ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅ លោក អ៊ូ វីរៈ ប្រធានវេទិការអនាគតកម្ពុជា ឲ្យចូលបំភ្លឺនៅថ្ងៃទី១២ខែឧសភា ខាងមុខនេះពីបទបទបរិហាកេរ្ដិ៍ ជាសាធារណៈ តាមពាក្យបណ្ដឹងរបស់លោក សុខ ឥសាន្ដ តំណាងឱ្យគណបក្សប្រជាជនកម្ពុជា។
យោងតាមដីការដែលចុះ ហត្ថលេខាដោយ ព្រះរាជអាជ្ញារងគឺលោក សៀង សុខ លោក អ៊ូ វីរៈ ត្រូវ ចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១២ឧសភា វេលាម៉ោង៩ព្រឹក ដើម្បីឆ្លើយតប បណ្ដឹងរបស់លោក សុខ ឥសាន្ដ។ ពាក្យប្តឹងរបស់ លោក សុខ ឥសាន្ដ បានធ្វើឡើងបន្ទាប់ពី លោក អ៊ូ វីរៈ បានលើកឡើងតាមរយៈ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៤ខែមេសា ឆ្នាំ២០១៦ ដោយគេថាលោកបានចោទគណបក្សប្រជាជនថា ជាអ្នកនៅពីក្រោយ នៃដំណើររឿង លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
តាមរយៈវិទ្យុនេះ លោក អ៊ូ វីរៈ បានលើកថា «យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក កឹម សុខា និង ហិរញ្ញវត្ថុរបស់អ្នកនយោបាយរូបនេះ»។
លោក អ៊ូ វីរៈ លើកឡើងទៀតថា «ការដែលគណបក្សប្រជាជនកម្ពុជា រវល់គិតគូរបំបាក់គូប្រកួតប្រជែង នយោបាយ តាមរបៀបនេះ នឹងកាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លាំង ហើយមន្ត្រីនៅក្នុងបក្សនេះមួយចំនួន ក៏មិនពេញចិត្តចំពោះ យន្តការនេះដែរ»។
កាលពីថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជា តំណាងដោយលោក សុខ ឥសាន្ត បានដាក់ពាក្យប្តឹង លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ជាមួយគ្នានេះ គណបក្សដ៏ធំជាងគេនៅកម្ពុជា បានទាមទារសំណង ចំនួន៤០០លានរៀល ចំពោះភាពប៉ះពាល់ដល់គណបក្ស ៕