថាគណបក្សនយោបាយធំៗទាំងពីរ ដែលមានអាសនៈនៅក្នុងរដ្ឋសភាត្រូវសម្របសម្រួលគ្នាផ្នែកនយោបាយ ដើម្បីទាញកម្តៅនយោបាយ ត្រឡប់ថយក្រោយវិញ ។ លោកបញ្ជាក់ថា អង់គ្លេសត្រូវតាមដានសភាពការណ៍នេះ យ៉ាងយកចិត្តដាក់ ។
ការសែត ខេមបូឌាដេលីជាភាសាអង់គ្លេង បានចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា រួមមានស្ថានទូតអាមេរិក ស្ថានទូតបារាំង ស្ថានទូតជប៉ុន និងស្ថានទូតស្វីស ស្ថានទូតសុយអែត បានសម្តែងក្តីបារម្ភអំពីស្ថានការណ៍នយោបាយកម្ពុជា កំពុងមានភាពតានតឹង ខណៈមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកមួយចំនួន និងអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមទាំងមន្ត្រីអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា រងការចោទប្រកាន់តាមប្រព័ន្ធតុលាការ ក្នុងរឿងអាស្រូវផ្លូវភេទ ។
តាមកាសែតនេះ ស្ថានទូតទាំងនោះ ទទូចឱ្យអ្នកនយោបាយ កម្ពុជា សម្របសម្រួល ដើម្បីធ្វើអោយសភាពការណ៍ វិលមករក ប្រក្រតីវិញ ។ ការព្រួយបារម្ភរបស់ មន្ត្រីទូតទាំងនេះ ធ្វើឡើង បន្ទាប់ពីតុលាការក្រុងភ្នំពេញសម្រេចបញ្ជូនមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក ៤រូប និងអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឃុំខ្លួន នៅពន្ធនាគារ និងមន្ទីឃុំឃាំងស្នងការនគរបាលរាជធានីភ្នំពេញ ។
សមាគមអាដហុកទាំង៤រូបនេះមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់ដា និង លោកស្រី លឹម មុនី ពីបទសូកប៉ាន់និង លោក នី ចរិយា មន្ត្រី គ.ជ.ប ពីបទសមគំនិត ករណីកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ក្រោមក្រមព្រហ្មទណ្ឌមាត្រា ៥៤៨ មានស្ថានទំងន់ទោស ពី៥ឆ្នាំទៅ ១០ឆ្នាំ។ ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិផ្នែក សិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ។ ប៉ុន្តែ លោក សឺន សាលី មិនបានចូលខ្លួនទៅបំភ្លឺនៅតុលាការឡើយ ។
បើទោះជាយ៉ាងនេះក្ដីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានរិះគន់ទៅស្ថានទូតប្រចាំនៅកម្ពុជាមួយចំនួនេះ ថាលម្អៀងទៅរកគណបក្សជំទាស់ ។ លោកបានបដិសេធថា ស្ថានការណ៍នយោបាយកម្ពុជាមិនបានឡើងកម្តៅដូចការលើកឡើងឡើយ ។ អ្នកនាំពាក្យរូបនេះ បានអំពាវនាវ ទៅកាន់អ្នកនយោបាយនៃគណបក្សសង្គ្រោះជាតិថា បើមិនចង់ឲ្យស្ថានការណ៍នយោបាយឡើងកម្តៅ សូមកុំឲ្យអ្នកនយោបាយប្រឆាំងប្រព្រឹត្តិបទល្មើស ។
ជុំវិញស្ថានការណ៍នយោបាយកម្ពុជាចុងក្រោយនេះ អ្នកជំនាញអភិបាលកិច្ច និងប្រជាធិបតេយ្យ លោកបណ្ឌិត ចាន់ វិបុល មានប្រសាសន៍ថា ការសម្តែងក្តីបារម្ភពីស្ថានទូតលោកខាងលិចមួយចំនួនគឺជាការដាក់សម្ពាធមួយដល់រាជរដ្ឋាភិបាល ដើម្បីទាញស្ថានការណ៍នយោបាយមកភាពដើមវិញ ។ លោកបណ្ឌិត បន្តថា ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជាផ្តល់ទំនុកចិត្តដល់ប្រទេសម្ចាស់ជំនួយ គឺរដ្ឋាភិបាលត្រូវទម្លាក់ការចោទប្រកាន់ និងដោះលែងមន្ត្រីការពារសិទ្ធិមនុស្សទាំងនោះឲ្យមានសេរីភាពឡើងវិញ ។
កាលពីថ្មីៗនេះ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិប្រមាណ៦០ចាត់ទុកចំណាត់ការរបស់តុលាការក្រុងភ្នំពេញ និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចាត់ការលើអង្គការសង្គមស៊ីវិលថា មានចរិតនយោបាយហើយថា ទង្វើរបស់ស្ថាប័នទាំងពីរនោះ គឺជាឧបករណ៍របស់រដ្ឋាភិបាលក្នុងការបង្ក្រាបអង្គការសង្គមស៊ីវិលតែប៉ុណ្ណោះ ។ អង្គការទាំងនេះរិះគន់ថាជាការប្រើប្រាស់ប្រព័ន្ធតុលាការ និងស្ថាប័នរដ្ឋដោយខុសនីតិវិធី គឺដើម្បីជាឧបករណ៍គំរាមកំហែងបង្កើតជាករណីព្រហ្មទណ្ឌ និងដាក់ទោសចំពោះសកម្មភាពស្របច្បាប់របស់មន្ត្រីការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល ។
ទោះជាបែបនេះក្ដី តំណាងរាស្ត្រ សង្គ្រោះជាតិ ៣រូប រួមទាំង លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរាជធានីភ្នំពេញ ចេញដីការកោះហៅ នៅសប្ដាហ៍ក្រោយនេះ ករណីបណ្ដឹងរបស់ កញ្ញា ធី សុវណ្ណថា និង ករណី ពេស្យាចារ ដែលគេសង្ស័យថាទាក់ទិន កញ្ញា ស្រីមុំ ៕