ភ្នំពេញ ៖ កញ្ញា ខុមចាន់តារាទី ហៅស្រីមុំ ដែលបានវាយបកទៅលើ លោក កឹម សុខា និងមន្ដ្រីអង្គការ សង្គមស៊ីវិលមួយចំនួន ថា ណែនាំអោយកញ្ញា កុហក់ តុលាការនោះកំពុងស្ថិតនៅក្នុងការ សាកសួរបស់តុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះ។
តាមប្រភពព័ត៌មានពីអ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុស្ដ្រីFM102 គឺ កញ្ញា ស្រីមុំ បានទៅដល់ តុលាការតាំងពីម៉ោង៧ព្រឹក ហើយពេលនេះស្ថិតនៅក្នុងបន្ទប់សាកសួរ លើសំណុំរឿង ដែលកញ្ញា ធី សុវណ្ណថា ប្ដឹងថាបានបរិហារកេរ្តិ៍កញ្ញា ជាមួយនិងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ ទោះជាយ៉ាងនេះក្ដី នេះជាលើកទីពីរហើយ ដែលកញ្ញា ស្រីមុំ ត្រូវបានតុលាការកោះហៅ មក បំភ្លឺ បន្ទាប់ពីបានធ្វើឡើងកាលពីថ្ងៃទី១៩មេសា។
កញ្ញា ខុម ចាន់តារាទី ពេលនោះបានទទួលស្គាល់សម្លេងខ្សែអាត់របស់នាងជាមួយ លោក កឹម សុខា ហើយមិនត្រឹមតែប៉ុណ្ណោះ កញ្ញា បានសារភាពថា លោក កឹម សុខា និងមន្ដ្រីអាដហុកមួយចំនួន បានបង្គាប់ឱ្យ កញ្ញា ភូតកុហក់តុលាការ ដែលបញ្ហានេះនាំអោយមានការកោះហៅ មន្ដ្រីអាដហុកចំនួន៦រូប មកកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ACU និងលោក នី ចរិយា ផងដែរ អតីតប្រធានផ្នែកស៊ើបអង្គេត របស់សមាគមអាដហុក ដែលបច្ចុប្បន្ន ជាអគ្គលេខាធិការរង គ.ជ.ប។
នៅថ្ងៃនេះ ពួកគាត់អាចនិងត្រូវនាំខ្លួនទៅតុលាការ បើសិនជាACU ចោទពួកគាត់ជាផ្លូវការនោះ។
យ៉ាងណាក៏ដោយ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បានដាក់ពាក្យបណ្ដឹងទាមទារសំណងជម្ងឺចិត្ត៣០ម៉ឺនដុល្លារ ដែលកញ្ញាថា បានធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់កញ្ញា ដោយសារតែសន្យាថា ទិញផ្ទះអោយនាងនៅ តែបែរជាលោក កឹម សុខា មិនទិញអោយនោះ ៕