នៅថ្ងៃព្រហស្បត្តិ៍ ទី២ ខែកក្កដា ឆ្នាំ២០១៥នេះ អ្នកកាសែត រួមទាំងសង្គមស៊ីវិលបានថោ្កលទោសទង្វើរបស់លោក ឈាង វុន តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា ដែលបានបញ្ជាអោយសន្តិសុខបណ្ដេញអ្នកកាសែតមិនឱ្យធ្វើបទសម្ភាសន៏ព័ត៌មានជាមួយតំណាងរាស្ត្របក្សប្រឆាំងនៅក្នុងបរិវេណរដ្ឋសភាកាលពីម្សិលមិញ។ អ្នកសារព័ត៌មាននិងសង្គមស៊ីវិលយល់ថា នេះគឺជាទង្វើដែលមិនសមរម្យនិងខ្វះការយល់ដឹង។
សកម្មភាពបណ្តេញអ្នកកាសែតរបស់លោក ឈាង វុន បានធ្វើឡើង ខណៈដែលក្រុមកាសែតសុំកិច្ចសម្ភាសន៍ជាមួយលោក អ៊ុំ សំអាន តំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ រឿងសេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការមែនរដ្ឋាភិបាល បន្ទាប់ពីគណៈកម្មការជំនាញទាំងបីនៃរដ្ឋសភា បានបិទបញ្ចប់ការប្រជុំផ្ទៃក្នុងថ្ងៃទី១ ខែកក្កដា ២០១៥ ។ លោក ឈាង វ៉ុន បានព្រមានថា ក្នុងនាមលោកជាប្រធានគណៈកម្មការសភាមានសិទ្ធិនិយាយជាមួយអ្នកកាសែត ប៉ុន្តែលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពុំមានសិទ្ធិនិយាយជាមួយសារព័ត៌មានទេ។ លោក ឈាង វុន ដេញមិនឲ្យលោក អ៊ុំ សំអាន ផ្តល់បទសម្ភាសន៍នៅក្នុងបរិវេណរដ្ឋសភា និងហៅសន្តិសុខឲ្យនាំខ្លួនអ្នកសារព័ត៌មានចេញពីបរិវេណរដ្ឋសភា ហើយថែមទាំងព្រមាន កម្ទេចម៉ាស៊ីនថតរូបចោលទៀត។
«ខ្ញុំបានឃើញព្រឹត្តិការណ៍ពីម្សិលមិញ ដែលលោក ឈាង វុន បានប្រើកាយវិការច្រងេងច្រងាងដេញអ្នកការសែត…ខ្ញុំគិតថាមិនសមរម្យមិនសមហេតុផល។ រដ្ឋសភាជារបស់រដ្ឋ រដ្ឋកើតចេញពីប្រជាជន ហើយអ្នកកាសែតអាចជាតំណាងរបស់ប្រជាជន។ ខ្ញុំគិតថាគាត់គ្មានសិទ្ធិធ្វើកាយវិការច្រងេងច្រងាងដាក់អ្នកកាសែតអីចឹង ខ្ញុំឃើញថាគាត់ធ្វើមិនសមរម្យក្នុងឋានៈជាតំណាងរាស្ត្រ»។ នេះបើតាមការលើកឡើងរបស់លោក កៃ គឹមសុង និពន្ធនាយកកាសែតភ្នំពេញប៉ុស្ដិ៍ជាខេមរភាសា ឱ្យដឹងនៅថ្ងៃព្រហស្បត្តិ៍នេះ។
ព្រមពេលជាមួយគ្នា លោក ឆាយ សុផល សមាជិកគណៈកម្មការនាយកនៃក្លឹបអ្នកកាសែតកម្ពុជា ក៏បានលើកឡើងដែរថាអ្នកសារព័ត៌មានមានសិទ្ធទទួលបានព័ត៌មានពីគ្រប់ភាគីទាំងអស់មិនថាតែគណបក្សនយោបាយកាន់អំណាចឬក៏គណបក្សប្រឆាំងនោះទេ។ លោកបន្តថា ខណៈដែលលោក ឈាង វុន ហាដេញអ្នកកាសែតនិងហៅសន្តិសុខឲ្យនាំខ្លួនអ្នកកាសែតចេញនៅទីស្ថាប័នរដ្ឋ មិនឲ្យធ្វើកិច្ចសម្ភាសន៍ពីម្សិលមិញ ជាមួយនឹងអ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិនោះ គឺជារឿងមិនអាចទទួលយកបាន។ លោក ឆាយ សុផល មានប្រសាន៍បន្ថែមថា ការបណ្ដេញអ្នកកាសែត មិនឲ្យអ្នកកាសែតផ្ដល់បទសម្ភាសន៍ និងទទួលបានព័ត៌មាន លុះត្រាតែអ្នកសារព័ត៌មានប្រព្រឹត្តិអំពើខុសច្បាប់ណាមួយ។
ជុំវិញបញ្ហានេះដែរ ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា «ទង្វើហ្នឹង វាជាការរើសអើងផ្នែកនយោបាយ និងរំលោភសិទ្ធិសេរីភាពអ្នកសារព័ត៌មានដែលមានសិទ្ធិសម្ភាសន៍គ្រប់ទីកន្លែង»។
ស្រដៀងគ្នានេះដែរ អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យលោក កែម ឡី មានទស្សនៈថា សកម្មភាពដែលតំណាងរាស្រ្ដគណបក្សប្រជាជនកម្ពុជាកំពុងតែធ្វើនេះ គឺជាសកម្មភាពមិនមានរបៀបរៀបរយនិងគ្មាននីតិវិធីនិងគោលការណ៍ត្រឹមត្រូវ និងមិនច្បាស់លាស់។ អ្នកវិភាគឯករាជ្យរូបនេះ បានសង្កត់ធ្ងន់ថា សកម្មភាពអ្នកតំណាងរាស្រ្ដដេញអ្នកតំណាងរាស្រ្ដ និងអ្នកកាសែតគឺជារឿងអកុសលបំផុត៕