en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ ព្រោះ​ចំណាយ​តិច​ មាន​សុ​វត្ថិភាព​

Share

ភ្នំពេញ​៖​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ធ្វើ​ដំណើរ​តាម​រថភ្លើងពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​ ២០១៦ ​នេះ​ ។​ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ទទូច​ឱ្យ​ប្រជាពលរដ្ឋ​អាជីវករ​ ពាណិជ្ជករ​ ជ្រើសរើស​ការ​ធ្វើ​ដំណើរ​និង​ដឹក​ជញ្ជូន​ទំនិញ​តាម​មធ្យោបាយ​ផ្លូវដែក​ ជំនួស​ការ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ផ្សេងៗ​ ព្រោះ​ចំណាយ​ថវិកា​តិច​ ហើយ​មាន​សុវត្ថិភាព​ និង​ប្រ​សិ​ទ្ឋិ​ភាព​ខ្ពស់​។​

Samdach-Hun-Sen---Transport-160430-WMC
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមការងារមុនពេញធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​ ២០១៦ ​នេះ / ( រូបភាពហ្វេសប៊ុកសម្តេច)

​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​បន្ថែម​ថា​ ៖​ «​ រថភ្លើង​និង​ផ្លូវដែក​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំងស្រុង​ដោយសារ​សង្គ្រាម​កាលពី​ជាង​ ៤០​ ឆ្នាំ​កន្លង​ទៅ​នេះ​។​ នៅ​ពេល​នេះ​ការ​រៀបចំ​ជួសជុល​ និង​កសាង​ផ្លូវដែក​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​ ដើម្បី​ជំរុញ​ការ​ធ្វើ​ដំណើរ​និង​ដឹក​ជញ្ជូន​ទំនិញ​ពី​កំពង់​ផែ​ក្រុងព្រះសីហនុ​ពី​តំបន់ឧស្សាហកម្ម​ តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​មក​កាន់​ទីក្រុង​ភ្នំពេញ​ និង​ពី​ភ្នំពេញ​ទៅ​កាន់​បណ្តា​ខេត្ត​ជា​ច្រើន​ទៀត​ដូច​ជា​ពោធិ៍សាត់​ បាត់ដំបង​ និង​បន្ទាយ​មាន​ជ័យ​ជាដើម​»​ ។​

សម្តេច​ ហ៊ុន​ សែន​ ថ្លែង​យ៉ាង​ដូច្នេះ​ថា​ ពេល​នេះ​មាន​ជម្រើស​ធ្វើ​ដំណើរ​តាម​រថភ្លើង​ឡើង​វិញ​ហើយ​ ។​  មាន​ផ្លូវ​រថភ្លើង​វិញ​ ដោយសារ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ទើប​រាជរដ្ឋាភិបាល​មានឱកាស​កសាង​ផ្លូវ​គមនាគមន៍​ដឹក​ជញ្ជូន​គ្រប់​បែប​យ៉ាង​ដើម្បី​សម្រួល​ និង​ បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ពាណិជ្ជករ​ជាតិ​និង​អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ​។​

​សម្តេច​សរសេរ​បន្ត​ថា​ ៖​ «​ផឹកទឹក​នឹក​ដល់​ប្រភព​ទឹក​ហូប​ផ្លែ​ឈើ​នឹក​ដល់​អ្នក​ដាំ​។​ ទូល​បង្គំ​យើងខ្ញុំ​សុំ​អរ​ព្រះ​គុណ​ព្រះ​បិតា​ជាតិខ្មែរ​សម្តេចព្រះ​នរោត្តម​ សីហ​នុ​ ដែល​ព្រះ​អង្គ​បាន​ដឹកនាំ​កសាង​ផ្លូវ​រថភ្លើង​នេះ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​នា​ទស​វត្ស​ ១៩៦០​ ដែល​បន្សល់​ទុក​ឱ្យ​កូនចៅ​បាន​ប្រើប្រាស់​រហូត​ដល់​សព្វថ្ងៃ​»៕

Share

Image
Image
Image