en     km
en     km

អង្គការ​យូ​ណេ​ស្កូ​​ ៖​ ​សេរីភាព​​សារព័ត៌មាន​​ និង​​សេរីភាព​​នៃ​​ការ​​ប្រមូលផ្តុំ​​មាន​ការ​​ធ្លាក់​ចុះ​

Share

ភ្នំពេញ ៖ ​លោកស្រី​ Anne​ Lemaistre​ តំណាង​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា​បាន​លើក​ទ្បើ​ង​ថា​ សេរីភាព​សារព័ត៌មាន​ និង​សេរីភាព​នៃ​ការ​ប្រមូលផ្តុំ​គ្នា​ មានការ​ធ្លាក់​ចុះ​នៅ​កម្ពុជា​។​ ​ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​តាម​រយៈ​អ្នកបកប្រែ​ភាសា​នៅ​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ក្រោម​ប្រធានបទ​ «​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​សិទ្ធិ​របស់​អ្នក​»​ នា​ព្រឹក​ថ្ងៃ​ទី​ ០៣​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ រាជធានី​ភ្នំពេញ​ ។​ អ្នកជំនាញ​ផ្នែក​សារព័ត៌មាន​ក៍បាន​មើលឃើញ​ដូចនេះ​ដែរ​ ។​

Khieu-Kanharith-text
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក​ ខៀវ​ កញ្ញា​រី​ទ្ធ​

​ការ​ទទួល​បាន​ព័ត៌មាន​គឺជា​សិទ្ធិ​មនុស្ស​ និង​ជា​សិទ្ធិ​មូលដ្ឋាន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ដូច​ជា​ប្រជាជន​ទូ​ទាំង​ពិភពលោក​ ។​ ការ​ទទួល​បាន​ព័ត៌មាន​នេះ​នឹង​ជួយ​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​កាន់តែ​បើក​ទូលាយ​ទៅ​ដល់​អ្នក​សារព័ត៌មាន​ អាច​ទទួល​បាន​ព័ត៌មាន​បាន​យ៉ាង​ទូលំទូលាយ​ ប៉ុន្តែ​សេរីភាព​សារព័ត៌មាន​ និង​ការ​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហាក់បីដូចជា​មានការ​ធ្លាក់​ចុះ​ ។​ នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​ តំណាង​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា​តាម​រយៈ​អ្នកបកប្រែ​ ។​

​តំណាង​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា​ លោកស្រី​ Anne​ Lemaistre​ បាន​ថ្លែង​ថា​ ក្នុង​ប្រទេស​ភ្នាក់ងារ​បម្រើ​ការងារ​ជា​អ្នក​សារព័ត៌មាន​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដូច​ជា​ការ​ចាប់ខ្លួន​ ការ​ដាក់ទោស​ និង​ការ​គំរាមកំហែង​។​ ​លោក​ ស្រី​ Anne​ Lemaistre​ បាន​បន្ត​ទៀត​ថា​ចាប់តាំងពី​ឆ្នាំ​២០១៥​រហូត​មក​ដល់​ពេល​នេះ​បុគ្គលិក​អ្នក​សារព័ត៌មាន​ និង​អ្នកកាសែត​នៅ​លើ​ពិភពលោក​ចំនួន​៨២​នាក់​ត្រូវ​បាន​គេ​សម្លាប់​។​ ​លោកស្រី​ Anne​ Lemaistre​ បន្ថែម​ទៀត​ផ្អែក​ទៅ​លើ​ ស​ន្ទ​សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ចំណាត់ថ្នាក់​លេខ​ ១២៨​ ក្នុង​ចំណោម​ប្រទេស​ ១៨០​នៅ​លើ​ពិភពលោក​សម្រាប់​សេរីភាព​សារព័ត៌មាន​។​

​យោង​តាម​ស​ន្ទ​ស្សន៍​នេះ​ប្រទេស​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ជាង​ប្រទេស​ថៃ​ ទ្បា​វ​ និង​វៀតណាម​ជាដើម​ ប៉ុន្តែ​លោកស្រី​ថា​ទោះបី​ជាស​ន្ទ​ស្សន៍​នេះ​មាន​ភាពល្អ​ប្រសើរ​ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​ក៏​ដោយ​ គឺ​រាជរដ្ឋាភិបាល​ត្រូវ​ចូលរួម​ការពារ​អ្នក​សារព័ត៌មាន​ហើយ​ ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ក្តៅៗ​ ដែល​កើត​មាន​ទ្បើ​ង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​បញ្ហា​បរិស្ថាន​ទាក់ទង​នឹង​ធនធានធម្មជាតិ​ និង​បញ្ហា​ពុក​រលួយ​ជាដើម​ ។​

​លោក​ ស្រី​ Anne​ Lemaistre​ មាន​ប្រសាសន៍​តាម​រយៈ​អ្នកបកប្រែ​យ៉ាង​ដូច្នេះ​ថា​ «​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ហាក់ដូចជា​មានការ​ថយ​ចុះ​នៃ​សេរីភាព​សារព័ត៌មាន​ និង​សេរីភាព​ក្នុង​ការ​ប្រមូលផ្តុំ​ដូច​ជា​ភាពយន្ត​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាក់​បញ្ចាំង​ ប្រជាជន​ត្រូវ​បាន​គំរាមកំហែង​ទាក់ទង​នឹង​សកម្មភាព​ទៅ​លើ​ បណ្តាញសារព័ត៌មាន​…​ »​។​

​ឆ្លើយ​តប​និង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក​ ខៀវ​ កញ្ញា​រី​ទ្ធ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា​ ទាំង​អង្គការ​សង្គម​ស៊ី​វិល​ ឬ​អ្នក​សារព័ត៌មាន​នោះ​ទេ​ត្រូវ​តែ​គោរព​ច្បាប់​ ហើយ​ប្រ​សិន​ការ​សរសេរ​ឬ​ការ​ចោទប្រកាន់​នោះ​ដោយ​គ្មាន​ភស្តុ​តាង​គេ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​ ។​

​លោក​ ខៀវ​ កញ្ញា​រី​ទ្ធ​ បាន​បញ្ជាក់​ផង​ដែរ​ថា​ សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​កំពុង​តែ​ត្រូវ​បាន​លើកតម្កើង​ប៉ុន្តែ​រាល់​ការ​បង្ហាញ​មតិ​ណាមួយ​ត្រូវ​តែ​មាន​ភាព​ច្បាស់លាស់​ និង​ពិតប្រាកដ​។​

​លោក​ ខៀវ​ កញ្ញា​រី​ទ្ធ​៖​ «​សេរីភាព​សារព័ត៌មាន​កម្ពុជា​កំពុង​តែ​ត្រូវ​បាន​គេ​លើកតម្កើង​ ខុស​ពី​ឆ្នាំ​២០១៥​ ហើយ​ការ​អនុវត្ត​ច្បាប់​គឺ​បាន​ន័យ​ថា​ទាំងអស់​គ្នា​ត្រូវ​យល់​ថា​មិនមែន​ដូច​កាល​មុន​យើង​ចេះ​តែ​ចោទប្រកាន់​គេ​បាន​នោះ​ទេ​ដូច្នេះ​ កាលណា​ធ្វើ​អ្វី​ដែល​ខុស​គេ​តែង​ប្រតិកម្ម​ហើយពី​ព្រោះ​យើង​ជា​សង្គម​ប្រជាធិបតេយ្យ​ការ​យល់​ឃើញ​ ការ​បង្ហាញ​មតិ​គឺ​ត្រូវ​ផ្អែក​លើ​មូលដ្ឋាន​ច្បាស់លាស់​»​។​

​ចំណែកឯ​ប្រធាន​ក្លឹ​ប​អ្នកការ​សែត​កម្ពុជា​ លោក​ ប៉ែន​ បូ​ណា​ ទទួលស្គាល់​ថា​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ និង​សេរីភាព​ការ​ប្រមូលផ្តុំ​គ្នា​ពិតជា​មានការ​ថយ​ចុះ​។​ ការ​ទទួលស្គាល់​នេះ​ពីព្រោះ​លោក​សង្កេត​ឃើញ​ថា​ សេរីភាព​របស់​អ្នក​សារព័ត៌មាន​ទ្បើ​ង​ចុះ​ទៅ​តាម​ស្ថានភាព​នយោបាយ​ នៅ​ពេល​ដែល​ស្ថានភាព​នយោបាយ​តឹងតែង​សេរីភាព​អ្នក​សារព័ត៌មាន​ក៏​តឹងតែង​តាម​ស្ថានភាព​នោះ​ដែរ​។​ លោក​ ប៉ែន​ បូ​ណា​ ស្នើ​ឱ្យ​អ្នកនយោបាយ​គួរតែ​បង្ករ​បរិ​យ​កាស​ឱ្យ​មាន​ស្ថានភាព​នយោបាយ​ឱ្យ​បាន​ល្អ​ជាង​នេះ​​ «​យើង​ទទួលស្គាល់​ថា​ស្រុក​យើង​នេះ​ស្ថានភាព​របស់​អ្នក​សារព័ត៌មាន​វា​ទ្បើ​ង​ចុះ​ទៅ​តាម​ស្ថានការណ៍​នយោបាយ​ដែរ​ នៅ​ពេល​ណា​ដែល​ស្ថានការណ៍​នយោបាយ​តឹងតែង​ជា​ពិសេស​ឧទាហរណ៍​នៅ​ក្រោយ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​កន្លង​ទៅ​ហ្នឹង​ នៅ​ពេល​ដែល​មានការ​ប្រឈម​មុខ​ដាក់​គ្នា​តឹងតែង​សិទ្ធិ​សេរីភាព​អ្នកការ​សែត​ក៏​តឹងតែង​តាម​ហ្នឹង​ដែរ​..»​ ។​

​សូម​ជម្រាប​ជូន​ថា​ទន្ទឹម​នឹង​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ក្រោម​ប្រធានបទ​ សិទ្ធិ​ទទួល​ព័ត៌មាន​ជា​សិទ្ធិ​របស់​អ្នក​នេះ​ដែរ​ ក្រសួង​ព័ត៌មាន​កំពុង​តែ​ធ្វើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ផង​ដែរ​។​

អង្គការ​សង្គម​ស៊ី​វិល​ ក៏​ដូច​ជា​អ្នក​សារព័ត៌​មានបាន​រំពឹង​ទុក​ថា​នៅ​ពេល​ដែល​ច្បាប់​ស្តី​ពី​សិទ្ធិ​ ទទួល​បាន​ព័ត៌មាន​លេច​ចេញ​ជា​រូបរាង​ហើយ​នោះ​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន​ នឹង​បើក​ទូលំទូលាយ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ទៅ​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ស្វះ​ស្វែងរក​ឯកសារ​ ពាក់ព័ន្ធ​ផ្សេងៗ​ទៅ​លើ​វិស័យ​សារព័ត៌មាន​ជា​ពិសេស​ការ​បង្កើត​ទំនាក់ទំនង​ ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រភព​ដែល​ត្រូវ​ទាក់ទង​ ៕

Share

Image
Image
Image