ភ្នំពេញ ៖ ដោយសារតែអាកាសធាតុក្តៅហួតហែងខ្លាំង បានធ្វើឱ្យត្រីជាច្រើនតោន នៅតំបន់អភិរក្សរ៉ាមសារបឹងទន្លេឆ្មារ ក្នុងខេត្តកំពង់ធំ បានពុលងាប់ និងព្រៃលិចទឹកជាច្រើនហិចតានៅតំបន់មួយចំនួននៃបណ្តាខេត្តជុំវិញបឹងទន្លេសាបត្រូវបានឆេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរទន្លេសាប នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៦នេះ។
សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងថា លទ្ធផលអង្កេតរបស់ក្រុមជំនាញបានបង្ហាញថា នៅថ្ងៃទី២២មេសា ឆ្នាំ២០១៦ ត្រីនៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ បានចាប់ផ្តើមពុលងាប់ជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ សរុបមានចំនួនជាង៦៨តោនហើយ ក្នុងភាគច្រើនជាប្រភេទត្រីរំអិល។
សេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលឱ្យត្រីងាប់ដ៏ច្រើនបែបនេះ ដោយសារតែអាកាសធាតុមានស្ថានភាពក្តៅហួតហែងខ្លាំង និងពុំមានបរិមាណទឹកភ្លៀង ដែលធ្វើឱ្យផ្ទៃទឹកបឹងមួយភាគធំត្រូវបានគោករាក់ និងទឹកឡើងកម្តៅ ធ្វើឱ្យបរិមាណអុកស៊ីសែននៅក្នុងទឹកថយចុះ រួមទាំងបាតុភូតខ្យល់កន្ត្រាក់។
ក្រសួងបរិស្ថាន និងអាជ្ញាធរទន្លេសាបបានឲ្យដឹងទៀតថា ដោយមានការសហការជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួន ក្រសួងបានដាក់ចុះនូវវិធានការណ៍បឋមនានា ក្នុងនោះរួមមាន ការបង្កើតទីជម្រកដោយដាក់ពង្រាយកំប្លោក និងបូមទឹកបញ្ចូលក្នុងបឹងទន្លេឆ្មារ ដើម្បីបង្កើនអុកស៊ីសែនក្នុងទឹក។
ដោយឡែកភ្លើងឆេះព្រៃ បានកើតឡើង៥ចំណុចនៅក្នុងតំបន់រ៉ាមសារនេះ ដោយបំផ្លាញព្រៃលិចទឹកអស់ជាង២៨ ហិកតា។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា មិនត្រឹមតែមានភ្លើងឆេះនៅក្នុងតំបន់ព្រៃលិចទឹក នៅតំបន់បឹងទន្លេសាបប៉ុណ្ណោះទេ ករណីនេះ ក៏បានកើតមានឡើងនៅបណ្តាខេត្តនៅជុំវិញបឹងទន្លេសាបផងដែរ មានដូចជា តំបន់ព្រៃលិចទឹកនៅក្នុងតំបន់អភិរក្សជលផលអតីតឡូលេខ២ខេត្តបាត់ដំបងជាដើម។ រហូតមកដល់បច្ចុប្បន្ននេះផ្នែកខាងលើនៃតំបន់ព្រែកទាល់បានឆេះព្រៃលិចទឹកអស់ជាច្រើនហិចតា ហើយភ្លើងឆេះព្រៃនេះ កំពុងតែបន្តឆេះរាលដាលបន្ថែមទៀត ដោយសារតែអាកាសធាតុក្តៅខ្លាំង។
ក្រសួងបរិស្ថាន និងអាជ្ញាធរទន្លេសាប បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចៀសវាងការដុតព្រៃ ដើម្បីចាប់សត្វ និងត្រូវគ្រប់គ្រងភ្លើងដែលខ្លួនបានបង្កើតឡើងឱ្យបានល្អ ចៀសវាងការឆេះរាលដាលពាសវាលពាសកាល ដោយសារតែបច្ចុប្បន្នអាកាសធាតុមានភាពក្តៅខ្លាំង ងាយបង្កការឆេះព្រៃ ៕