en     km
en     km

ភ្លើង​ស្នេហ៍​​មួយ​គេ​ថា​​ជា​រឿង​អ្នកនយោបាយ​​ កំពុង​​ឆាប​ឆេះ​ដល់​ផ្ទះ​​អ្នក​ជិតខាង​

Share

​ភ្នំពេញ ៖ រឿងស្នេហា​របស់​អ្នកនយោបាយ​បក្ស​ប្រឆាំង​ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្រជាជន​ដឹង​ភាគច្រើន​ នោះ​គឺ​គេ​ថា​រវាង​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ជា​បុគ្គលិក​ក្នុង​ហាង​អ៊ុតសក់​ មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ បាន​នឹង​កំពុង​តែ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​។​ សំនុំ​រឿងស្រី​មុំ​នេះ​ គឺ​មាន​ទាំង​សង្គម​ស៊ី​វិល​ អ្នកវិភាគ​សង្គម​ និង​សមាជិក​បក្ស​ប្រឆាំង​ខ្លួនឯង​ផង​ កំពុង​តែ​ជាប់ក្តី​ក្តាំង​ ខណៈ​អ្នក​ទាំងនោះ​បាន​លូកដៃ​ចូល​ច្បាំង​ដណ្តើម​កញ្ញា​ស្រី​មុំ​ ពី​ប្រភព​មួយ​ដែល​គេ​ ថា​ខ្មៅ​ង​ងិ​ត​។​

kem-sokha-text
​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ

​តើ​ក្នុង​សំនុំ​រឿងស្រី​មុំ​ នេះ​នឹង​មាន​នរណា​ខ្លះ​ត្រូវ​រង​គ្រោះ​ និង​ត្រូវ​រង​គ្រោះ​ដល់​កម្រិត​ណា​?​ ចុះ​តួអង្គ​ក្នុង​សាច់​រឿង​នេះ​ គឺ​លោក​ កឹ​ម​ សុខា​ នៅ​សម្ងំ​លាក់ខ្លួន​ដល់​ពេល​ណា​?​ តើ​លោក​ កឹ​ម​ សុខា​ នឹង​ដោះ​ក្បាំងមុខ​ដោយ​ខ្លួនឯង​ ឬ​ក្បាំងមុខ​មួយ​នេះ​ ត្រូវ​អ្នក​ទី​៣​ជា​អ្នក​ដោះ​ជំនួស​។​

​សូម​នាង​កញ្ញា​ លោក​ លោកស្រី​ អញ្ជើញ​ស្តាប់​បទ​អត្ថាធិប្បាយ​របស់​លោក​ កែវ​ សុខា​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ដូច​តទៅ​ ៖


សាច់​រឿង​ស្នេហា​មួយ​ដែល​ល្បី​ខ្ទរខ្ទារ​ហើយ​គេ​ថា​រវាង​លោក​ កឹ​ម​ សុខា​ និង​កញ្ញា​ ស្រី​មុំ​  គឺជា​ឈុត​ឆាក​សម្តែង​តៗ​គ្នា​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយទៀត​ក្នុង​សាច់​រឿង​នេះ​ដោយ​ បាន​កើត​មាន​ជា​បន្តបន្ទាប់​ នឹង​ត្រូវ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​មហាជន​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​។​ មជ្ឈដ្ឋាន​ខ្លះ​លើក​ឡើង​ថា​ នេះ​ជា​ឈុត​ឆាក​រៀបចំ​របស់​អ្នកនយោបាយ​ប៉ុណ្ណោះ​ ក្នុង​ការ​ផ្តួល​គូភាគី​របស់​ខ្លួន​។​ តែ​មាន​មជ្ឈដ្ឋាន​ខ្លះ​ក៏​លើក​ឡើង​ដែល​ថា​ រឿង​នេះ​ជា​រឿង​ពិត​ ព្រោះ​តួ​ប្រុស​ក្នុង​រឿង​នេះ​ បាន​លាក់​មុខ​មិន​ចេញ​សារភាព​ឬ​ បដិសេធ​នៅ​តែ​ប្រកាន់​ជំហរ​ថា​មិន​ឆ្លើយ​ មិន​ឆ្លង​ មិន​ឈ្លោះ​  ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ខ្លះ​យល់​ថា​ តួ​ប្រុស​មានខ្លួន​មែន​ទើប​មិន​ហ៊ាន​ដោះ​ក្បាំងមុខ​។​

​ការ​មិន​ព្រម​ចេញ​មុខ​បកស្រាយ​ពី​លោក​ កឹ​ម​ សុខា​ បាន​បង្ក​ផល​លំបាក​ដល់​បណ្តា​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ និង​សមាជិក​បក្ស​ប្រឆាំង​ខ្លួនឯង​ផង​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​មាន​អ្នកវិភាគ​សង្គម​ផង​ដែរ​។​ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ថ្ងៃ​ទី​២៥​ មេ​សា​ បាន​ចេញ​លិខិត​កោះហៅ​បុគ្គល​ ៨​នាក់​បន្ថែម​ទៀត​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​របស់​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ ដែល​ថា​រូប​នាង​ត្រូវ​បាន​ណែនាំ​ឲ្យ​ផ្ដល់​ចម្លើយ​មិន​ពិត​ដល់​អាជ្ញាធរ​។​

​បុគ្គល​ទាំង​ ៨​នាក់​នោះ​រួម​មាន​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ នី​ ចរិយា​ ប្រធាន​អង្គការ​សីល​ការ​ អ្នកស្រី​ ធីតា​ ឃឹះ​ មន្ត្រី​នៃ​ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ គឺ​លោក​ សឺ​ន​ សាលី​ និង​មន្ត្រី​ ៥​រូប​ទៀត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ (ADHOC)​។​ មន្ត្រី​ ៥​រូប​នោះ​រួម​មាន​ លោក​ នី​ សុខា​ ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​ អ្នកស្រី​ លឹ​ម​ មុនី​ ជា​មន្ត្រី​អង្កេត​ជាន់ខ្ពស់​ អ្នកស្រី​ ទ្រី​ ឈួ​ន​ ធ្លាប់​ជា​មេធាវី​របស់​កញ្ញា​ ស្រី​មុំ​ រួម​ទាំង​លោក​ យី​ សុខសាន្ត​ និង​លោក​ ណៃ​ វង់​ដា​ ដែល​អ្នក​ទាំង​ពីរ​ជា​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អា​ដ​ហុ​ក​។​

​តប​តាម​លិខិត​កោះហៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ មន្ត្រី​អង្គការ​ទាំងនោះ​ បាន​ចូលខ្លួន​ទៅ​បំភ្លឺ​ACU​ជា​បន្តបន្ទាប់​។​

​ចំណែក​លោក​ អ៊ូ​ វី​រៈ​ អ្នកវិភាគ​ឯករាជ្យ​ដែល​តែង​វិភាគ​ផ្ដល់​អនុសាសន៍​រដ្ឋាភិបាល​ ក៏​កំពុង​រង​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​សម្រេច​ដាក់​ពាក្យ​ប្ដឹង​លោក​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ បន្ទាប់​ពី​លោក​បាន​វិភាគ​ថា​ យុទ្ធសាស្ត្រ​របស់​គណបក្សកាន់អំណាច​នៅ​ពេល​នេះ​ គឺ​ព្យាយាម​គាបសង្កត់​ លោក​ កឹ​ម​ សុខា​ និង​ហិរញ្ញវត្ថុ​របស់​មេ​បក្ស​ប្រឆាំង​នេះ​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ស្នេហា​អាស្រូវ​ជាមួយ​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​។​

​ជាក់ស្តែង​លោក​ ស៊ា​ង​ ចែត​ មេឃុំ​គណបក្ស​ សម​ រ​ង្ស៊ី​  ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ក៏​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​លោក​មេឃុំ​រូប​នេះ​ ទៅ​ឃុំខ្លួន​ នៅ​ពន្ធនាគារ​ព្រៃ​ស​ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​បើ​តាម​បទ​ចោទ​នេះ​ លោក​ ស៊ា​ង​ ចែត​ អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ ដល់​១០​ឆ្នាំ​ ព្រោះ​មាត្រា​នេះ​ចែង​ថា​ បុគ្គល​ណា​ដែល​ប្រគល់​ឲ្យ​សាក្សី​ដោយ​ផ្ទាល់​ ឬ​ប្រយោល​ នូវ​អំណោយ​ ជំនូន​ ការ​សន្យា​ ឬ​អត្ថប្រយោជន៍​អ្វីមួយ​ ដើម្បី​មិន​ធ្វើ​ជា​សាក្សី​ ឬ​ផ្ដល់​សក្ខីកម្ម​ភូត​កុហក​។​ ករណី​នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ រក​ឃើញ​ធាតុ​ផ្សំ​បទល្មើស​គ្រប់គ្រាន់​ ទាក់ទង​នឹង​រឿង​លុយ​ ៥០០​ដុល្លារ​ ដែល​កញ្ញា​ស្រី​ មុំ​ ឆ្លើយ​ដាក់​ លោក​ ស៊ា​ង​ ចែត​ ថា​ បាន​យក​ទៅ​ឲ្យ​ម្ដាយ​របស់​អ្នក​នាង​ ដើម្បី​កុំ​ឲ្យ​នាង​និយាយ​ការ​ពិត​អំពី​រឿង​ស្នេហា​រវាង​អ្នក​នាង​ និង​លោក​ កឹ​ម​ សុខា​។​

​តើ​នេះ​មិនមែន​ជា​ផល​ប៉ះពាល់​ដែល​កើត​ចេញពី​ការ​លូកដៃ​ចូល​ជ្រៅ​ក្នុង​សំនុំរឿង​អា​សូវ​របស់​អ្នក​ន​យោ​ បាយ​ទេ​ឬ​?​ តើ​អ្នក​ទាំងនោះ​អាច​រំដោះខ្លួន​បាន​ដោយ​របៀប​ណា​?​

​ឥឡូវនេះ​យើង​ងាក​មក​ស្តាប់​ការ​ពន្យល់​របស់​អ្នកវិភាគ​ឯករាជ្យ​វិញ​ម្តង​។​

​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ និង​ជា​អ្នកវិភាគ​ឯករាជ្យ​ លោក​ មាស​ នី​ លើក​ឡើង​ថា​ នៅ​ដំណាក់កាល​នយោបាយ​ដែល​កំពុង​ឆេះ​ក្តៅ​គគុក​នេះ​ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នកវិភាគ​ អាច​នឹង​ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់ការ​ដាក់​ពន្ធនាគារ​ ដើម្បី​គំរាម​កុំឱ្យ​សង្គម​ស៊ី​វិល​ទាំងនោះ​ហ៊ាន​លូកដៃ​ចូល​កកូរកកាយ​ក្នុង​ ឈុត​ឆាកនយោបាយ​ដែល​កំពុង​សម្តែង​នេះ​។​

លោក​ មាស​ នី​ សម្តែង​ក្តី​បារម្ភ​ថា​ ប្រសិនបើ​ស្ថានភាព​នយោបាយ​នៅ​តែ​ឡើង​កំ​ដៅ​បែប​នេះ​ នោះ​អ្នក​រង​គ្រោះ​នឹង​មាន​ជា​បន្តបន្ទាប់​ ហើយ​មុខសញ្ញា​ដែល​នឹង​ត្រូវ​រង​គ្រោះ​បន្ទាប់​នោះ​ អាច​ជា​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ក៏​ថា​បាន​។​

​លោក​ មាស​ នី​ ៖ «បើ​យើង​មើល​ពី​យុទ្ធនាការ​របស់​រដ្ឋាភិបាល​នេះ​ វា​អាស្រ័យ​ទៅ​លើ​ ថា​តើ​ស្ថានភាព​ហ្នឹង​វា​អាច​ត្រជាក់​ទៅ​វិញ​ដែល​អត់​ សម្រាប់​ប្រតិកម្ម​ពី​សាធារណជន​ តែបើ​ប្រតិកម្ម​ពី​សាធារណជន​ហ្នឹង​វា​មាន​កាន់តែ​ធ្ង​រ​ កាន់តែ​ច្រើន​ឡើង​ ខ្ញុំ​គិត​ថា​ ការ​រករឿង​ដល់​អ្នកវិភាគ​ ដល់​សង្គម​ស៊ី​វិល​ដែល​ធ្វើ​កិច្ចការ​ហ្នឹង​ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ ផ្សព្វផ្សាយ​បន្ត​លើ​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​ហ្នឹង​ ខ្ញុំ​ថា​ហ្នឹង​អាច​មានការ​ចាប់​ដាក់​ទោសទណ្ឌ​មនុស្ស​ម​ន្ថែ​ម​ទៀត»​​។​

​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ​ យើង​សង្កេត​ឃើញ​ថា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​បាន​រឹត​ត្បឹ​ត​ តាម​រយៈ​យន្តការ​តុលាការ​ ។​

​ងាក​មក​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​វិញ​ម្តង​។​ លោក​ សូ​ ច​ន្ថា​ លើក​ឡើង​ថា​ ដំណាក់កាល​ចុង​ក្រោយ​នេះ​ បុគ្គល​ដែល​បាន​ចូលរួម​បញ្ចេញមតិ​ និង​ចូលរួម​ស្វែងរក​ការ​ពិត​ក្នុង​រឿង​នេះ​ ត្រូវ​បាន​គេ​វាយបំបាក់​បំបិទមាត់​ជា​បណ្តើរៗ​ហើយ​ ដែល​ប្រការ​នេះ​ ជា​ផ្នែក​មួយ​ក្នុង​ការ​រឹត​ត្បឹ​ត​សេរីភាព​ក្នុង​ការ​បញ្ចេញ​ ខុស​ពី​គន្លង​ប្រជាធិបតេយ្យ​។​ បើ​ទោះបី​សង្គម​ស៊ី​វិល​មិន​ទាន់​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ក្នុង​ករណី​ក្នុង​សំនុំរឿង​អាស្រូវ​ស្នេហា​នេះ​ក្តី​ តែ​លោក​ សូ​ ច​ន្ថា​ ហាក់​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ពួក​គេ​ ពិសេស​គឺ​ព្រួយបារម្ភ​ពី​សេរីភាព​បញ្ចេញមតិ​ ក្នុង​ប្រទេស​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​មួយ​នេះ​។​

​លោក​ សូ​ ច​ន្ថា​៖ ​«អ្វី​ដែល​ជា​បញ្ហា​ចោទ​យើង​ឃើញ​ថា​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ព្យាយាម​បិទ​មាត់​ក្រុម​សង្គម​ស៊ី​វិល​ ក្រុម​អ្នកវិភាគ​ទាំង​អស់នោះ​ យើង​ឃើញ​ថា​មិន​មាន​អ្វី​ដែល​ចំណេញ​ដល់​ជាតិ​នោះ​ទេ​ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នោះ​គឺ​ កម្ពុជា​នឹង​ល្បី​នៅ​លើ​ឆាក​អន្តរជាតិ​ ក៏​ប៉ុន្តែ​ល្បី​ក្នុង​រឿង​បិទ​សិទ្ធិ​សេរីភាព​ ដើរ​ខុស​ពី​គន្លង​លទ្ធិប្រជាធិបតេយ្យ​នីតិរដ្ឋ​នោះ​បាទ​!»​។​

​ចំណែក​អ្នកវិភាគ​មួយ​ចំនួន​នៅ​កម្ពុជា​ ក៏​ធ្លាប់​បាន​លើក​ឡើង​ដែល​ថា​ Game​ ដែល​អ្នកនយោបាយ​កំពុង​តែ​លេង​នេះ​ គឺជា​ល្បែង​មួយ​ប្រកបដោយ​គ្រោះថ្នាក់​មែនទែន​ ហើយ​ល្បែង​នយោបាយ​នេះ​ក៏​មិន​មាន​អ្វី​ចំណេញ​ដល់​ប្រទេស​ជាតិ​នោះ​ដែរ​ ៕

Share

Image
Image
Image