ភ្នំពេញ ៖ សមត្ថកិច្ចបាននាំខ្លួន មន្ដ្រីជាន់ខ្ពស់សមាគមអាដហុក និងអគ្គលេខាធិការរងគ.ជ.ប មកកាន់ តុលាការរាជធានីភ្នំពេញវិញហើយ ដើម្បីបន្ដនីតិវិធីសាកសួរ ករណីពាក់ព័ន្ធរឿងរ៉ាវរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
តាមសេចក្ដីរាយការណ៍របស់អ្នករាយការណ៍ព័ត៌មាននៃមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា គឺលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត លោក ណៃ វង់ដា លោក យី សុខសាន និងលោកស្រី លឹម មុនី ជាមន្ដ្រីជាន់ខ្ពស់នៃសមាគមអាដហុក ត្រូវបានសមត្ថកិច្ចនាំខ្លួន មកសាកសួរបន្ដទៀតក្នុងសំនុំរឿង កញ្ញាស្រីមុំ នៅថ្ងៃនេះ។
បើតាមអ្នករាយការណ៍ព័ត៌មាន រថយន្ដរបស់សមត្ថកិច្ច បានដឹកពួកគាត់ទាំងប្រាំរូបនេះ ចេញពី អង្គភាពប្រឆាំងអំពើពុករលួយដែលស្ថិតនៅបណ្ដោយផ្លូវព្រះនរោត្ដម ហើយបានដឹកមកតុលាការរាជធានីភ្នំពេញ នៅម៉ោង៨ព្រឹក នៅថ្ងៃច័ន្ទទី០២ឧសភានេះ។
តាមសេចក្ដីរាយការណ៍ដដែលនេះ រថយន្ដដឹកអ្នកទាំងនោះ សំដៅបើកចូលបរិវេណតុលាការ យ៉ាងលឿន ដោយមិនអោយមនុស្សនៅខាងក្រៅរបងបានឃើញជនត្រូវចោទទាំងនោះទេ។
ជនត្រូវចោទទាំងនេះ ទទួលរងការដាក់បន្ទុក ដោយការឆ្លើយដាក់របស់ កញ្ញាស្រីមុំ ហើយពួកគាត់ ជាអ្នកទិញទឹកចិត្ត និងណែនាំឱ្យកញ្ញា បដិសេធខ្សែអាត់សម្លេងស្នេហារវាងបុរសម្នាក់ដែលគេថាជា លោក កឹម សុខា ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ។ ក្នុង សំណុំរឿងកញ្ញាស្រីមុំ នេះមេឃុំម្នាក់ មកពីគណបក្សប្រឆាំង ត្រូវបានចោទប្រកាន់ពីបទ ផ្ដល់សំណូក ឱ្យ កញ្ញាស្រីមុំ ឆ្លើយបដិសេធសមត្ថកិច្ច ជាថ្នូរនៃការផ្ដល់លុយ៥០០ដុល្លារ ៕