លោកស្រី អ៊ុងសានស៊ូជី ប្រមុខដឹកនាំ នៃគណបក្សកាន់អំណាច និងជាទីប្រឹក្សារដ្ឋ បានអំពាវនាវ ឱ្យមានសន្និសីទ សន្តិភាព ថា្នក់ជាតិមួយ នៅរយៈពេល២ខែខាងមុខ ប្រយោជន៍ដើម្បីស្វែងរកការផ្សះផ្សាជាតិ។

កាសែតភូមា ពន្លឺថ្មី មីយ៉ាន់ម៉ា បានរាយការណ៍ថា លោកស្រីស៊ូជី បានថ្លែង ដូចនេះនៅឯ កិច្ចប្រជុំមួយ នៃគណៈកម្មាធិការ ត្រួតពិនិត្យ បទឈប់បាញ់គ្នា កាលពីថ្ងៃពុធទី ២៧មេសា។
ក្នុងកិច្ចប្រជុំនេះ លោកស្រី បានបញ្ជាក់ថា គេចាំបាច់ បើកឱ្យមាន សន្និសីទថា្នក់ជាតិនេះ ដោយមានភាគីពាក់ព័ន្ធ ចូលរួមទាំងអស់ ទើបអាចរក ចំនុចរួមនៃការដោះស្រាយជម្លោះ។ លោកស្រី មានប្រសាសន៍ថា លោកស្រីនឹងខិតខំ ប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីនាំក្រុម ប្រដាប់អាវុធ មកកាន់វេទិកានេះ ដែលលោកស្រីថា បទឈប់បាញ់គ្នាជាអាទីភាព ដ៏សំខាន់។
សូមជម្រាបថា ប្រទេសភូមា ដែលគេហៅថាសហភាពមីយ៉ាម៉ា មានក្រុមឧទ្ទាម ទាមទារបំបែកខ្លួន មានចំនួន៨ក្រុម ហើយពួកគេបានដឹកនាំចលនា តាំងពីប្រទេសនេះ ដណ្ដើមឯករាជ្យ ពីអាណានិគមអង់គ្លេសនៅឆ្នាំ ១៩៤៧ ៕
ប្រភព: Mizzima