ភ្នំពេញ ៖ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានចេញដីការកោះហៅ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចូលបំភ្លឺនៅតុលាការពាក់ព័ន្ធបទបរិហាកេរ្តិ៍ ខណៈអ្នកតំណាងរាស្ត្រ២រូបទៀតកោះហៅករណី ពេស្យាចារ ។
ការកោះហៅលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីកញ្ញា ធី សុវណ្ណថា បានឡើងតុលាការ កាលពីថ្ងៃ ២៧មេសា ទទូចឱ្យតុលាការផ្តន្ទាទោសលោក កឹម សុខា តាមអំណាចរបស់តុលាការ ហើយប្តឹងទាមទារសំណងជំងឺចិត្ត១លានដុល្លារពីលោក កឹម សុខា ។ តាមដីការដែលគេហទំព័រ Fresh News បានចុះផ្សាយមុននេះ គឺលោក កឹម សុខា ត្រូវចូលខ្លួនថ្ងៃទី១១ឧសភា សប្ដាហ៍ក្រោយនេះ ។
ជាមួយគ្នានេះ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ក៍បានចេញដីការកោះហៅតំណាងរាស្ត្រមណ្ឌលបាត់ដំបង លោក ពិន រតនា និង លោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រខេត្តកណ្តាលនៃគណបក្សសង្គ្រោះជាតិ ឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងអំពើពេស្យាចារ្យ នៅថ្ងៃទី ១៦ខែឧសភា ខាងមុខនេះ។
នៅក្នុងដីការដាច់ដោយឡែកពីគ្នានោះ បានបង្គាប់ឲ្យ តំណាងរាស្ត្រមណ្ឌលបាត់ដំបង លោក ពិន រតនា នៃគណបក្សសង្គ្រោះជាតិ ឲ្យចូលបំភ្លឺថ្ងៃទី ១៦ខែឧសភា វេលាម៉ោង ២និង៣០ នាទីរសៀល ។ ចំណែក លោក តុ វ៉ាន់ចាន់ នៅម៉ោង ៩ ព្រឹក ថ្ងៃដដែល ។
ដីការរបស់តុលាការ កោះហៅ លោក កឹម សុខា គឺពាក់ព័ន្ធកញ្ញា ធី សុវណ្ណថា ចោទមេដឹកនាំ បក្សប្រឆាំងរូបនេះ ពាក់ព័ន្ធនឹងសំឡេងខ្សែអាត់សេ្នហា ជាមួយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ និយាយពាក់ព័ន្ធឈ្មោះ កញ្ញា ត្រង់ចំនុចដែលកញ្ញាថា និយាយវាយប្រហារកញ្ញា ។ ចំណែក អ្នកតំណាងរាស្ត្រ២រូបទៀតគឺ ដីការតុលាការមិនបាន បញ្ជាក់ថាពាក់ព័ន្ធអ្វីឡើយ ។ ប៉ុន្តែ ទំនងពាក់ព័ន្ធនឹង កញ្ញាស្រីមុំ នេះដែរ ៕