ភ្នំពេញ ៖ លោក ធន សារាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានប្រាប់អ្នកសារព័ត៌មានថា លោកបានសម្រេចបញ្ចូនមេធាវី៥រូប ទៅការពារខ្លួនមន្ដ្រីរបស់ខ្លួនចំនួន៥នាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃុំខ្លួនដើម្បីបន្ដការសាកសួរបន្ថែមទៀតនៅថ្ងៃនេះ។

លោក ធន សារាយ បានថ្លែងដូចនេះទៅកាន់អ្នកសារព័ត៌មាន គឺបន្ទាប់ពីលោក បានដាក់សំណើរទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បី អោយទទួលយកមេធាវីការពារមន្ដ្រីរបស់ខ្លួន ដែលរងការចោទប្រកាន់ថានៅពីក្រោយ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ករណីចោទថា ភូតភរសមត្ថកិច្ច ជុំវិញសម្លេងខ្សែអាត់ស្នេហា រវាងកញ្ញាជាមួយនិងបុរសម្នាក់ដែលគេថា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
មន្ដ្រីជាន់ខ្ពស់អាដហុកប្រាំរូប គឺ លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ដ លោកស្រី លឹម មុនី និងលោក នី ចរិយា អតីតមន្ដ្រីអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរងគ.ជ.ប ពួកគាត់ត្រូវបាន ACU សម្រេចឃុំខ្ឡួន ជាផ្លូវការនៅម៉ោង៨យប់ នៅថ្ងៃម្សិលមិញ។ ក្នុងរយៈពេល៧២ម៉ោង បើពុំនោះទេ មនុស្សទាំងប្រាំនាក់នេះ និងត្រូវនាំទៅតុលាការដើម្បីចោទប្រកាន់ជាផ្លូវការ ៕