ភ្នំពេញ ៖ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាតុលាការរាជធានីភ្នំពេញរហូតដល់ម៉ោង៤រសៀលនេះនៅមិនទាន់បញ្ចប់ការសាកសួរមន្ដ្រីសមាគមអាដហុកនិងមន្ដ្រីគ ជ ប គឺលោកនីចរិយា នៅឡើយទេ។ លោក នី ចរិយា អគ្គលេខាធិការរង គ ជ ប លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន និងលោកស្រី លឹម មុនី ត្រូវបានសមត្ថកិច្ចនាំខ្លួនចេញពីអង្គភាពប្រឆាំងអំពើពុករលួយមកកាន់តុលាការកាលពីម៉ោង៨:៣០នាទីព្រឹកដើម្បីធ្វើការចោទប្រកាន់ នូវអ្វីដែលគេហៅថាបង្គាប់ឲ្យកញ្ញា ខុម ចាន់ដារាទី ហៅស្រីមុំ និយាយកុហកសមត្ថកិច្ច និងតុលាការនិងទាក់ទិនលុយ២០៤ដុល្លារឲ្យ កញ្ញាស្រីមុំស្នាក់នៅភ្នំពេញដើម្បី តតាំង រឿងក្ដីរបស់ខ្លួន។
អ្នកទាំង៥នាក់នេះត្រូវបានព្រះរាជអាជ្ញារ នាំខ្លួនមកកាន់តុលាការរាជធានីភ្នំពេញដើម្បី ឲ្យចៅក្រមស៊ើបសួរបើកការស៊ើបសួរ និងធ្វើការចោទប្រកាន់ជាផ្លូវការហើយប្រសិនបើត្រូវ បានចោទប្រកាន់មែននោះគឺពួកគាត់និងត្រូវបន្ដឃុំខ្លួនទៀតគឺស្ថិតនៅក្រោមការស៊ើបអង្កេត។ការឃុំខ្លួនអាចនាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស ឬ នាំទៅឃុំខ្លួននៅអង្គភាពប្រឆាំងអំពើពុករលួយវិញ។តែប្រសិនបើមិនអាចរកភស្ដុតាងបានទេនោះគឺពួកគាត់នឹងត្រូវដោះលែង ឬអនុញ្ញាតឲ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យដោយតុលាការ។
នៅខណៈដែលតុលាការកំពុងបើកការសាកសួរនេះប្រជាពលរដ្ឋជាច្រើនគឺភាគច្រើនពួកគេមកពីសហគមន៍បឹងកក់និងបុរីកីឡាគឺពួកគាត់បានស្រែកតវ៉ាឲ្យដោះលែងអ្នកទាំងប្រាំរូបនេះជាបន្ទាន់។
ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្ដរជាតិបានចេញសេចក្ដីថ្លែងការរួមគ្នាថ្កោលទោសយ៉ាងខ្លាំងទៅលើអង្គភាពប្រឆាំងអំពើពុករលួយដែលបានឃុំខ្លួនអ្នកទាំងប្រាំរូបនេះដោយចាត់ទុកថាអង្គភាពនេះបំពេញការងាររបស់ខ្លួនខុសបែបបទច្បាប់របស់ប្រទេសដោយបានទាមទារឲ្យទំលាក់បទចោទទាំងឡាយណាប្រឆាំងអ្នកទាំងនេះ៕