ភ្នំពេញ ៖ លោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានលើកទ្បើងថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការប្រមូលផ្តុំគ្នា មានការធ្លាក់ចុះនៅកម្ពុជា។ ការថ្លែងបែបនេះធ្វើទ្បើងតាមរយៈអ្នកបកប្រែភាសានៅក្នុងកម្មវិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកក្រោមប្រធានបទ «សិទ្ធិទទួលព័ត៌មានជាសិទ្ធិរបស់អ្នក» នាព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។ អ្នកជំនាញផ្នែកសារព័ត៌មានក៍បានមើលឃើញដូចនេះដែរ ។

ការទទួលបានព័ត៌មានគឺជាសិទ្ធិមនុស្ស និងជាសិទ្ធិមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាជនទូទាំងពិភពលោក ។ ការទទួលបានព័ត៌មាននេះនឹងជួយជម្រុញឱ្យរដ្ឋាភិបាលកាន់តែបើកទូលាយទៅដល់អ្នកសារព័ត៌មាន អាចទទួលបានព័ត៌មានបានយ៉ាងទូលំទូលាយ ប៉ុន្តែសេរីភាពសារព័ត៌មាន និងការប្រមូលផ្តុំគ្នានៅក្នុងប្រទេសកម្ពុជាហាក់បីដូចជាមានការធ្លាក់ចុះ ។ នេះជាការលើកទ្បើងរបស់ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាតាមរយៈអ្នកបកប្រែ ។
តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោកស្រី Anne Lemaistre បានថ្លែងថា ក្នុងប្រទេសភ្នាក់ងារបម្រើការងារជាអ្នកសារព័ត៌មានមានបញ្ហាប្រឈមជាច្រើនដូចជាការចាប់ខ្លួន ការដាក់ទោស និងការគំរាមកំហែង។ លោក ស្រី Anne Lemaistre បានបន្តទៀតថាចាប់តាំងពីឆ្នាំ២០១៥រហូតមកដល់ពេលនេះបុគ្គលិកអ្នកសារព័ត៌មាន និងអ្នកកាសែតនៅលើពិភពលោកចំនួន៨២នាក់ត្រូវបានគេសម្លាប់។ លោកស្រី Anne Lemaistre បន្ថែមទៀតផ្អែកទៅលើ សន្ទសន៍សេរីភាពសារព័ត៌មានពិភពលោក នៃប្រទេសកម្ពុជាត្រូវបានគេចាត់ចំណាត់ថ្នាក់លេខ ១២៨ ក្នុងចំណោមប្រទេស ១៨០នៅលើពិភពលោកសម្រាប់សេរីភាពសារព័ត៌មាន។
យោងតាមសន្ទស្សន៍នេះប្រទេសកម្ពុជាមានភាពល្អប្រសើរជាងប្រទេសថៃ ទ្បាវ និងវៀតណាមជាដើម ប៉ុន្តែលោកស្រីថាទោះបីជាសន្ទស្សន៍នេះមានភាពល្អប្រសើរជាងបណ្តាប្រទេសមួយចំនួនក៏ដោយ គឺរាជរដ្ឋាភិបាលត្រូវចូលរួមការពារអ្នកសារព័ត៌មានហើយ ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហាក្តៅៗ ដែលកើតមានទ្បើងនៅក្នុងប្រទេសកម្ពុជាដូចជាបញ្ហាបរិស្ថានទាក់ទងនឹងធនធានធម្មជាតិ និងបញ្ហាពុករលួយជាដើម ។
លោក ស្រី Anne Lemaistre មានប្រសាសន៍តាមរយៈអ្នកបកប្រែយ៉ាងដូច្នេះថា «នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះហាក់ដូចជាមានការថយចុះនៃសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការប្រមូលផ្តុំដូចជាភាពយន្តត្រូវបានហាមឃាត់មិនឱ្យចាក់បញ្ចាំង ប្រជាជនត្រូវបានគំរាមកំហែងទាក់ទងនឹងសកម្មភាពទៅលើ បណ្តាញសារព័ត៌មាន… »។
ឆ្លើយតបនិងការលើកទ្បើងខាងលើនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារីទ្ធ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ទាំងអង្គការសង្គមស៊ីវិល ឬអ្នកសារព័ត៌មាននោះទេត្រូវតែគោរពច្បាប់ ហើយប្រសិនការសរសេរឬការចោទប្រកាន់នោះដោយគ្មានភស្តុតាងគេត្រូវតែអនុវត្តតាមច្បាប់ ។
លោក ខៀវ កញ្ញារីទ្ធ បានបញ្ជាក់ផងដែរថា សេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងតែត្រូវបានលើកតម្កើងប៉ុន្តែរាល់ការបង្ហាញមតិណាមួយត្រូវតែមានភាពច្បាស់លាស់ និងពិតប្រាកដ។
លោក ខៀវ កញ្ញារីទ្ធ៖ «សេរីភាពសារព័ត៌មានកម្ពុជាកំពុងតែត្រូវបានគេលើកតម្កើង ខុសពីឆ្នាំ២០១៥ ហើយការអនុវត្តច្បាប់គឺបានន័យថាទាំងអស់គ្នាត្រូវយល់ថាមិនមែនដូចកាលមុនយើងចេះតែចោទប្រកាន់គេបាននោះទេដូច្នេះ កាលណាធ្វើអ្វីដែលខុសគេតែងប្រតិកម្មហើយពីព្រោះយើងជាសង្គមប្រជាធិបតេយ្យការយល់ឃើញ ការបង្ហាញមតិគឺត្រូវផ្អែកលើមូលដ្ឋានច្បាស់លាស់»។
ចំណែកឯប្រធានក្លឹបអ្នកការសែតកម្ពុជា លោក ប៉ែន បូណា ទទួលស្គាល់ថាស្ថានភាពសេរីភាពសារព័ត៌មាន និងសេរីភាពការប្រមូលផ្តុំគ្នាពិតជាមានការថយចុះ។ ការទទួលស្គាល់នេះពីព្រោះលោកសង្កេតឃើញថា សេរីភាពរបស់អ្នកសារព័ត៌មានទ្បើងចុះទៅតាមស្ថានភាពនយោបាយ នៅពេលដែលស្ថានភាពនយោបាយតឹងតែងសេរីភាពអ្នកសារព័ត៌មានក៏តឹងតែងតាមស្ថានភាពនោះដែរ។ លោក ប៉ែន បូណា ស្នើឱ្យអ្នកនយោបាយគួរតែបង្ករបរិយកាសឱ្យមានស្ថានភាពនយោបាយឱ្យបានល្អជាងនេះ «យើងទទួលស្គាល់ថាស្រុកយើងនេះស្ថានភាពរបស់អ្នកសារព័ត៌មានវាទ្បើងចុះទៅតាមស្ថានការណ៍នយោបាយដែរ នៅពេលណាដែលស្ថានការណ៍នយោបាយតឹងតែងជាពិសេសឧទាហរណ៍នៅក្រោយបោះឆ្នោតឆ្នាំ២០១៣កន្លងទៅហ្នឹង នៅពេលដែលមានការប្រឈមមុខដាក់គ្នាតឹងតែងសិទ្ធិសេរីភាពអ្នកការសែតក៏តឹងតែងតាមហ្នឹងដែរ..» ។
សូមជម្រាបជូនថាទន្ទឹមនឹងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ សិទ្ធិទទួលព័ត៌មានជាសិទ្ធិរបស់អ្នកនេះដែរ ក្រសួងព័ត៌មានកំពុងតែធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានផងដែរ។
អង្គការសង្គមស៊ីវិល ក៏ដូចជាអ្នកសារព័ត៌មានបានរំពឹងទុកថានៅពេលដែលច្បាប់ស្តីពីសិទ្ធិ ទទួលបានព័ត៌មានលេចចេញជារូបរាងហើយនោះសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន នឹងបើកទូលំទូលាយដើម្បីផ្តល់ភាពងាយស្រួលទៅដល់អ្នកសារព័ត៌មានក្នុងការស្វះស្វែងរកឯកសារ ពាក់ព័ន្ធផ្សេងៗទៅលើវិស័យសារព័ត៌មានជាពិសេសការបង្កើតទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធជាមួយប្រភពដែលត្រូវទាក់ទង ៕