ភ្នំពេញ ៖ រឿងស្នេហារបស់អ្នកនយោបាយបក្សប្រឆាំង ដែលបច្ចុប្បន្នត្រូវបានប្រជាជនដឹងភាគច្រើន នោះគឺគេថារវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ជាបុគ្គលិកក្នុងហាងអ៊ុតសក់ មួយកន្លែងក្នុងរាជធានីភ្នំពេញ បាននឹងកំពុងតែឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។ សំនុំរឿងស្រីមុំនេះ គឺមានទាំងសង្គមស៊ីវិល អ្នកវិភាគសង្គម និងសមាជិកបក្សប្រឆាំងខ្លួនឯងផង កំពុងតែជាប់ក្តីក្តាំង ខណៈអ្នកទាំងនោះបានលូកដៃចូលច្បាំងដណ្តើមកញ្ញាស្រីមុំ ពីប្រភពមួយដែលគេ ថាខ្មៅងងិត។
តើក្នុងសំនុំរឿងស្រីមុំ នេះនឹងមាននរណាខ្លះត្រូវរងគ្រោះ និងត្រូវរងគ្រោះដល់កម្រិតណា? ចុះតួអង្គក្នុងសាច់រឿងនេះ គឺលោក កឹម សុខា នៅសម្ងំលាក់ខ្លួនដល់ពេលណា? តើលោក កឹម សុខា នឹងដោះក្បាំងមុខដោយខ្លួនឯង ឬក្បាំងមុខមួយនេះ ត្រូវអ្នកទី៣ជាអ្នកដោះជំនួស។
សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទអត្ថាធិប្បាយរបស់លោក កែវ សុខា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រីដូចតទៅ ៖
សាច់រឿងស្នេហាមួយដែលល្បីខ្ទរខ្ទារហើយគេថារវាងលោក កឹម សុខា និងកញ្ញា ស្រីមុំ គឺជាឈុតឆាកសម្តែងតៗគ្នាពីក្រុមមួយទៅក្រុមមួយទៀតក្នុងសាច់រឿងនេះដោយ បានកើតមានជាបន្តបន្ទាប់ នឹងត្រូវបានទទួលការចាប់អារម្មណ៍ពីមហាជនខ្មែរគ្រប់មជ្ឈដ្ឋាន។ មជ្ឈដ្ឋានខ្លះលើកឡើងថា នេះជាឈុតឆាករៀបចំរបស់អ្នកនយោបាយប៉ុណ្ណោះ ក្នុងការផ្តួលគូភាគីរបស់ខ្លួន។ តែមានមជ្ឈដ្ឋានខ្លះក៏លើកឡើងដែលថា រឿងនេះជារឿងពិត ព្រោះតួប្រុសក្នុងរឿងនេះ បានលាក់មុខមិនចេញសារភាពឬ បដិសេធនៅតែប្រកាន់ជំហរថាមិនឆ្លើយ មិនឆ្លង មិនឈ្លោះ ដែលធ្វើឱ្យទស្សនិកជនខ្លះយល់ថា តួប្រុសមានខ្លួនមែនទើបមិនហ៊ានដោះក្បាំងមុខ។
ការមិនព្រមចេញមុខបកស្រាយពីលោក កឹម សុខា បានបង្កផលលំបាកដល់បណ្តាអង្គការសង្គមស៊ីវិលមួយចំនួន និងសមាជិកបក្សប្រឆាំងខ្លួនឯងផង មិនត្រឹមតែប៉ុណ្ណោះក៏មានអ្នកវិភាគសង្គមផងដែរ។ អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២៥ មេសា បានចេញលិខិតកោះហៅបុគ្គល ៨នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងការចោទប្រកាន់របស់កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលថារូបនាងត្រូវបានណែនាំឲ្យផ្ដល់ចម្លើយមិនពិតដល់អាជ្ញាធរ។
បុគ្គលទាំង ៨នាក់នោះរួមមាន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា ប្រធានអង្គការសីលការ អ្នកស្រី ធីតា ឃឹះ មន្ត្រីនៃការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា គឺលោក សឺន សាលី និងមន្ត្រី ៥រូបទៀតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)។ មន្ត្រី ៥រូបនោះរួមមាន លោក នី សុខា ជាប្រធានផ្នែកស៊ើបអង្កេត អ្នកស្រី លឹម មុនី ជាមន្ត្រីអង្កេតជាន់ខ្ពស់ អ្នកស្រី ទ្រី ឈួន ធ្លាប់ជាមេធាវីរបស់កញ្ញា ស្រីមុំ រួមទាំងលោក យី សុខសាន្ត និងលោក ណៃ វង់ដា ដែលអ្នកទាំងពីរជាអនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក។
តបតាមលិខិតកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយនេះ មន្ត្រីអង្គការទាំងនោះ បានចូលខ្លួនទៅបំភ្លឺACUជាបន្តបន្ទាប់។
ចំណែកលោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យដែលតែងវិភាគផ្ដល់អនុសាសន៍រដ្ឋាភិបាល ក៏កំពុងរងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចដាក់ពាក្យប្ដឹងលោក ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីលោកបានវិភាគថា យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក កឹម សុខា និងហិរញ្ញវត្ថុរបស់មេបក្សប្រឆាំងនេះ ពាក់ព័ន្ធនឹងសំណុំរឿងស្នេហាអាស្រូវជាមួយកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ។
ជាក់ស្តែងលោក ស៊ាង ចែត មេឃុំគណបក្ស សម រង្ស៊ី ស្រុកកំពង់សៀម ខេត្តកំពង់ចាមក៏ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនលោកមេឃុំរូបនេះ ទៅឃុំខ្លួន នៅពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងបទចោទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។
បើតាមបទចោទនេះ លោក ស៊ាង ចែត អាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ ដល់១០ឆ្នាំ ព្រោះមាត្រានេះចែងថា បុគ្គលណាដែលប្រគល់ឲ្យសាក្សីដោយផ្ទាល់ ឬប្រយោល នូវអំណោយ ជំនូន ការសន្យា ឬអត្ថប្រយោជន៍អ្វីមួយ ដើម្បីមិនធ្វើជាសាក្សី ឬផ្ដល់សក្ខីកម្មភូតកុហក។ ករណីនេះអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញធាតុផ្សំបទល្មើសគ្រប់គ្រាន់ ទាក់ទងនឹងរឿងលុយ ៥០០ដុល្លារ ដែលកញ្ញាស្រី មុំ ឆ្លើយដាក់ លោក ស៊ាង ចែត ថា បានយកទៅឲ្យម្ដាយរបស់អ្នកនាង ដើម្បីកុំឲ្យនាងនិយាយការពិតអំពីរឿងស្នេហារវាងអ្នកនាង និងលោក កឹម សុខា។
តើនេះមិនមែនជាផលប៉ះពាល់ដែលកើតចេញពីការលូកដៃចូលជ្រៅក្នុងសំនុំរឿងអាសូវរបស់អ្នកនយោ បាយទេឬ? តើអ្នកទាំងនោះអាចរំដោះខ្លួនបានដោយរបៀបណា?
ឥឡូវនេះយើងងាកមកស្តាប់ការពន្យល់របស់អ្នកវិភាគឯករាជ្យវិញម្តង។
អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ លោក មាស នី លើកឡើងថា នៅដំណាក់កាលនយោបាយដែលកំពុងឆេះក្តៅគគុកនេះ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកវិភាគ អាចនឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចចាត់ការដាក់ពន្ធនាគារ ដើម្បីគំរាមកុំឱ្យសង្គមស៊ីវិលទាំងនោះហ៊ានលូកដៃចូលកកូរកកាយក្នុង ឈុតឆាកនយោបាយដែលកំពុងសម្តែងនេះ។
លោក មាស នី សម្តែងក្តីបារម្ភថា ប្រសិនបើស្ថានភាពនយោបាយនៅតែឡើងកំដៅបែបនេះ នោះអ្នករងគ្រោះនឹងមានជាបន្តបន្ទាប់ ហើយមុខសញ្ញាដែលនឹងត្រូវរងគ្រោះបន្ទាប់នោះ អាចជាស្ថាប័នព័ត៌មានឯករាជ្យមួយចំនួនក៏ថាបាន។
នៅដំណាក់កាលចុងក្រោយនេះ យើងសង្កេតឃើញថាសេរីភាពក្នុងការបញ្ចេញមតិបានរឹតត្បឹត តាមរយៈយន្តការតុលាការ ។
ងាកមកលោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយវិញម្តង។ លោក សូ ចន្ថា លើកឡើងថា ដំណាក់កាលចុងក្រោយនេះ បុគ្គលដែលបានចូលរួមបញ្ចេញមតិ និងចូលរួមស្វែងរកការពិតក្នុងរឿងនេះ ត្រូវបានគេវាយបំបាក់បំបិទមាត់ជាបណ្តើរៗហើយ ដែលប្រការនេះ ជាផ្នែកមួយក្នុងការរឹតត្បឹតសេរីភាពក្នុងការបញ្ចេញ ខុសពីគន្លងប្រជាធិបតេយ្យ។ បើទោះបីសង្គមស៊ីវិលមិនទាន់ត្រូវបានចាប់ឃុំខ្លួនក្នុងករណីក្នុងសំនុំរឿងអាស្រូវស្នេហានេះក្តី តែលោក សូ ចន្ថា ហាក់ព្រួយបារម្ភពីសុវត្ថិភាពពួកគេ ពិសេសគឺព្រួយបារម្ភពីសេរីភាពបញ្ចេញមតិ ក្នុងប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីមួយនេះ។
ចំណែកអ្នកវិភាគមួយចំនួននៅកម្ពុជា ក៏ធ្លាប់បានលើកឡើងដែលថា Game ដែលអ្នកនយោបាយកំពុងតែលេងនេះ គឺជាល្បែងមួយប្រកបដោយគ្រោះថ្នាក់មែនទែន ហើយល្បែងនយោបាយនេះក៏មិនមានអ្វីចំណេញដល់ប្រទេសជាតិនោះដែរ ៕