en     km
en     km

ACU​​ចោទ​​មន្ត្រី​​អា​ដ​ហុ​ក​ ​ពុក​រលួយ​​(២០៤​​ដុល្លារ)​​ករណី ​​កញ្ញា​​ស្រី​មុំ​ ​ត្រូវ​​នាំ​​ខ្លួន​​ទៅ​តុលាការ​

Share

ភ្នំពេញ ៖ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​ថា​ ACU​ សម្រេច​ប​ញ្ចូ​ន​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ៤​ រូប​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​  ករណី​ពុក​រលួយ​ (២០៤​ដុល្លារ)​ ពាក់ព័ន្ធ​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​។​ ករណី​នេះ​ ប្រធាន​អង្គការ​អា​ដ​ហុ​ក​ បដិសេធ​ថា​មន្ត្រី​របស់​ខ្លួន​មិន​ជាប់​ពាក់​អំពើ​ពុក​រលួយ​ឡើយ​។​ ចំណែក​អ្នកវិភាគ​ម្នាក់​ថា​ រឿង​នេះ​ជា​រឿង​នយោបាយ​ ដោយ​ភ្ជាប់​ការ​រក​យុត្តិធម៌​ឲ្យ​កញ្ញា​ស្រី​មុំ​ ។ ​លោក​ ធូ​ វិ​រៈ​ លម្អិត​ព័ត៌មាន​នេះ​

 

acu-text
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ លោក​ ឱម​ យិ​ន​ទៀង​ ថ្លែង​នៅ​ក្នុង​សន្និសីទ​សា​ព័ត៌មាន​ ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែមេសា​នេះ​ ថា​ ACU​ បាន​សម្រេច​ឃាត់ខ្លួន​មន្ត្រី​អា​ដ​ហុ​ក​ ទាំង​៤​រូប​ តាំងពី​ម៉ោង​ ៨​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​ លោក​ថា​ កាលណា​ផុត​ពី​៤៨​ម៉ោង​ទៅ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​បញ្ជូន​ខ្លូ​ន​មន្ត្រី​អា​ដ​ហុ​ក​ទាំងនោះ​ទៅ​តុលាការ​។​

​លោក​ ឱម​ យិ​ន​ទៀង​ ថ្លែង​ថា​«​ច្បាប់​គេ​និយាយ​ថា​យើងខ្ញុំ​មាន​សិទ្ធិ​៤៨​ម៉ោង​ រាប់​ពី​ម្សិលមិញ​ពី​ម៉ោង​៨​ ខ្លះ​ថា​ម៉ោង​៨​ ខ្លះ​៩​ថា​ម៉ោង​ ៨​ ខ្លះ​១០​ថា​ម៉ោង​ តែ​យើង​គិត​ថា​ម៉ោង​៨​យប់​»​។​

​បទ​ចោទ​ នាំ​ឱ្យ​មន្ត្រីជាន់ខ្ពស់​ អា​ដ​ហុ​ក​ទាំង​៤​រូប​នេះ​ ត្រូវ​នាំ​ខ្លួន​ទៅ​តុលាការ​ដើម្បី​ចោទប្រកាន់​ជា​ផ្លូវការ​ គឺ​ករណី​ពុក​រលួយ​នូវ​ទឹកប្រាក់​ (២០៤​ដុល្លារ)​ដែល​សមាគម​នេះ​ បាន​ឱ្យទៅ​ កញ្ញា​ស្រី​មុំ​ ទៅ​តាម​ការ​ស្នើ​សុំ​របស់​នាង​គឺ​ ដោយសារ​តែ​នាង​ចង់បាន​ប្រាក់​នេះ​ ដើម្បី​ស្នាក់​នៅ​ភ្នំពេញ​តស៊ូ​មតិ​ ករណី​កញ្ញា​អះអាង​ថា​ ចង់បាន​យុត្តិធម៌​មក​វិញ​ ព្រោះ​គេ​វាយប្រហារ​នាង​ជា​ខ្លាំង​។​ ​នេះ​បើ​តាម​លោក​ ធន់​ សារាយ​ ប្រធាន​សមាគម​អា​ដ​ហុ​ក​ ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​អង្គារ​ទី​ ២៦​មេ​សា​ មុន​អ្នក​ទាំង​៤​រូប​នេះ​ត្រូវ​បាន​ACU​ឃុំខ្លួន​។​

​លោក​ ធន​ សារាយ​ ប្រធាន​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ បាន​និយាយ​នៅ​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅ​ពេល​លោក​ស្នើ​ដាក់​មេធាវី​ការពារ​មន្ត្រី​របស់​ខ្លួន​នៅ​ព្រឹក​មិ​ញ​នេះ​ថា​ អា​ដ​ហុ​ក​ បាន​ប្រគល់​ប្រាក់​ចំនួន​ (២០៤​ដុល្លារ)​ ឱ្យទៅ​ កញ្ញា​ ស្រី​មុំ​ ប៉ុន្តែ​ប្រាក់​នោះ​ កញ្ញា​ ស្រី​មុំ​ បាន​ស្នើ​សុំ​ ហើយ​ម្យ៉ាងទៀត​ វា​ស្ថិត​ នៅ​ក្នុង​គម្រោង​របស់​សមាគម​លោក​ជួយ​អ្នក​ក្រីក្រ​។​

​លោក​ ធន​ សារាយ​ ថ្លែង​ថា​«​បទល្មើស​ដែល​ពួក​យើងខ្ញុំ​ប្រព្រឹត្តិ​ដូច​ជា​អត់​មាន​ តាម​ខ្ញុំ​មើល​ តាំងពី​ការ​សូកប៉ាន់​ក៏​អត់​មាន​សូកប៉ាន់​ ដូច​ខ្ញុំ​បាន​បញ្ជាក់​អ​ញ្ចឹ​ង​យើងខ្ញុំ​ឲ្យ​ ២០៤​ ដុល្លារ​សម្រាប់​ ស្រី​ មុំ​ ស្នាក់​នៅ​ ធ្វើ​ដំណើរ​ចុះឡើង​ក្នុង​រឿង​ក្តីក្តាំ​នោះ​បាទ​។​ ដូច្នេះ​ខ្ញុំ​មិនដឹង​ថា​តើ​រឿង​អ្វី​ទាក់ទង​មក​ដល់​ ACU​ រឿង​សកម្មភាព​របស់​សមាគម​យើងខ្ញុំ​ យើងខ្ញុំ​មានការ​ឆ្ងល់​ដែរ​ »​។​

​មន្ដ្រីជាន់ខ្ពស់​អា​ដ​ហុ​ក​៤​ រូប​ គឺ​ លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខសាន្ដ​ លោកស្រី​ លឹ​ម​ មុនី​ រួម​ទាំង​ លោក​ នី​ ចរិយា​ បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ពួក​គាត់​ត្រូវ​បាន​ ACU​ សម្រេច​ឃុំ​ខ្ឡួ​ន​ ជា​ផ្លូវការ​នៅ​ម៉ោង​៨​យប់​ នៅ​ថ្ងៃ​ម្សិលមិញ​។​

​ក្រោយ​ពី​ចេញពី​បន្ទប់​ស​ន្និ​សិ​ទ​សារព័ត៌មាន​ លោក​ ឡា​ត់​ គី​ មន្ត្រីជាន់ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ ថា​អង្គការ​លោក​បាន​ដាក់​មេធាវី​ប្រាប់​៥​រូប​ ដើម្បី​ការពារ​មន្ត្រី​របស់​ខ្លួន​នៅ​ពេល​ឡើង​ទៅ​តុលាការ​ ហើយ​ក្រោយ​ពី​ផុត​រយៈពេល​៤៨​ម៉ោង​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ នឹង​បញ្ជូន​មេធាវី​ទៅ​សុខទុក្ខ​ភ្លាមៗ​។​

​លោក​បន្ថែម​ថា​ សមាគម​អា​ដ​ហុ​ក​ នឹង​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​)​ ប្រសិនបើ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​កម្ពុជា​ មិន​អាច​ឱ្យ​មន្ដ្រី​របស់​អា​ដ​ហុ​ក​ រួច​ផុត​ពី​ការ​ចោទប្រកាន់​និង​ការ​ឃុំខ្លួន​។​

​លោក​ ឡា​ត់​ គី​ និយាយ​ថា​​«​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ តាម​ដំណាក់កាល​ទី​១​យើង​ព្យាយាម​តស៊ូ​តាម​ប្រព័ន្ធ​តុលាការ​សិន​»​។​

​លោក​ ឱម​ យិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ បាន​ថ្លែង​ថា​ ពាក់ព័ន្ធ​ទៅ​និង​មន្ត្រី​អង្គការសហប្រជាជាតិ​ លោក​ ស៊ឺ​ន​ សាលី​ មិន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​នៅ​ពេល​នេះ​ អង្គភាព​ប្រឆាំង​អំពុក​រលួយ​នឹង​ចេញ​ដីការ​នាំ​ខ្លួន​ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ចា​ក់ថា​នឹង​នាំ​ខ្លួន​នៅ​ពេល​ណា​នោះ​ឡើយ​។​ ចំណែក​ លោក​ នី​ ចរិយា​ អតីតមន្ត្រី​ជាន់ខ្ពស់​អា​ដ​ហុ​ក​ ហើយ​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ក៏​កំពុង​ឃាត់ខ្លួន​នៅ​ (ACU)​ នៅឡើយ​។​

​លោក​ ឱម​ យិ​ន​ទៀង​ មាន​ប្រសាសន៍​ថា​ ACU​ ពុំ​ទាន់​ចោទប្រកាន់​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ រូប​នេះ​នៅឡើយ​។​ ប៉ុន្តែ​លោក​អះអាង​ថា​លោក​កំពុង​សំឡឹង​រក​មើល​បទ​ចោទ​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​។​

​លោក​ ឱម​ យិ​ន​ទៀង​ ៖«​សូ​ម្បី​សមី​ខ្លួន​ពេល​ខ្ញុំ​ធ្វើ​លិខិត​ប្រកាស់​ឃាត់ខ្លួន​ពី​បទ​ក៏​ខ្ញុំ​មិន​ចាំបាច់​សរសេរ​ទេ​ ប៉ុន្តែ​នៅ​ពេល​សរសេរ​សាវតា​ជាតិ​របស់​គាត់​ យើង​ត្រូវ​តែ​បញ្ជាក់​ថា​ បទល្មើស​អ្វី​ដែល​យើងខ្ញុំ​សម្លឹង​ឃើញ​ត្រូវ​ប្រាប់​គាត់​។​ ប្អូន​សួរ​គាត់​ចេញពី​មាត់​ខ្ញុំ​វា​មិន​ត្រូវ​»​។​

​ប៉ុន្តែ​អង្គការ​កា​ពារ​សិទ្ធិ​មនុស្ស​លី​ការ​ដូ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ ថ្កោលទោស​ចំពោះ​ ការ​កោះហៅ​ និង​សាកសួរ​មន្ត្រី​អា​ដ​ហុ​កថា​ជា​ការ​គំរាម​គំ​ហែង​ទៅ​លើ​សកម្មភាព​របស់​សង្គម​ស៊ី​វិល​។​ ​សេចក្តី​ថ្លែង​ការ​ដដែល​បាន​បញ្ជាក់​ថា​ លោក​ សឿ​ន​ សាលី​ មន្ត្រី​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ មិន​ចាំបាច់​ចូលខ្លួន​បំភ្លឺ​តាម​ការ​កោះហៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ព្រោះ​លោក​មាន​អភ័យឯកសិទ្ធិ​ជា​សមាជិក​មួយ​រូប​របស់​អង្គការសហប្រជាជាតិ​។​

​សេចក្តី​ថ្លែង​ការ​«​តួនាទី​របស់​ អ​.​ប​.​ព​ ក្នុង​ការ​កោះហៅ​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​សាកសួរ​ដោយសារ​តែ​ធ្វើ​សកម្មភាព​ស្របច្បាប់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រសើប​នយោបាយ​នោះ​គឺ​មិន​សម​ហេតុផល​ឡើយ​ ហើយ​នេះ​គឺជា​ការ​គំរាមកំហែង​និង​ការ​យាយី​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។​ ម្យ៉ាងទៀត​ ច្បាប់​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​តម្រូវ​ឱ្យ​ អ​.​ប​.​ព​ អនុវត្ត​តួនាទី​របស់​ខ្លួន​ដោយ​ឯករាជ្យ​ មិន​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ​»​។​

​លោក​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ ការ​សម្រេច​ឃុំខ្លួន​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ចំនួន​៤​រូប​ រួម​ទាំង​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ផង​ គឺជា​រឿង​នយោបាយ​ច្រើន​ជាង​ ស្វែងរក​យុត្តិធម៌​ ជូន​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​ មុំ​ និង​ជា​រូបភាព​មិន​បាន​ឆ្លុះ​ប​ញ្ជាំ​ង​នីតិរដ្ឋ​ពិតប្រាកដ​ក្នុង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​។​ ​លោក​បាន​ផ្តល់​អនុសាសន៍​ថា​ អ្នកនយោបាយ​គួរតែ​ងាក​មក​រក​តុ​ច​ចារ​ ដើម្បី​បន្ថយកម្តៅ​នយោបាយ​មុន​ការ​បោះ​ឆ្នោត​។​

​សូម​ជម្រាប​ថា​ ដើមចម​ឱ្យ​មាន​ករណី​របស់​មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ឃុំខ្លួន​និង​ឡើង​តុលាការ​ គឺ​ករណី​ការ​លួច​ថត​សំឡេង​តាម​ទូរស័ព្ទ​និង​ការ​ធ្លាយ​ខ្សែអាត់​សំឡេង​ សេ្ន​ហា​មួយ​ រវាង​ កញ្ញា​ស្រី​មុំ​ និង​ បុរស​ម្នាក់​ដែល​គេ​ថា​លោក​ កឹ​ម​ សុខា​។​ មុន​ដំបូង​កញ្ញា​ស្រី​មុំ​ បដិសេធ​ ខ្សែអាត់​នេះ​ គឺ​នាង​ បដិសេធ​ ទាំង​នៅ​ មុខ​សមត្ថកិច្ច​ប៉ូលិស​  នៅ​តុមូល​នៃ​វិទ្យុ​អា​សេរី​ និង​វិ​ដេ​អូ​ របស់​សមាគម​អា​ដ​ហុ​ក​ ប៉ុន្តែ​នៅ​ពេល​នាង​ឡើង​បំភ្លឺ​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា​ នាង​បាន​ទទួលស្គាល់​ថា​ជា​សំឡេង​ របស់​នាង​ ជាមួយ​លោក​កឹ​ម​សុខា​ ហើយ​នាង​ប្រាប់​តុលាការ​ថា​ លោក​កឹ​ម​សុខា​ និង​ មន្ត្រី​សង្គម​ស៊ី​វិល​នែ​នាំ​នាង​ កុហក់​សមត្ថកិច្ច​ ករណី​សំឡេង​ខ្សែអាត់​នេះ​ ៕

Share

ព័ត៌មានទាក់ទង

Image