ភ្នំពេញ៖ សមាហរណកម្មសេដ្ឋកិច្ចអាស៊ានគ្រោងនឹងសម្រេចបាននៅចុងឆ្នាំ២០១៥ ខាងមុខ ដូចនេះពលរដ្ឋនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ នឹងមានឱកាសបំពេញការងារផ្សេងៗទៅតាមជំនាញរបស់ខ្លួននៅបណ្តាប្រទេសសមាជិកអាស៊ានណាមួយ។ ទន្ទឹមនឹងការមានឱកាសការងារទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជនក្នុងប្រទេសអាស៊ានទាំង១០ ការត្រៀមខ្លួនប្រកួតប្រជែងដណ្តើមការងាររបស់យុវជនកម្ពុជាជាមួយយុវជនក្នុងបណ្តាប្រទេសនីមួយៗក្នុងតំបន់ ក៏ជាបញ្ហាសំខាន់ដែលយុវជនកម្ពុជាមិនត្រូវមើលរំលង។ ដើម្បីប្រកួតប្រជែងដណ្តើមការងារល្អបាន ក្រៅពីមានសមត្ថភាពច្បាស់លាស់នៅក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន យុវជនកម្ពុជាត្រូវមានសមត្ថភាព « ជំនាញទន់ » (Soft Skill ) មួយបន្ថែមទៀតក្នុងការបំពេញការងារ ។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ពីជំនាញទន់ និងវិធីសាស្ត្រអភិវឌ្ឍខ្លួនជាមុនដើម្បីត្រៀមប្រកួតប្រជែងការងារជាមួយយុជនបណ្តាប្រទេសអាស៊ាន ក្នុងពេលសមាហរណកម្មសេដ្ឋកិច្ចនោះ ខាងក្រោមនេះ ជាបទសម្ភាសន៍រវាងលោក ម៉ៅ សំណាង អ្នកយកព័ត៌មានរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា និង លោកស្រី ប៉ែន បុប្ផា គ្រូបណ្តុះបណ្តាលនៃអង្គការ អេច អ៊ី ឌី ស៊ី អន្តរជាតិ ( HEDC International) អំពីយុទ្ធសាស្ត្រទំាងនេះ។
WMC៖ តើអ្វីជាបញ្ហាប្រឈមរបស់យុវជនកម្ពុជាក្នុងពេលធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន?
អ្នកស្រី ប៉ែន បុប្ផា៖ បញ្ហាប្រឈមសម្រាប់យុវជនកម្ពុជាក្នុងពេលធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន គឺសមត្ថភាព ចំណេះដឹង និងជំនាញនៅក្នុងការងាររបស់យុវជននៅមានកម្រិត។ យុវជនកម្ពុជា មិនត្រូវមើលបញ្ហាគិតថាជាឧបសគ្គបំបាក់ទឹកចិត្តខ្លួនឯងនោះទេ។ ឧបសគ្គជារឿងពិតសម្រាប់យុវជនកម្ពុជា ប៉ុន្តែឧបសគ្គមួយចំនួនគ្រាន់តែជាក្តីស្រមៃនិងការគិតរបស់យុវជនកម្ពុជាតែប៉ុណ្ណោះ ព្រោះយុវជនមួយចំនួនចាប់ផ្តើមបាក់ទឹកចិត្ត ខណៈយុវជនមួយចំនួនទៀតកំពុងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព គុណភាពចំណេះ ជំនាញពិតប្រាកដ ដើម្បីប្រកួតប្រជែងជាមួយយុវជនក្នុងបណ្តាប្រទេសអាស៊ាន។
WMC៖ តើជំនាញទន់ជាអ្វី?
អ្នកស្រី ប៉ែន បុប្ផា៖ « ជំនាញទន់ » ប្រែពាក្យពីភាសាអង់គ្លេសថា « Soft Skill » ជាជំនាញមួយបន្ថែមទៀតក្នុងការបំពេញការងារក្រៅពីជំនាញបច្ចេកទេស។ ជំនាញទន់ ផ្តោតសំខាន់ទៅលើជំនាញក្នុងការប្រាស្រ័យទាក់ទង ជំនាញភាពជាអ្នកដឹងនាំ ជំនាញការគិត និងរបៀបការធ្វើការងារជាក្រុមជាមួយមនុស្សជុំវិញខ្លួន។ ស្របនឹងភាពប៉ិនប្រសប់ក្នុងការងារ ជំនាញទន់អាចធ្វើឱ្យបុគ្គលមានទំនុកចិត្តចំពោះខ្លួនឯងនិងចេះលើកទឹកចិត្តខ្លួនឯងនៅក្នុងពេលបំពេញការងារ និងមានក្តីស្រមៃចង់ឱ្យខ្លួនមានសមត្ថភាពកាន់តែប្រសើរឡើងនៅក្នុងការងារ។ ជារួមមក ជំនាញទន់ រាប់បញ្ចូលទាំងឥរិយាបថនៃការរស់ ឥរិយាបថក្នុងការបំពេញការងារ តាមរយៈការអភិវឌ្ឍន៍សមត្ថភាពក្នុងការគិតរបស់បុគ្គល។
WMC៖ តើយុវជនកម្ពុជាមានការត្រៀមខ្លួនហើយឬនៅ ដើម្បីចូលរួមប្រកួតប្រជែងការងារក្នុងពេលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានចុងឆ្នាំ ២០១៥ ខាងមុខ?
អ្នកស្រី ប៉ែន បុប្ផា៖ សមាហរណកម្មសេដ្ឋកិច្ចអាស៊ានចុងឆ្នាំ ២០១៥ ជាពេលវេលាដែលយុវជនត្រូវវាស់ស្ទង់សមត្ថភាពផ្ទាល់ខ្លួន ដើម្បីត្រៀមខ្លួនប្រកួតប្រជែងការងារជាមួយយុវជនក្នុងបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។ ឱកាសការងារមានសម្រាប់អ្នកដែលមានការត្រៀមខ្លួនទុកជាមុន អ្នកខិតខំកសាងសមត្ថភាពជំនាញរបស់ខ្លួនទាំងការសិក្សា ទាំង ការងារ ជាមួយស្ថាប័នណាមួយដែលខ្លួនកំពុងធ្វើការ។
ទន្ទឹមនឹងចំណេះដឹងវិជ្ជាជីរៈរបស់យុវជននៅមានកម្រិត ពួកគេច្រើនតែងគិតក្នុងន័យអវិជ្ជមានចំពោះខ្លួនឯង និងខ្លាចរអាជានិច្ចចំពោះការប្រកួតប្រជែងដណ្ដើមយកឱកាសការងារ។ យុវជនយើងតែងគិតថា នៅពេលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានចូលមកដល់ យុវជនប្រទេសដទៃទៀតនឹងមកដណ្ដើមយកឱកាសការងារពីគាត់អស់ ហើយបើឱ្យគាត់ទៅធ្វើការងារនៅប្រទេសគេ គាត់តែងគិតថាគាត់គ្មានឱកាសបានធ្វើការងារនោះទេ ។ ជាការពិតនៅពេលខ្លះជំនាញបច្ចេកទេសឬជំនាញវិជ្ជាជីវៈរបស់យុវជនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ ប៉ុន្តែជំនាញទន់ក្នុងការងារបែរជាពុំមានទៅវិញ នេះជាបញ្ហាដែលធ្វើឱ្យយុវជនកម្ពុជាមិនអាចទទួលបានឱកាសការងារស្របពេលអាស៊ានធ្វើសមាហរណកម្មសេដ្ឋកិច្ច។
ផ្ទុយទៅវិញ ប្រសិនបើចំណេះដឹងនិងសមត្ថភាពរបស់យុវជនកម្ពុជាមានគុណភាព នោះយុវជននឹងអាចប្រកួតប្រជែងជាមួយយុវជនប្រទេសដទៃទៀតបានជាក់ជាពុំខាន។ ដើម្បីប្រកួតប្រជែងការងារជាមួយយុវជននៅប្រទេសនានាក្នុងតំបន់អាស៊ាន យុវជនកម្ពុជាមានសមត្ថភាពចំណេះដឹងជំនាញបច្ចេកទេសតែមួយមុខពុំគ្រប់គា្រន់នោះទេ យុវជនត្រូវមានជំនាញទន់ មួយបន្ថែមទៀត ទើបមានឱកាសចាប់យកការងារល្អៗ ដែលខ្លួនចង់ធ្វើ និងអាចប្រកួតប្រជែងការងារក្នុងពេលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានចូលមកដល់នៅចុងឆ្នាំ ២០១៥ ។
WMC៖ តើយុវជនត្រូវធ្វើខ្លួនដូចម្តេច ដើម្បីអភិវឌ្ឍជំនាញទន់ឱ្យកាន់តែប្រសើរឡើង និងមានសក្តាពលក្នុងការបំពេញការងារ?
អ្នកស្រី ប៉ែន បុប្ផា៖ ការអភិវឌ្ឍន៍សមត្ថភាពជំនាញទន់ ងាយស្រួលឬលំបាកគឺអាស្រ័យលើបុគ្គលម្នាក់ៗ ព្រោះជំនាញទន់អាចរៀនបានគ្រប់ទីកន្លែង បុគ្គលមួយចំនួនអាចមានពីធម្មជាតិ ប៉ុន្តែការអភិវឌ្ឍន៍សមត្ថភាពជំនាញទន់មិនលំបាកដូចការអភិវឌ្ឍន៍សមត្ថភាពជំនាញបច្ចេកទេសនោះទេ។ យុវជនត្រូវចាប់ផ្តើមរៀនសង្កេត រៀនពិនិត្យ រៀនធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន រៀនពីមនុស្សជុំវិញខ្លួនឱ្យបានច្រើន ត្រូវមានចំណេះដឹងទូទៅទូលំទូលាយ ដើរឱ្យទាន់សម័យបច្ចេកវិទ្យា។
សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានក្នុងពេលខាងមុខ យុវជនមិនត្រូវភ័យខ្លាចចំពោះឧបសគ្គឬការប្រកួតប្រជែងការងារជាមួយនឹងយុវជនប្រទេសផ្សេងៗទៀតឡើយ។ ផ្ទុយទៅវិញយុវជនត្រូវខិតខំហ្វឹកហាត់ខ្លួន កសាងសមត្ថភាពទាំងជំនាញវិជ្ជាជីវៈ ជំនាញទន់របស់ខ្លួនឱ្យមានគុណភាព ជាពិសេសយុវជនរក្សាឱ្យបាននូវអត្តចរឹតត្រឹមត្រូវថ្លៃថ្នូរ មានឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ នោះឱកាសការងារល្អៗនឹងមានសម្រាប់អ្នកដែលបានត្រៀមខ្លួនទុកជាមុនក្នុងពេលពេលអាស៊ានធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅចុងឆ្នាំ ២០១៥ ។
WMC៖ តើយុវជនកម្ពុជាអាចទទួលបានឱកាសអ្វីខ្លះ ខណៈអាស៊ានធ្វើសមាហរណកម្មសេដ្ឋកិច្ច?
អ្នកស្រី ប៉ែន បុប្ផា៖ យុវជននឹងទទួលបានឱកាសផ្សេងៗជាច្រើនដូចជា ឱកាសក្នុងការសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការសិក្សានិងការងារ ការកសាងទំនាក់ទំនង ការទទួលបានចំណេះដឹងពីវប្បធម៌របស់ប្រទេសនីមួយៗ ជាពិសេសឱកាសសម្រាប់យុវជនមានបំណងកា្លយខ្លួនជាសហគ្រិន អាចចាប់ផ្តើមធ្វើអាជីវកម្ម ឬជំនួញផ្សេងៗបាន តាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចដោយបើកចំហររបស់រដ្ឋាភិបាលប្រទេសនីមួយៗ។
គួរបញ្ជាក់ផងដែរថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការនយោបាយនិងសេដ្ឋកិច្ចមួយមានសមាជិក ១០ប្រទេស និងត្រូវបានបង្កើតដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ បន្ទាប់មកមានសមាជិក ៥ប្រទេសទៀតចូលជាបន្ត ដូចជាប្រទេសព្រុយណេ មីយ៉ាន់ម៉ា ឡាវ វៀតណាម និងប្រទេសកម្ពុជា។ គោលបំណងនៃការបង្កើតអាស៊ាន គឺការរួមគ្នាពន្លឿនកំណើនសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានការរីកចម្រើន អភិវឌ្ឍផ្នែកវប្បធម៌ក្នុងចំណោមសមាជិករបស់ខ្លួនទាំងអស់ និងការពារសន្តិភាពព្រមទំាងស្ថិរភាពក្នុងតំបន់។ អាស៊ាន មានប្រជាជនសរុបប្រមាណ ៦០០ លាននាក់ស្មើនឹង ៨.៨ ភាគរយនៃចំនួនប្រជាជនទាំងអស់នៅក្នុងលើពិភពលោក៕