en     km
en     km

ឯក​អគ្គ​រាជ​ទូត​​អង់គ្លេស​​ ទទូច​​ឲ្យ​​កម្ពុជា​​ទម្លាក់​​ស្ថាន​​ការ​​នយោបាយ​​ឡើង​ក​ម្តៅ​​មក​​រក​​ភាព​​ធម្មតា​​វិញ​

Share

​ភ្នំពេញ ៖ ឯកអគ្គរាជទូត​នៃ​ប្រទេស​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ បាន​ទទូច​ឲ្យ​អ្នកនយោបាយ​កម្ពុជា​ធ្វើការ​សម្របសម្រួល​ផ្នែក​នយោបាយ​ និង​ជួយ​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​ ដើម្បី​ទាញ​ស្ថានការណ៍​នយោបាយ​កំពុង​ឡើងក​ម្តៅ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ វិល​មក​រក​ភាព​ដើម​វិញ​ ។​ ឯកអគ្គរាជទូត​ លើក​ឡើង​បែប​នេះ​ បន្ទាប់​ពី​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​៤​រូប​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ១​រូប​ជាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ ។​ តែ​បក្ស​កាន់​អំណាច​ ចាត់​ទុក​ អ្នកការទូត​បរទេស​រូប​នេះ​លំអៀង​ទៅ​រក​បក្ស​ប្រឆាំង​ ។​​លោក​ ធូ​ វិ​រៈ​ លម្អិត​ព័ត៌មាន​នេះ​

 

English-Embassador-text
ឯកអគ្គរាជទូត​នៃ​ប្រទេស​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ លោក​ William​ Longhurst​

​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​FM102​ លោក​ William​ Longhurst​ ឯកអគ្គរាជទូត​នៃ​ប្រទេស​អង់គ្លេស​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ត្រូវ​សម្របសម្រួល​គ្នា​ផ្នែក​នយោបាយ​ ដើម្បី​ទាញ​កម្តៅ​នយោបាយ​ ត្រឡប់​ថយក្រោយ​វិញ​ ។​ ​លោក​បញ្ជាក់​ថា​ អង់គ្លេស​ត្រូវ​តាមដាន​សភាពការណ៍​នេះ​ យ៉ាង​យកចិត្ត​ដាក់​ ។​

​លោក​ William​ Longhurst​ ថា​៖«​ទាក់​ទង់​ជាមួយ​ចំនុច​នេះ​គឺ​យើង​ចង់​បញ្ជាក់​ថា​ យើង​ពិតជា​តាមដាន​ស្ថានការណ៍​នយោបាយ​កំពុង​តែ​កើតឡើង​យ៉ាង​ជិតដិត​ ហើយ​ធ្វើការ​អំពាវនាវ​ដល់​គណបក្ស​ ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​ធ្វើការ​សម្របសម្រួល​គ្នា​ ក៏​ដូច​ជា​សហ​ការណ៍​គ្នា​ ហើយ​ធ្វើ​យ៉ាងណា​ជួយ​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​សម្រាប់​ឧត្តម​ប្រយោជន៍​ប្រទេស​កម្ពុជា​»​ ។​

​ការ​សែត​ ខេ​ម​បូ​ឌា​ដេ​លី​ជា​ភាសា​អង់​គ្លេ​ង​ បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ស្ថានទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា​ រួម​មាន​ស្ថានទូត​អា​មេ​រិ​ក​ ស្ថានទូត​បារាំង​ ស្ថានទូត​ជប៉ុន​ និង​ស្ថានទូត​ស្វី​ស​ ស្ថានទូត​សុ​យ​អែ​ត​ បាន​សម្តែង​ក្តី​បារម្ភ​អំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា​ កំពុង​មាន​ភាព​តានតឹង​ ខណៈ​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​កមួយ​ចំនួន​ និង​អគ្គលេខាធិការ​រង​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ រួម​ទាំង​មន្ត្រី​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ រង​ការ​ចោទប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​ ក្នុង​រឿងអាស្រូវ​ផ្លូវភេទ​ ។​

​តាម​កាសែត​នេះ​ ស្ថានទូត​ទាំងនោះ​ ទទូច​ឱ្យ​អ្នកនយោបាយ​ កម្ពុជា​ សម្របសម្រួល​ ដើម្បី​ធ្វើ​អោយ​សភាពការណ៍​ វិល​មក​រក​ ប្រក្រតី​វិញ​ ។​ ​ការ​ព្រួយបារម្ភ​របស់​ មន្ត្រី​ទូត​ទាំងនេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​តុលាការក្រុង​ភ្នំពេញ​សម្រេច​បញ្ជូន​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ៤​រូប​ និង​អគ្គលេខាធិការ​រង​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ឃុំខ្លួន​ នៅ​ពន្ធនាគារ​ និង​មន្ទី​ឃុំឃាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ។​

​សមាគម​អា​ដ​ហុ​ក​ទាំង​៤​រូប​នេះ​មាន​ លោក​ នី​ សុខា​ លោក​ យី​ សុខសាន្ត​ លោក​ ណៃ​ វង់​ដា​ និង​ លោកស្រី​ លឹ​ម​ មុនី​ ពី​បទ​សូកប៉ាន់​និង​ លោក​ នី​ ចរិយា​ មន្ត្រី​ គ​.​ជ​.​ប​ ពី​បទ​សមគំនិត​ ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ក្រោម​ក្រមព្រហ្មទណ្ឌ​មាត្រា​ ៥៤៨​ មាន​ស្ថាន​ទំងន់ទោស​ ពី​៥​ឆ្នាំទៅ​ ១០​ឆ្នាំ​។​ ​ជាមួយ​គ្នា​នេះ​ លោក​ សឺ​ន​ សាលី​ ជា​មន្ត្រី​អង្គការសហប្រជាជាតិ​ផ្នែក​ សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ ។​ ប៉ុន្តែ​ លោក​ សឺ​ន​ សាលី​ មិន​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ឡើយ​ ។​

​បើ​ទោះជា​យ៉ាងនេះ​ក្ដី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​រិះគន់​ទៅ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុ​ជាមួយ​ចំ​នួ​នេះ​ ថា​លម្អៀង​ទៅ​រក​គណបក្សជំទាស់​ ។​ ​លោក​បាន​បដិសេធ​ថា​ ស្ថានការណ៍​នយោបាយ​កម្ពុជា​មិន​បាន​ឡើងក​ម្តៅ​ដូច​ការ​លើក​ឡើង​ឡើយ​ ។​ អ្នកនាំពាក្យ​រូប​នេះ​ បាន​អំពាវនាវ​ ទៅ​កាន់​អ្នកនយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ បើ​មិន​ចង់​ឲ្យ​ស្ថានការណ៍​នយោបាយ​ឡើងក​ម្តៅ​ សូមកុំ​ឲ្យ​អ្នកនយោបាយ​ប្រឆាំង​ប្រព្រឹត្តិ​បទល្មើស​ ។​

​លោក​ សុខ​ ឥ​សាន្ត​ ៖«​សភាព​ការ​ដែល​ក្តៅ​ ដែល​គាត់​ស្រែក​ក្តៅៗ​ បញ្ហា​និង​គ្រាន់តែ​ជា​វោហា​សាសន៍​នយោបាយ​ ដើម្បី​បំភាន់​មតិ​សាធារណៈ​ឲ្យ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ​ ។​ អ​ញ្ចឹ​ង​សូម​បរទេស​លោក​ពិចារណា​អំពី​បរិបទ​នយោបាយ​នៅ​កម្ពុជា​ឲ្យ​ច្បាស់​ ចេះ​តែ​ចោទ​គណបក្សកាន់អំណាច់​ រឹត​ត្បឹ​ត​គាបសង្កត់​គណបក្សប្រឆាំង​ តាម​ពិត​គណបក្សប្រឆាំង​បង្កើត​បញ្ហា​ខ្លួនឯង​ ហើយ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​មុខ​ច្បាប់​»​ ។​

​ជុំវិញ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ចុង​ក្រោយ​នេះ​ អ្នកជំនាញ​អភិបាលកិច្ច​ និង​ប្រជាធិបតេយ្យ​ លោក​បណ្ឌិត​ ចាន់​ វិបុល​ មាន​ប្រសាសន៍​ថា​ ការ​សម្តែង​ក្តី​បារម្ភ​ពី​ស្ថានទូត​លោក​ខាងលិច​មួយ​ចំនួន​គឺជា​ការ​ដាក់​សម្ពាធ​មួយ​ដល់​រាជរដ្ឋាភិបាល​ ដើម្បី​ទាញ​ស្ថានការណ៍​នយោបាយ​មក​ភាព​ដើម​វិញ​ ។​ ​លោក​បណ្ឌិត​ បន្ត​ថា​ ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ទំនុកចិត្ត​ដល់​ប្រទេស​ម្ចាស់​ជំនួយ​ គឺ​រដ្ឋាភិបាល​ត្រូវ​ទម្លាក់​ការ​ចោទប្រកាន់​ និង​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំងនោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ។​

​លោក​ ចាន់​ វិបុល​ ៖«​ទាក់ទង​រដ្ឋាភិបាល​មាន​២​ចំនុច​គឺ​ រាជរដ្ឋាភិបាល​ទម្លាក់​ការ​ចោទ​ និង​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​ឲ្យ​មាន​សេរីភាព​ឡើង​វី​ញ​ ហើយ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ប្រព័ន្ធ​នៃ​ការ​ត្រួតពិនិត្យ​នៃ​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​កម្ពុជា​ ជា​ពិសេស​ ពិនិត្យ​ទៅ​លើ​មន្ត្រីរាជការ​ដែល​បាន​ទទួល​ប្រយោជន៍​អំពី​អំពើ​ពុក​រលួយ​» ។​

​កាលពី​ថ្មីៗ​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​៦០​ចាត់​ទុក​ចំណាត់ការ​របស់​តុលាការក្រុង​ភ្នំពេញ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​បាន​ចាត់ការ​លើ​អង្គការ​សង្គម​ស៊ី​វិល​ថា​ មាន​ចរិត​នយោបាយ​ហើយ​ថា​ ទ​ង្វើ​របស់​ស្ថាប័ន​ទាំង​ពីរ​នោះ​ គឺជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ី​វិល​តែ​ប៉ុណ្ណោះ​ ។​ អង្គការ​ទាំងនេះ​រិះគន់​ថា​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ និង​ស្ថាប័នរដ្ឋ​ដោយ​ខុស​នីតិវិធី​ គឺ​ដើម្បី​ជា​ឧបករណ៍​គំរាមកំហែង​បង្កើត​ជា​ករណី​ព្រហ្មទណ្ឌ​ និង​ដាក់ទោស​ចំពោះ​សកម្មភាព​ស្របច្បាប់​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​អង្គការ​សង្គម​ស៊ី​វិល​ ។​

​ទោះជា​បែប​នេះ​ក្ដី​ តំណាងរាស្ត្រ​ សង្គ្រោះ​ជាតិ​ ៣​រូប​ រួម​ទាំង​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ ចេញ​ដីការ​កោះហៅ​ នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​ ករណី​បណ្ដឹង​របស់​ កញ្ញា​ ធី​ សុវណ្ណ​ថា​ និង​ ករណី​ ពេស្យាចារ​ ដែល​គេ​សង្ស័យ​ថា​ទាក់ទិន​ កញ្ញា​ ស្រី​មុំ​ ៕​

Share

Image
Image
Image