ភ្នំពេញ ៖ អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិបាលកិច្ចល្អនៅក្នុងសង្គម។ ទន្ទឹមនឹងការចូលរួមចំណែកនោះដែរ អ្នកសារព័ត៌មានត្រូវប្រកាន់ឱ្យបាននៅក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតប្រាកដ។ នេះជាការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងវេទិកាស្តីពី«សិទ្ធិអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានពលរដ្ឋរួមចំណែកលើកម្ពស់អភិបាលកិច្ចល្អ» នៅព្រឹកថ្ងៃទី២៩ខែមេសា ឆ្នាំ២០១៦ នៅភោជនីដ្ឋានទន្លេបាសាក់១ រាជធានីភ្នំពេញ។លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ៖
ការចូលរួមលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងសង្គមធ្វើទៅបានលុះត្រាតែអ្នកសារព័ត៌មានអាជីព អ្នកសារព័ត៌មានពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជាត្រូវចូលរួមសហការគ្នាឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវប្រកាន់បក្សពួកនយោបាយនោះទេ។ នេះជាការលើកឡើងរបស់លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសង្គមស៊ីវិល នៅព្រឹកថ្ងៃសុក្រនេះ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងបន្តថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងសង្គមកម្ពុជា។ ពោលគឺ អ្នកសារព័ត៌មានត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។ លោក ខៀវ កញ្ញារីទ្ធបន្តថា ដើម្បីឱ្យក្លាយជាអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈនោះ ត្រូវមានជំនាញ៣សំខាន់ៗ រួមមាន៖ ទី០១ អ្នកសារព័ត៌មានត្រូវមានចំណេះដឹង, ទី០២ ចំណេះធ្វើ និងទី០៣ ចំណេះគិត។
លោករដ្ឋមន្ត្រីបន្ថែមថា ដើម្បីឱ្យអ្នកសារព័ត៌មានចូលរួមក្នុងការលើកកម្ពស់អភិបាលកិច្ចល្អឱ្យកាន់តែប្រសើរនោះ អ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌របស់ខ្លូនដូចជា«ទី០១គឺអ្នកសារព័ត៌មានគាត់ស្វែងរកព័ត៌មានពិតប្រាកដ គាត់ទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានហ្នឹង គាត់ជាអ្នកផ្តល់សម្លេងដល់អ្នកអត់សម្លេង បំពេញការងារតាមវិជ្ជជាជីវៈ»។
ប្រធានក្លឹបអ្នកការសែតកម្ពុជា (CCJ) លោក ប៉ែន បូណា លើកឡើងថា វិស័យសារព័ត៌មានត្រូវបានដើរតួនាទីកាន់តែសំខាន់ ក្នុងការចូលរួមចំណែកធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ នៅក្នុងប្រទេសកម្ពុជា។ លោក ប៉ែន បូណាបន្តថា ដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យបានល្អប្រសើរ អ្នកសារព័ត៌មានត្រូវតែមានអាជីពច្បាស់លាស់ អ្នកសារព័ត៌មានត្រូវហ៊ានតស៊ូមតិនៅពេលខ្លួនត្រូវបានគេរំលោភបំពាន ជាពិសេសអ្នកសារព័ត៌មានមិនត្រូវមាននិន្នាការនយោបាយទៅខាងណានោះទេ។ លើសពីនេះទៀត លោកថា រាជរដ្ឋាភិបាលក៏ត្រូវតែផ្តល់តម្លៃទៅឱ្យអ្នកសារព័ត៌មានផងដែរ។
«អាជ្ញាធររដ្ឋាភិបាលក៏ត្រូវតែផ្តល់តម្លៃទៅដល់អ្នកសារព័ត៌ លើកតម្លៃអ្នកសារព័ត៌មាន ទទួលស្គាល់តួនាទីអ្នកសារព័ត៌មានថាជាតួនាទីមួយដែលបានចូលរួមចំណែកក្នុងការធ្វើឱ្យមានប្រជាធិបតេយ្យ ធ្វើឱ្យមានអភិបាលកិច្ចល្អនៅក្នុងសង្គមហើយអាហ្នឹងជាប្រយោជន៍រួម ប្រយោជន៍របស់ប្រជាជនទូទៅផង ប្រយោជន៍របស់រាជរដ្ឋាភិបាល»។
ជុំវិញបញ្ហានេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួន ទៀង មានប្រសាសន៍ថា ដើម្បីចូលរួមឱ្យមានអភិបាលកិច្ចល្អនៅក្នុងសង្គម អ្នកសារពត៌មានត្រូវហ៊ានផ្តល់ព័ត៌មានពិតប្រាកដ ទៅដល់ប្រជាពលរដ្ឋពីអ្វីដែលបានកើតទ្បើងនៅក្នុងសង្គម។ មានចំនុចមួយចំនួនដែលលោក ប៉ា ងួនទៀង ជំរុញដល់អ្នកសារព័ត៌មាន ដែលចំនុចទាំងនោះរួមមាន ៖
«ទី០១យើងត្រូវតែហ៊ានធ្វើ ត្រូតែហ៊ាននិយាយ ត្រូវតែតាមប្រមាញ់រកឬស រកគល់ រកប្រភព ទី០២ត្រូវតែហ៊ានវ៉ែកញ៉ែកដើម្បីធ្វើអញ្ចឹងបានយើងត្រូវតែពង្រឹងសមត្ថភាពខ្លួនយើង ប្រសិនបើយើងអត់មានសមត្ថភាពទេយើងអត់មានគំនិតជជែកដេញដោលរកឬស រកគុលនោះទេ..»។
សូមបញ្ជាក់ថា ទន្ទឹមនឹងការបង្កើតឱ្យមានវេទិកាស្តីពី«សិទ្ធិអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានពលរដ្ឋរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អនេះ» គេសង្កេតឃើញថា របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែនបានបង្ហាញថានៅឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ សេរីភាពសារព័ត៌មាន និងសិទ្ធិនៅក្នុងការទទួលបានព័ត៌មាន មានការប្រសើរទ្បើងជាងបណ្តាឆ្នាំមុនៗ ហើយរបាយការណ៍នោះ បានឱ្យដឹងថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១២៨ ក្នុងចំណោមប្រទេសចំនួន១៨០ ដែលក្នុងនោះ ចំណាត់ថ្នាក់នេះមានការល្អប្រសើរជាងប្រទេសជិតខាងដូចជាប្រទេសថៃ វៀតណាម និងទ្បាវជាដើម ។