en     km
en     km

ក្រសួងបរិស្ថាន​​៖​ ​ត្រី​ជា​​ច្រើន​​ពុល​​ងាប់​ ​និង​ភ្លើង​ឆេះ​ព្រៃ​ ​បណ្តាល​​មក​​ពី​​អា​កាស​ធាតុ​​ក្តៅ​ខ្លាំង

Share

​ភ្នំពេញ ៖ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង​ បាន​ធ្វើ​ឱ្យ​ត្រី​ជា​ច្រើន​តោន​ នៅ​តំបន់​អភិរក្ស​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ​ ក្នុង​ខេត្តកំពង់ធំ​ បាន​ពុល​ងាប់​ និង​ព្រៃ​លិច​ទឹកជា​ច្រើន​ហិច​តា​នៅ​តំបន់​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ត្រូវ​បាន​ឆេះ​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួងបរិស្ថាន​ និង​អាជ្ញាធរ​ទន្លេសាប​ នៅ​ថ្ងៃ​ទី​៣០​ខែមេសា​ ឆ្នាំ​២០១៦​នេះ​។​​

Ministry-env-tonlesap-text

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ បានឱ្យ​ដឹង​ថា​ លទ្ធផល​អង្កេត​របស់​ក្រុម​ជំនាញ​បាន​បង្ហាញ​ថា​ នៅ​ថ្ងៃ​ទី​២២​មេ​សា​ ឆ្នាំ​២០១៦​ ត្រី​នៅ​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ​ បាន​ចាប់ផ្តើម​ពុល​ងាប់​ជា​បន្តបន្ទាប់​ ដែល​រហូត​មក​ដល់​ពេល​នេះ​ សរុប​មាន​ចំនួន​ជាង​៦៨​តោន​ហើយ​ ក្នុង​ភាគច្រើន​ជា​ប្រភេទ​ត្រី​រំអិល​។​​

​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​បញ្ជាក់​ទៀត​ថា​ មូលហេតុ​ដែល​បណ្តាល​ឱ្យ​ត្រី​ងាប់​ដ៏​ច្រើន​បែប​នេះ​ ដោយសារ​តែ​អាកាសធាតុ​មាន​ស្ថានភាព​ក្តៅ​ហួតហែង​ខ្លាំង​ និង​ពុំ​មាន​បរិមាណ​ទឹកភ្លៀង​ ដែល​ធ្វើ​ឱ្យ​ផ្ទៃ​ទឹក​បឹង​មួយ​ភាគ​ធំ​ត្រូវ​បាន​គោក​រាក់​ និង​ទឹក​ឡើងក​ម្តៅ​ ធ្វើ​ឱ្យ​បរិមាណ​អុក​ស៊ី​សែន​នៅ​ក្នុង​ទឹក​ថយ​ចុះ​ រួម​ទាំង​បាតុភូត​ខ្យល់​កន្ត្រាក់​។​​

​ក្រសួងបរិស្ថាន​ និង​អាជ្ញាធរ​ទន្លេសាប​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដោយ​មានការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ ក្រសួង​បាន​ដាក់ចុះ​នូវ​វិធាន​ការណ៍​បឋម​នានា​ ក្នុង​នោះ​រួម​មាន​ ការ​បង្កើត​ទីជម្រក​ដោយ​ដាក់​ពង្រាយ​កំប្លោក​ និង​បូមទឹក​បញ្ចូល​ក្នុង​បឹង​ទន្លេ​ឆ្មារ​ ដើម្បី​បង្កើន​អុក​ស៊ី​សែន​ក្នុង​ទឹក​។​​

​ដោយឡែក​ភ្លើង​ឆេះ​ព្រៃ​ បាន​កើតឡើង​៥​ចំណុច​នៅ​ក្នុង​តំបន់​រ៉ា​ម​សារ​នេះ​ ដោយ​បំផ្លាញ​ព្រៃ​លិច​ទឹក​អស់​ជាង​២៨​ ហិ​កតា​។​ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​។​​

​សេចក្តី​ប្រកាស​ព័ត៌មាន​ បានឱ្យ​ដឹង​ទៀត​ថា​ មិន​ត្រឹមតែ​មាន​ភ្លើង​ឆេះ​នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ នៅ​តំបន់​បឹង​ទន្លេសាប​ប៉ុណ្ណោះ​ទេ​ ករណី​នេះ​ ក៏​បាន​កើត​មាន​ឡើង​នៅ​បណ្តា​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប​ផង​ដែរ​ មាន​ដូច​ជា​ តំបន់​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូ​លេខ​២​ខេត្តបាត់ដំបង​ជាដើម​។​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ផ្នែក​ខាងលើ​នៃ​តំបន់​ព្រែក​ទាល់​បាន​ឆេះ​ព្រៃ​លិច​ទឹក​អស់​ជា​ច្រើន​ហិច​តា​ ហើយ​ភ្លើង​ឆេះ​ព្រៃ​នេះ​ កំពុង​តែ​បន្ត​ឆេះ​រាលដាល​បន្ថែម​ទៀត​ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង​។​​

​ក្រសួងបរិស្ថាន​ និង​អាជ្ញាធរ​ទន្លេសាប​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ចៀសវាង​ការ​ដុត​ព្រៃ​ ដើម្បី​ចាប់​សត្វ​ និង​ត្រូវ​គ្រប់គ្រង​ភ្លើង​ដែល​ខ្លួន​បាន​បង្កើត​ឡើង​ឱ្យ​បាន​ល្អ​  ចៀសវាង​ការ​ឆេះ​រាលដាល​ពាស​វាល​ពាស​កាល​ ដោយសារ​តែ​បច្ចុប្បន្ន​អាកាសធាតុ​មាន​ភាព​ក្តៅ​ខ្លាំង​ ងាយ​បង្ក​ការ​ឆេះ​ព្រៃ​ ៕

Share

Image
Image
Image