ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ ប្រកាសមិនឲ្យតំណាងរាស្ដ្ររបស់ខ្លួនចូលទៅបំភ្លឺ ទៅតាមដីការកោះរបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលគណបក្សប្រឆាំងនេះ បានហៅថាជាការរំលោភបំពានរដ្ឋធម្មនុញ្ញ ។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិបានផ្សព្វផ្សាយនៅថ្ងៃនេះ សរសេរថាក្រុមសមាជិកសភារបស់គណបក្សនេះយល់ឃើញថា ការចេញដីការកោះហៅតំណាងរាស្ដ្រ ដែលមានអភ័យឯកសិទ្ធ សភា ពីសំណាក់ សាលាដំបូងរាជធានីភ្នំពេញ គឺជាការប្រើអំណាចដោយរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ លើអភ័យឯកសិទ្ធិសភា របស់អ្នកតំណាងរាស្ដ្រ ដែលធានាដោយមាត្រា៨០ នៃរដ្ឋធម្មនុញ្ញកម្ពុជា ។
សេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំងបានបន្ដទៀតថា ក្រសួងមានសមត្ថកិច្ច ត្រូវធ្វើសេច ក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច ។ ក្នុងន័យនេះ គណៈកម្មាធិការអចិន្ដ្រៃយ៍នៃរដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័ត តាមមតិ២ភាគ៣ នៃសមាជិកសភាទាំងមូល ។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ធ្វើឡើងបន្ទាប់ពីអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ឱ្យចូលខ្លួនបំភ្លឺ ទាក់ទិននិងសំណុំរឿងរបស់កញ្ញា ធី សុវណ្ណថា និងតំណាងរាស្ដ្រ២រូប ពាក់ព័ន្ធនឹងសំណុំរឿងមួយ ដែលតុលាការ ហៅថាករណី ពេស្យាចារ ហើយទំនងពាក់ព័ន្ធទៅនឹង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ។
ដីការកោះហៅ លោកកឹម សុខា អោយចូលទៅតុលាការ គឺ ថ្ងៃទី១១ ឧសភា ហើយ តំណាង រាស្ដ្រ២រូបទៀត នៅថ្ងៃទី១១ ឧសភានេះដែរ ៕