ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនមន្ត្រីអាដហុក និងអគ្គលេខាធិការរង គ.ជ.បទៅអង្គភាពប្រឆាំងអំពើពុករលួយវិញ នៅម៉ោងប្រមាណជិត៨ យប់ថ្ងៃទី០១ ខែឧសភា បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេលពេញមួយថ្ងៃ ។តុលាការនឹងបន្តការសាកសួរពួកគាត់ទៀតនៅថ្ងៃទី ០២ ឧសភា។
មន្ដ្រីជាន់ខ្ពស់អាដហុក៤ រូបនោះ គឺ លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ដ លោកស្រី លឹម មុនី រួមទាំង លោក នី ចរិយា អតីតមន្ត្រីអាដហុក ហើយបច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប។
មេធាវីការពារក្តីឲ្យមន្ត្រីអាហុកម្នាក់នៅក្នុងចំណោម៦នាក់គឺ អ្នកស្រី គា សុផល បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការសាកសួរថា សាលាដំបូងរាជធានីភ្នំពេញនឹងបន្តការសាកសួរកូនក្តីរបស់អ្នកស្រីទាំង៤រូប រួមអគ្គលេខាធិការ គ.ជ.ប នៅថ្ងៃទី ០២ ឧសភា បន្តទៀត។
អ្នកស្រីសង្ឃឹមថា តុលាការនឹងទម្លាក់ចោលការចោទប្រកាន់ទៅលើកូនក្តីរបស់អ្នកស្រីឲ្យមានសេរីភាពវិញ ព្រោះកូនក្តីរបស់អ្នកស្រី មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ អ្នកស្រី បង្ហាញក្តីសង្ឃឹមបែបនេះ ក៏ព្រោះមើលឃើញថា លិខិតរបស់កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំគឺជាការមួលបង្កាច់កូនក្តីរបស់អ្នកស្ត្រីយ៉ាងពិតប្រាកដ ៕