en     km
en     km

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​៖​ ​អ្នក​សារព័ត៌មាន​​ដើរតួ​នាទី​សំខាន់​​ ក្នុង​ការ​លើកកម្ពស់​​អភិបាលកិច្ច​ល្អ​

Share

​ភ្នំពេញ ៖ អ្នក​សារព័ត៌​មានបាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​សង្គម​។​ ទន្ទឹម​នឹង​ការ​ចូលរួម​ចំណែក​នោះ​ដែរ​ អ្នក​សារព័ត៌មាន​ត្រូវ​ប្រកាន់​ឱ្យ​បាន​នៅ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ពិតប្រាកដ​។​ នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅ​ក្នុង​វេទិកា​ស្តី​ពី​«​សិទ្ធិ​អ្នក​សារព័ត៌មាន​ និង​អ្នក​សារព័ត៌មាន​ពលរដ្ឋ​រួមចំណែក​លើ​កម្ពស់​អភិបាលកិច្ច​ល្អ​»​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ភោ​ជនី​ដ្ឋា​ន​ទន្លេបាសាក់​១​ រាជធានី​ភ្នំពេញ​។​​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

 

kanhgarit-text
​លោក​ ខៀវ​ កញ្ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន

​ការ​ចូលរួម​លើកកម្ពស់​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​សង្គម​ធ្វើ​ទៅ​បាន​លុះត្រាតែ​អ្នក​សារព័ត៌មាន​អាជីព​ អ្នក​សារព័ត៌មាន​ពលរដ្ឋ​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចូលរួម​សហការ​គ្នា​ឱ្យ​បាន​ល្អ​ប្រសើរ​ ជា​ពិសេស​មិន​ត្រូវ​ប្រកាន់​បក្សពួក​នយោបាយ​នោះ​ទេ​។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ ខៀវ​ កញ្ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ និង​សង្គម​ស៊ី​វិល​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថ្លែង​បន្ត​ថា​ អ្នក​សារព័ត៌មាន​មាន​តួនាទី​សំខាន់​ក្នុង​ការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​សង្គម​កម្ពុជា​។​ ពោល​គឺ​ អ្នក​សារព័ត៌មាន​ត្រូវ​តែ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន​។​ លោក​ ខៀវ​ កញ្ញា​រី​ទ្ធ​បន្ត​ថា​ ដើម្បី​ឱ្យ​ក្លាយជា​អ្នក​សារព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​នោះ​ ត្រូវ​មាន​ជំនាញ​៣​សំខាន់ៗ​ រួម​មាន​៖​ ទី​០១​ អ្នក​សារព័ត៌មាន​ត្រូវ​មានចំណេះ​ដឹង​,​ ទី​០២​ ចំណេះធ្វើ​ និង​ទី​០៣​ ចំណេះ​គិត​។​​

​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ដើម្បី​ឱ្យ​អ្នក​សារព័ត៌មាន​ចូលរួម​ក្នុង​ការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ​ឱ្យ​កាន់តែ​ប្រសើរ​នោះ​ អ្នក​សារព័ត៌មាន​ត្រូវ​គោរព​ក្រមសីលធម៌​របស់​ខ្លូ​ន​ដូច​ជា​«​ទី​០១​គឺ​អ្នក​សារព័ត៌មាន​គាត់​ស្វែងរក​ព័ត៌មាន​ពិតប្រាកដ​ គាត់​ទទួលខុសត្រូវ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង​ គាត់​ជា​អ្នក​ផ្តល់​សម្លេង​ដល់​អ្នក​អត់​សម្លេង​ បំពេញការងារ​តាម​វិ​ជ្ជ​ជា​ជីវៈ​»​។​​

​ប្រធាន​ក្លឹ​ប​អ្នកការ​សែត​កម្ពុជា​ (CCJ)​ លោក​ ប៉ែន​ បូ​ណា​ លើក​ឡើង​ថា​ វិស័យ​សារព័ត៌មាន​ត្រូវ​បាន​ដើរតួ​នាទី​កាន់តែ​សំខាន់​ ក្នុង​ការ​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ និង​អភិបាលកិច្ច​ល្អ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ លោក​ ប៉ែន​ បូ​ណា​បន្ត​ថា​ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ល្អ​ប្រសើរ​ អ្នក​សារព័ត៌មាន​ត្រូវ​តែ​មាន​អាជីព​ច្បាស់លាស់​ អ្នក​សារព័ត៌មាន​ត្រូវ​ហ៊ាន​តស៊ូ​មតិ​នៅ​ពេល​ខ្លួន​ត្រូវ​បាន​គេ​រំលោភ​បំពាន​ ជា​ពិសេស​អ្នក​សារព័ត៌មាន​មិន​ត្រូវ​មាន​និន្នាការ​នយោបាយ​ទៅ​ខាង​ណា​នោះ​ទេ​។​ លើស​ពី​នេះ​ទៀត​ លោក​ថា​ រាជរដ្ឋាភិបាល​ក៏​ត្រូវ​តែ​ផ្តល់​តម្លៃ​ទៅ​ឱ្យ​អ្នក​សារព័ត៌មាន​ផង​ដែរ​។​​

«​អាជ្ញាធរ​រដ្ឋាភិបាល​ក៏​ត្រូវ​តែ​ផ្តល់​តម្លៃ​ទៅ​ដល់​អ្នក​សារព័ត៌​ លើក​តម្លៃ​អ្នក​សារព័ត៌មាន​ ទទួលស្គាល់​តួនាទី​អ្នក​សារព័ត៌មាន​ថា​ជា​តួនាទី​មួយ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ប្រជាធិបតេយ្យ​ ធ្វើ​ឱ្យ​មាន​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​សង្គម​ហើយ​អាហ្នឹង​ជា​ប្រយោជន៍​រួម​ ប្រយោជន៍​របស់​ប្រជាជន​ទូទៅ​ផង​ ប្រយោជន៍​របស់​រាជរដ្ឋាភិបាល​»​។​​

​ជុំវិញ​បញ្ហា​នេះ​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​  លោក​ ប៉ា​ ងួ​ន​ ទៀង​ មាន​ប្រសាសន៍​ថា​ ដើម្បី​ចូលរួម​ឱ្យ​មាន​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​សង្គម​ អ្នក​សារ​ព​ត៌​មាន​ត្រូវ​ហ៊ាន​ផ្តល់​ព័ត៌មាន​ពិតប្រាកដ​ ទៅ​ដល់​ប្រជាពលរដ្ឋ​ពី​អ្វី​ដែល​បាន​កើត​ទ្បើ​ង​នៅ​ក្នុង​សង្គម​។​ មាន​ចំនុច​មួយ​ចំនួន​ដែល​លោក​ ប៉ា​ ងួ​ន​ទៀង​ ជំរុញ​ដល់​អ្នក​សារព័ត៌មាន​ ដែល​ចំនុច​ទាំងនោះ​រួម​មាន​ ៖​

«​ទី​០១​យើង​ត្រូវ​តែ​ហ៊ាន​ធ្វើ​ ត្រូ​តែ​ហ៊ាន​និយាយ​ ត្រូវ​តែ​តាម​ប្រមាញ់​រក​ឬ​ស​ រក​គល់​ រក​ប្រភព​ ទី​០២​ត្រូវ​តែ​ហ៊ាន​វ៉ែ​ក​ញ៉ែ​ក​ដើម្បី​ធ្វើ​អ​ញ្ចឹ​ង​បាន​យើង​ត្រូវ​តែ​ពង្រឹងសមត្ថភាព​ខ្លួន​យើង​ ប្រសិនបើ​យើង​អត់​មាន​សមត្ថភាព​ទេ​យើង​អត់​មានគំនិត​ជជែក​ដេញដោល​រក​ឬ​ស​ រក​គុល​នោះ​ទេ​..»​។​​

​សូម​បញ្ជាក់​ថា​ ទន្ទឹម​នឹង​ការ​បង្កើត​ឱ្យ​មាន​វេទិកា​ស្តី​ពី​«​សិទ្ធិ​អ្នក​សារព័ត៌មាន​ និង​អ្នក​សារព័ត៌មាន​ពលរដ្ឋ​រួមចំណែក​លើកកម្ពស់​អភិបាលកិច្ច​ល្អ​នេះ​»​ គេ​សង្កេត​ឃើញ​ថា​ របាយការណ៍​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​បាន​បង្ហាញ​ថា​នៅ​ឆ្នាំ​២០១៥​ និង​ដើមឆ្នាំ​២០១៦​ សេរីភាព​សារព័ត៌មាន​ និង​សិទ្ធិ​នៅ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ មានការ​ប្រសើរ​ទ្បើ​ង​ជាង​បណ្តា​ឆ្នាំ​មុនៗ​ ហើយ​របាយការណ៍​នោះ​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១២៨​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​ ដែល​ក្នុង​នោះ​ ចំណាត់ថ្នាក់​នេះ​មានការ​ល្អ​ប្រសើរ​ជាង​ប្រទេស​ជិតខាង​ដូច​ជា​ប្រទេស​ថៃ​ វៀតណាម​ និង​ទ្បា​វ​ជាដើម​ ។​

Share

Image
Image
Image