ភ្នំពេញ ៖ តំណាងកម្មករ សហជីព និងនិយោជិត ប្រមាណជាង ១០០០ នាក់ នៅព្រឹកថ្ងៃ អាទិត្យ នេះ បានប្រមូលផ្ដុំគ្នានៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិច ដើម្បីចូលរួមរម្លឹកខួបទិវាពលកម្មអន្ដរជាតិ ០១ ឧសភា លើកទី ១៣០ ក្រោមប្រធានបទ «សិទ្ធិកម្មករ និង សេរីភាពសហគម» ។ ក្នុងការប្រមូលផ្ដុំនេះ ពួកគាត់បានថ្លែងពីទុក្ខលំបាករបស់ពួកគាត់ដែលជួបប្រទះក្នុងវិស័យការងារនាពេលកន្លងមក ។ ក្រុមតំណាងកម្មករ សហជីព និងនិយោជិត ក៏បានដាក់ញត្តិស្នើដល់រាជរដ្ឋាភិបាលឲ្យបញ្ឈប់ការរឹតត្បិតសិទ្ធសេរីភាពកម្មករផងដែរ។
សេចក្ដីថ្លែការណ៍រួមរបស់តំណាងកម្មករ កម្មការនី ដែលបានទៅចូលរួមក្នុងទិវាពលកម្មអន្ដរជាតិ ថ្ងៃ ១ ឧសភា នេះ ដែលមានប្រមាណ ៧ចំណុច ស្នើរទៅកាន់រដ្ឋាភិបាលដើម្បីសុំឲ្យបញ្ឈប់ការរឹតត្បិតសិទ្ធសេរីភាពការសម្ដែងមតិរបស់ក្រុមតំណាងកម្មករ និងនិយោជិត។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានថ្លែងថា រដ្ឋាភិបាលគួរតែបញ្ឈប់ការរើសអើងលើសហជីពបន្ដទៀត ព្រោះនាពេលកន្លងមក លោក និងក្រុមការងារទាំងអស់តែងទទួលរងនៅការគាបសង្កត់ ការគំរាមគំហែងគ្រប់រូបភាពនៅពេលដែលចុះសហគមន៍ម្ដងៗ។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជារូបនេះ បានបន្ថែមទៀតថា រាជរដ្ឋាភិបាលគួរតែបញ្ឈប់ការគាបសង្កត់ ការបិទសិទ្ធិសេរីភាពរបស់កម្មករ និយោជិតបន្ដទៀត។ លោក ថេង សាវឿន ក៏បានស្នើដល់រាជរដ្ឋាភិបាល ត្រូវតែគិតគួររៀបចំឲ្យមានកញ្ចប់ថវិការសម្រាប់ជួយដល់កសិករ ដែលបច្ចុប្បន្ននេះ កសិករ ក្រីក្រភាគច្រើនបានបោះបង់ស្រែចម្ការចោលហើយចំណាកស្រុកទៅធ្វើពលករនៅក្រៅប្រទេស។
ចំណែកលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលមានវត្ដមានចូលរួមក្នុងពិធីរម្លឹកខួបទិវាពលកម្មអន្ដរជាតិ លើកទី ១៣០ នេះដែរ បានមានប្រសាសន៍ថា ការចូលរួមរបស់លោក និង តំណាងកម្មករ និយោជិតផ្សេងទៀត គឺដើម្បីផ្ញើរសារទៅកាន់រាជរដ្ឋាភិបាល និងរដ្ឋមន្ដ្រីក្រសួងការងារឲ្យយកចិត្ដទុកដាក់ទៅលើប្រាក់ឈ្នួលរបស់កម្មករ។ លោក វន់ ពៅ បញ្ជាក់បន្ថែមថា ក្នុងនាមលោកជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកស្នើរដល់មន្ដ្រីអាជ្ញាធរទាំងអស់ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ដផ្សេងៗទៀត ត្រូវតែបញ្ឈប់ជាបន្ទាន់នៅការរើសអើង និង ការរំលោភសិទ្ធរបស់កម្មករ។
ដូចគ្នានេះដែរ អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហភាពសហជីពកម្ពុជា (CCU) បានលើកឡើងថា កម្មករនិយោជិតសព្វថ្ងៃគឺកំពុងតែរងការជិះជាន់ ការបិទសិទ្ធិសេរីភាព និង ការរើសអើងស្ទើរគ្រប់រូបភាព។ អ្នកស្រីបន្ថែមទៀតថា បើទោះបីជាប្រាក់ឈ្នួលរបស់ក្រុមកម្មករ កម្មការនី ទទួលបានរហូតដល់ ១៤០ដុល្លារក្ដី ក៏ជីវភាពពួកគាត់ មិនទាន់បានសមរម្យនៅឡើយទេ។ អ្នកស្រីបានសំណូមពរដល់រាជរដ្ឋាភិបាលគួរតែរកដំណោះស្រាយសម្រាប់ជួយដល់កម្មករ កម្មការនីដែលតែងតែជួបបញ្ហាក្នុងវិស័យការងារ ប្រសើរជាជាងការព្យាយាមបំបិទសិទ្ធិរបស់កម្មករ។
អ្នកស្រីបន្ថែមថា«នាងខ្ញុំសូមឲ្យរដ្ឋាភិបាលមើលភ្នែកប្រមើល មើលទៅដល់ប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការនី ដែលកំពុងបំរើការធ្វើការងារសព្វថ្ងៃនេះ ថាពួកយើងកំពុងតែទទួលរងការជិះជាន់វេទនាណាស់»។
ជាមួយគ្នានេះដែរ លោក អ៊ិត ម៉េង ដែលជាអ្នករត់រ៉ើម៉កកង់បី ចូលរួមអបអរសាទរទិវា ពលកម្មអន្តរជាតិនេះដែរ មើលឃើញថា សព្វថ្ងៃមន្ដ្រីអាជ្ញាធរមានសមត្ថកិច្ច តែងតែរើសអើងលើក្រុមសហជីពក្រៅប្រព័ន្ធ ហើយភាគច្រើនសមត្ថកិច្ចតែងតែធ្វើទុក្ខមុកម្នេញទៅលើពួកគេជាញឹកញាប់ ជាពិសេសនោះគឺការរឹតត្បិតសេរីភាពបញ្ចេញមតិតែម្ដង។
លោក អ៊ិត ម៉េង បានបញ្ជាក់ដែរថា លោកហាក់ដូចជាគ្មានក្ដីសង្ឃឹមថា រាជរដ្ឋាភិបាលនិងជួយដល់ពួកគាត់នោះទេ តែលោកថា បើទោះបីជារាជរដ្ឋាភិបាលមិនខ្វល់យ៉ាងណាក៏ដោយ លោក និងកម្មករដទៃទៀតនៅតែបន្ដការទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតសិទ្ធសេរីភាពលើកម្មករបន្ដទៀត។
លោក ឯម រុក្ខាផល មន្ដ្រីទំនាក់ទំនងនៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលញ្ញត្ដិពីក្រុមតំណាងកម្មករ និង និយោជិតនៅពហុកីឡាដ្ឋានជាតិអូឡាំពិច ជាកន្លែងដែលពួកគេប្រមូលផ្តុំ។ ញ្ញាត្ដិរបស់ក្រុមតំណាងកម្មករ និង និយោជិតនោះមាន ៧ចំណុចដែលស្នើរទៅកាន់រាជរដ្ឋាភិបាល មានជាអាទិ៍ ត្រូវធានាថាលក្ខខណ្ឌការងាររបស់កម្មករនិងមានលក្ខណៈល្អប្រសើរឡើង ត្រូវរៀបចំឲ្យមានថ្លៃឈ្នួលថ្នាក់ជាតិមួយឲ្យបានសមរម្យសម្រាប់កម្មករ និងត្រូវពិនិត្យច្បាប់សហជីពឡើងវិញជាដើម ៕