ភ្នំពេញ ៖ ការចោទសួរ មន្ត្រីជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុកនិងលោកនី ចរិយា អគ្គលេខារងគជប ដោយអង្គភាពប្រឆាំងអំពើពុករលួយACU នៅតែបន្ត នៅព្រឹកថ្ងៃសុក្រនេះ ដែលគេគិតថា បើរយៈពេល ៧២ម៉ោង អាចនឹងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីធ្វើការចោទប្រកាន់។
មន្ត្រីសមាគមអាហុក លោក ឡាក់គី បាន ប្រាប់វិទ្យុស្ត្រីFM 102 ថា មន្ត្រីជាន់ខ្ពស់អាដហុកទាំង៤ រូប មានលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត លោក ណៃ វង់ដា លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេត និង លោកស្រី លឹមមុនី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៅមិនទាន់ មកកាន់ កន្លែងធ្វើការទេនៅថ្ងៃ ប៉ុន្តែលោកថា ពួកគាត់ ត្រូវ ACU សាកសួរបន្តទៀត ។
តាមអ្នករាយការណ៍ព័ត៌មាន របស់ ស្ត្រីFM 102 ដែលបាន ចុះរាយការណ៍ព័ត៌មាននៅទីនោះ បាន ប្រាប់ថា ប្រពន្ធរបស់លោក ណៃ វង់ដា ព្រឹកមិញនេះបាន យកថ្នាំពេទ្យមកឱ្យ ប្ដី នៅACU។ ចំណែកលោក នី ចរិយា អតីតប្រធានផ្នែក ស៊ើបអង្កេតនៃសមាគមអាដហុក និង បច្ចុប្បន្នជាអគ្គលេខារងគជប ក៏ស្ថិតនៅក្នុង ACU ផងដែរ។
តាមក្រមព្រហ្មទណ្ឌ ACU នឹងនាំខ្លួន មនុស្ស៥នាក់នេះទៅតុលាការ ឬត្រូវដោះលែង ប្រសិន បញ្ចប់ការសាកសួរ ព្រោះពេលវេលានៃការសាកសួរឬឃុំខ្លួន នឹងមានរយៈពេល៧២ម៉ោងនៅថ្ងៃនេះ។
អ្នកទាំង៥នាក់នេះ ត្រូវបានACU កោះហៅ មកសាកសួររយៈពេល២ថ្ងៃមកហើយ ករណីចោទថា ណែនាំកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ កុហកសមត្ថកិច្ច រឿងសំឡេងខ្សែអាត់ ស្នេហា របស់បុរសម្នាក់ដែលគេថា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ៕