ភ្នំពេញ៖ លោក ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៦ ខាងមុខនេះ នគរចរាចរណ៍នឹងរឹតបន្តឹងបន្ថែមទៀត ចំពោះការផាកពិន័យអ្នករំលោភច្បាប់ចរាចរណ៍ បន្ទាប់ពីការដាក់ឱ្យអនុវត្តនៅខែមករាមិនទាន់មានប្រសិទ្ធភាព។
លោក ទី ឡុង បានបញ្ជាក់ប្រាប់វិទ្យុស្ដ្រី FM102 ថា ដើម្បីឱ្យការអនុវត្តន៍ច្បាប់ចរាចរណ៍មានប្រសិទ្ធភាព និងកាន់តែល្អប្រសើរនោះនៅដើមខែឧសភាខាងមុខនេះ នគរបាលចរាចរណ៍នឹងធ្វើការត្រួតពិនិត្យរាល់ឯកសារផ្សេងៗ ពិសេសលក្ខណៈបច្ចេកទេស និងសុវត្ថិភាពចរាចរណ៍។
លោក ទី ឡុង បានបន្ដទៀតថា ការរឹតបន្ដឹងការផាកពិន័យច្បាប់ចរាចរណ៍នេះ គឺកងកម្លាំងនគរបាលចរាចរណ៍ ត្រូវផ្ដោតទៅលើការងារ៤ចំនុចសំខាន់ៗ គឺទីមួយ ពាក់ព័ន្ធនឹងករណីបើកបរលើសល្បឿនកំណត់ ។ ទីពីរ ទាក់ទងនឹងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ។ ទីបី ពាក់ព័ន្ធនឹងការត្រួតពិនិត្យការរឹតបន្ដឹងឡានដឹកកម្មករ និងទីបួន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឡានដឹកទំនិញលើសចំណុះ។
ច្បាប់ចរាចរណ៍ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីដើមខែមករា ឆ្នាំ ២០១៦ រហូតមកដល់ពេលនេះមានរយៈពេលជាងបួនខែហើយ ។ តាមរយៈការរឹតបន្តឹងច្បាប់ចរាចរណ៍រយៈពេលជិប្រាំខែនេះ មន្ដ្រីអង្គការធ្វើការលើរឿងចរាចរណ៍ទទួលស្គាល់ថា ប្រជាពលរដ្ឋភាគច្រើន មានការយល់ដឹងច្រើនពីច្បាប់និងការផាកពិន័យផ្សេងៗ ប៉ុន្ដែការអនុវត្តនៅតែពុំទាន់មានប្រសិទ្ធិភាព ។
ទាក់ទងនឹងរឿងអនុវត្តចរាចរណ៍នេះដែរ មន្ដ្រីអង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍លោក អ៊ា ចរិយា មើលឃើញមិនខុសពីមន្ដ្រីនគរបាលចរាចរណ៍ដែរ តែគ្រាន់តែលោកចង់ឱ្យរដ្ឋាភិបាល មានការផ្សព្វផ្សាយអប់រំ ឱ្យបានទូលំទូលាយជាងនេះ ព្រោះមួយរយៈចុងក្រោយនេះ ការត្រួតពិនិត្យទៅលើការផាកពិន័យនៅតំបន់ខ្លះក្នុងរាជធានីភ្នំពេញ មានភាពខ្វះចន្លោះនៅឡើយ ។
ទាក់ទងនឹងភាពខ្វះចន្លោះនេះដែរ លោក អ៊ា ចរិយា ក្នុងនាមអង្គការសង្គមស៊ីវិលធ្វើការលើច្បាប់ចរាចរណ៍ ទទូចឱ្យមន្ដ្រីនគរបាលចរាចរណ៍ ធ្វើការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋឱ្យយល់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបន្ថែមទៀត។
សូមជម្រាបថា បើតាមរបាយការណ៍សង្ខេបរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី AIP រកឃើញថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៤ គឺមានចំនួនលើសពីចំនួនដែលបានព្យាករណ៍ទុកសម្រាប់ឆ្នាំ ២០១៤ ហើយមនុស្សប្រមាណ ១២០០ នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៥ ប៉ុណ្ណោះ ។ ចំនួននេះ បង្ហាញពីការកើនឡើងនៃអត្រាគ្រោះថ្នាក់បើធៀបនឹងឆ្នាំកន្លងទៅ។
របាយការណ៍អង្គការមួយនេះ បានឱ្យដឹងទៀតថា បើការអនុវត្តច្បាប់ចរាចរណ៍នៅតែមិនមានប្រសិទ្ធិភាព នោះចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នឹងមានការកើនឡើង ៕