en     km
en     km

បទ​យកការណ៍ ​៖ ​និស្សិត​​ស្រី​​មួយ​​ចំនួន​​ រៀន​ច្បាប់​​ព្រោះ​ចង់​​ផ្លាស់​ប្ដូរ​​ផ្នត់​គំនិត​សង្គម​

Share

​ភ្នំពេញ ៖ និស្សិត​ស្រី​ភាគតិច​ណាស់​ដែល​មានឱកាស​បន្ដ​ការ​សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ​ ហើយ​ក៏​មាន​ និស្សិត​ស្រី​តិច​ដែរ​ សម្រេច​បន្ដ​ការ​សិក្សា​នៅ​មុខ​វិជ្ជា​ច្បាប់​ ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន​នៅ​ពេល​អនាគត​។​ ប៉ុន្ដែ​នៅ​ពេល​នេះ​ និស្សិត​ស្រី​មួយ​ចំនួន​ដែល​កំពុង​សិក្សា​ នៅ​តាម​សាកលវិទ្យាល័យ​នានា​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ពួក​គេ​ក៏​សម្រេចចិត្ត​សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់​ ស្រប​ពេល​ដែល​វិស័យ​មួយ​នេះ​ ភាគច្រើន​មិនសូវ​ចាប់អារម្មណ៍​សិក្សា​។​ ចង់​ដឹង​ថា​ និស្សិត​ស្រី​ទាំងនោះ​ សម្រេចចិត្ត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​មុខ​វិជ្ជា​ច្បាប់​ ព្រោះ​មូលហេតុ​អ្វី​ ហើយ​អ្វី​ជា​ក្ដី​ស្រមៃ​ និង​មហិច្ឆតា​របស់​ពួក​គេ​?​ ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ ដែល​រៀបរៀង​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​ ៖​

 

University-pre
រូបតំណាង ៖ ប្រភពពី cadyzuvich​ blogspot

​និស្សិត​ស្រី​សិក្សា​មុខ​វិជ្ជា​ច្បាប់​ មួយ​ចំនួន​ រៀន​នៅ​សាកលវិទ្យាល័យ​នានា​ដែល​មណ្ឌល​ព័ត៌មាន​ស្ត្រី​បាន​ចុះ​ជួប​ ពួក​គាត់​បានឱ្យ​ដឹង​ថា​គេ​ចាប់​យកមុខ​វិជ្ជា​ច្បាប់​ ក៏​ព្រោះតែ​ចង់​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​សង្គម​ និង​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​ ដែល​អ្នកខ្លះ​ថា​ ចង់​ធ្វើ​ជា​ចៅក្រម​ ព្រះរាជអាជ្ញា​ និង​មេធាវី​ និង​អ្នកខ្លះ​ចង់​ក្លាយជា​អ្នកនយោបាយ​គឺ​ដើម្បី​ជួយ​សង្គម​មាន​យុត្តិធម៌​។​ ក្នុង​ចំណោម​ ពួក​គេ​ជា​និស្សិត​ស្រី​គឺ​កញ្ញា​ ឈិ​ត​ វិសាល​ និស្សិត​ច្បាប់​ឆ្នាំ​ទី​៣​ នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ។​កញ្ញា​ ឈិ​ត​ វិសាល​ បាន​ប្រាប់​ថា​ មូលហេតុ​ដែល​កញ្ញា​រៀន​ផ្នែក​ច្បាប់​ ពីព្រោះ​ កញ្ញា​ ចង់​ មានការ​កំណែទម្រង់​ ទៅ​លើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​។​

​កញ្ញា​ ឈិ​ត​ វិសាល​ ៖​ «​ពីព្រោះ​ ដោយ​ ខ្ញុំ​មាន​ចំណង់​ចំនូលចិត្ត​លើ​វិស័យ​ច្បាប់​តាំងពី​តូច​មក​ ពីព្រោះ​ចង់​មានការ​វិវត្តន៍​ ឬ​ក៏​មានការ​កំណែទម្រង់​ទៅ​លើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ ពីព្រោះ​ ប្រព័ន្ធ​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​ គឺ​ មាន​ភាព​ធូរ​លុង​នៅឡើយ​»​។​

​កញ្ញា​ ឈិ​ត​ វិសាល​ បាន​ប្រាប់​ទៀត​ថា​ នៅ​ថ្ងៃ​អនាគត​ នាង​ចង់​ ធ្វើ​កំណែទម្រង់​ពិសេស​មួយ​ នៅ​ក្នុង​ជួរ​ការងារ​មន្ដ្រីរាជការ​ក្នុង​វិស័យ​សេវា​រដ្ឋបាល​សារ​ធារ​ណៈ​ និង​ ជួរ​តុលាការ​ក្នុង​វិស័យ​ច្បាប់​ ។​

​កញ្ញា​ ឈិ​ត​ វិសាល​ ៖​ «​និយាយ​ទៅ​បំណង​អនាគត​ខ្ញុំ​ ពីរ​ ។​ ទី​មួយ​ គឺ​ មន្ដ្រីរាជការ​ ដែល​កាន់​ទៅ​លើ​សេវា​រដ្ឋបាល​(​សារ​ធារ​ណៈ​)​ ហើយ​និង​ច្បាប់​ហ្នឹង​តែ​ម្ដង​ ពីព្រោះ​មន្ដ្រី​ខ្លះ​ គឺ​គាត់​មិន​មាន​ភាព​ត្រឹមត្រូវ​ គោរព​វិជ្ជាជីវៈ​របស់​គាត់​ទេ​ ចឹ​ង​ខ្ញុំ​ចង់​ចូល​ដឹកនាំ​ ធ្វើការ​កែទម្រង់​ទៅ​លើ​ផ្នែក​ហ្នឹង​មួយ​ជា​ពិសេស​ ហើយ​មួយទៀត​នាង​ខ្ញុំ​ ចង់​ធ្វើ​ជា​ចៅក្រម​…»​។​

​ចំណែក​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ​ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​ កញ្ញា​ គង់​ ស្រី​ លាភ​ និស្សិត​ច្បាប់​ ឆ្នាំ​ទី​២​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​កញ្ញា​សម្រេច​ជ្រើស​រើសមុខ​វិជ្ជា​ ច្បាប់​ សិក្សា​ ដោយសារ​តែ​ កញ្ញា​ មាន​បំណង​ជួយ​ ដល់​ ពលរដ្ឋ​ខ្មែរ​ តាម​រយៈ​តួនាទី​ជា​ចៅក្រម​ ដែល​នាង​ស្រមៃ​ទុក​ហើយ​នេះ​ ។​

​គង់​ ស្រី​ លាភ​ ៖​ «​ ហើយ​នាង​ខ្ញុំ​ មាន​គោលបំណង​ធំ​មួយ​ គឺ​ នាង​ខ្ញុំ​និង​ធ្វើការ​បង្ហាត់បង្រៀន​ ទៅ​ដល់​ប្រជាពលរដ្ឋ​ ទាំងអស់​ដែរ​គាត់​មិន​បាន​យល់​ដឹង​ពី​វិស័យ​ច្បាប់​ ជា​ពិសេស​ឧទាហរណ៍​ថា​ មានរឿង​អី​កើតឡើង​ចឹ​ង​ គាត់​គិត​ថា​ប្ដឹង​ អោយ​តែ​លឺ​ពាក្យ​ប្ដឹង​ ដឹង​ក្ដៅស្លឹកត្រចៀក​ហើយ​ ចឹ​ង​គាត់​អត់​ហ៊ាន​ទេ​ ហើយ​គាត់​គិត​ថា​ អោយ​តែ​ប្ដឹង​ អ្នកក្រ​ គឺ​ ដង​តែ​ចាញ់ហើយ​ …»​។​

​ដោយសារ​តែ​មើលឃើញ​ ថា​ ច្បាប់​ គឺជា​ វិស័យ​មួយ​ដែល​ចាំបាច់​នៅ​ក្នុង​សង្គម​ និង​អាច​ជួយ​ប្រយោជន៍​ទៅ​ដល់​សង្គម​ កញ្ញា​ ស្រី​ លាភ​ ក៏​ប្ដេជ្ញា​ ថា​ និង​ធ្វើខ្លួន​ឱ្យ​ក្លាយទៅជា​បុគ្គល​ ម្នាក់​ដែល​ គោរព​ច្បាប់​ពិតប្រាកដ​ ។​ កញ្ញា​ ជឿ​ថា​ នៅ​ពេល​ដែល​សង្គម​មួយ​ មានការ​គោរព​ច្បាប់​ពិតប្រាកដ​ និង​អាច​ជួយ​អោយ​សង្គម​នោះ​មានការ​ ការ​អនុវត្ត​បែប​នីតិរដ្ឋ​ ធ្វើ​អោយ​ប្រទេស​មានការ​រីក​ចំរើន​ គឺ​សង្គម​មាន​យុត្តិធម៌​។​

​កញ្ញា​ គង់​ ស្រី​លាភ​ ៖«​ តាម​ពិត​ទៅ​រៀន​ច្បាប់​ គឺ​អាច​និយាយ​ថា​ វា​ ជា​វិស័យ​មួយ​ដែល​ វា​ ជា​តម្រូវការ​ចាំបាច់​ដែរ​ នៅ​ក្នុង​សង្គម​យើង​សព្វថ្ងៃ​ ដោយសារ​តែ​ អ្នក​ច្បាប់​នៅ​ស្រុក​ខ្មែរ​យើង​មាន​តិចតួច​ដែរ​ ចឹ​ង​ហើយ​ បានជា​ នាង​ខ្ញុំ​ជ្រើស​រើសមុខ​វិជ្ជា​នេះ​។​ ហើយ​មួយទៀត​អ្វី​ដែល​ សំខាន់​ជាងគេ​បំផុត​ ការ​ដែល​នាង​ខ្ញុំ​រៀន​ច្បាប់​ហ្នឹង​ គឺ​ គោលដៅ​ធំ​បំផុត​ គឺ​ នាង​ខ្ញុំ​ចង់​ការពារ​ ឬ​ក៏​ រក​យុ​ត្ថិ​ធម៌​ ជូន​ប្រជារាស្ដ្រ​ខ្មែរ​យើង​។​ ព្រោះ​យើង​ដឹង​ហើយ​ថា​ សង្គម​យើង​សព្វថ្ងៃ​ ការ​គោរព​ច្បាប់​នៅ​មាន​កម្រិត​ឡើយ​។​ ចឹ​ង​បើសិនជា​មាន​ អ្នក​ដែល​សិក្សា​ច្បាប់​ច្រើន​ គាត់​ និង​យល់​ដឹង​»​។​

​ចាប់អារម្មណ៍​ជាមួយនឹង​និស្សិត​ច្បាប់​មួយ​រូប​ទៀត​ មក​ពី​ សាកលវិទ្យាល័យ​ពុ​ទិ្ធ​កៈ​ព្រះ​សីហ​មុនី​រាជា​ គឺ​ កញ្ញា​ នៅ​ សំណាង​ ។​នៅ​ សំណាង​ បានឱ្យ​ដឹង​ថា​ នាង​រៀន​ច្បាប់​ក៏​មាន​គោលបំណង​ និង​ក្ដី​ស្រមៃ​ មិន​ខុស​ ពី​ និស្សិត​ស្រី​ផ្សេង​ទៀត​ដែរ​គឺ​មិន​ខុស​ត្រង់​ថា​ ពួក​គេ​ មាន​ឆន្ទៈ​ ស្រឡាញ់​ ភាព​ត្រឹមត្រូវ​ និង​យុត្តិធម៌​ដូច​គ្នា​។​

​កញ្ញា​ នៅ​ សំណាង​ ៖​ «​ និយាយ​រួម​ទៅ​ បាន​ចង់​ធ្វើ​ជា​ មេធាវី​ ឬ​ក៏​ចៅក្រម​ហ្នឹង​ ទី​មួយ​ ចង់​រក្សា​ភាព​យុ​ត្ថិ​ធម៌​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ព្រោះថា​ បច្ចុប្បន្ន​ហ្នឹង​ មើលឃើញ​ សម្លឹង​ឃើញ​ ជុំវិញ​ខ្លួន​ហ្នឹង​ គឺ​ ពោរពេញ​ទៅ​ដោយ​ភាព​អ​យុ​ត្ថិ​ធម៌​ ចំពោះ​ប្រជាពលរដ្ឋ​យើង​ទូទៅ​ ហើយ​ម្យ៉ាងទៀត​ ខ្ញុំ​គិត​ថា​ បើសិនជា​យើង​បាន​ធ្វើ​ជា​ចៅក្រម​ ឬ​មេធាវី​អីហ្នឹង​ វា​អាច​ ជួយ​ដល់​គ្រួសារ​ ឬ​ក៏​សង្គម​ជាតិ​បាន​ច្រើន​ណាស់​ ព្រោះថា​ អ្វី​ក៏​ដោយ​ ក៏​ទាមទារ​ច្បាប់​ដែរ​ មិន​ថា​ នៅ​តាម​ក្រុមហ៊ុន​ស្ថាន​ប័ន​ណាមួយ​ គឺ​ត្រូវការ​ច្បាប់​ ក្នុង​ការ​អនុវត្ត​»​។​

​តាម​រយៈ​ការ​ស្រឡាញ់​ភាព​ត្រឹមត្រូវ​ និង​យុត្ដិធម៌​នេះ​ដែរ​ ក៏​បាន​ជំរុញ​ឱ្យ​ កញ្ញា​ នៅ​សំណាង​ មាន​ក្ដី​ប្រាថ្នា​ ធ្វើការ​នៅ​ក្នុង​វិស័យ​តុលាការ​ ទោះជា​ថ្ងៃ​ខាង​មុខ​ ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ ក្លាយជា​បែប​ណា​ក៏​ដោយ​។​

​កញ្ញា​ នៅ​ សំណាង​ ៖​ «​ និយាយ​រួម​ទៅ​ សម្រាប់​ខ្ញុំ​ ទោះជា​ នយោបាយ​មានការ​វិវត្តន៍​ ឬ​ក៏​មានការ​ប្រែប្រួល​យ៉ាងម៉េច​ក៏​ដោយ​ ក៏​ខ្ញុំ​ នៅ​តែ​មាន​ឆ​ន្ទះ​ចំពោះ​ខ្លួនឯង​ ថា​ និង​បន្ដ​ការ​សិក្សា​មិន​ថា​ ត្រឹមតែ​បរិញ្ញាបត្រ​ទេ​ នាង​ខ្ញុំ​និង​បន្ដ​ដល់​អនុ​បណ្ឌិត​ច្បាប់​ទៀត​…»​។​

​កន្លង​មក​កញ្ញា​ ក៏​បានដឹង​ និង​លឺ​រឿង​ខ្លះៗ​ មុន​នឹង​ចូល​មក​សិក្សា​ក្នុង​វិស័យ​ច្បាប់​។​ កញ្ញា​ នៅ​ សំណាង​និយាយ​ថា​សង្គម​ពុក​រលួយ​ គឺ​គេ​មិន​ត្រូវ​ស្រមៃ​ ធ្វើ​ធំ​ទេ​ បើ​ ជា​អ្នក​ក្រីក្រ​គឺ​គ្មាន​សំណាង​បាន​ធ្វើ​ធំ​ធ្វើ​ចៅក្រម​រដ្ឋ​អាជ្ញា​ឬ​មេធាវី​ទេ​។​ បើ​បែប​នេះ​ក្ដី​ កញ្ញា​នៅ​តែ​ផ្ដោតអារម្មណ៍​ថា​ ចង់​បំរើ​សង្គម​ដោយ​ជំរុញ​សង្គម​មាន​នីតិរដ្ឋ​ត្រឹមត្រូវ​។​

​នៅ​ សំណាង​៖​ «​និយាយ​រួម​ទៅ​ ជា​ចុង​ក្រោយ​ មាន​តែ​ផ្ដាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ កុំ​ផ្ដោត​រួម​ថា​ អ្នក​ច្បាប់​ រំលោភច្បាប់​ គឺ​ វា​មិនមែន​១០០​ភាគរយ​ទាំង​អស់នោះ​ទេ​ សំខាន់​គឺ​ឆ​ន្ទះ​របស់​បុគ្គល​ម្នាក់ៗ​ទេ​។​ ជួនកាល​ក៏​ដូច​គាត់​ថា​ដែរ​ អ្នក​ច្បាប់​ខ្ឡះ​ អាង​ថា​ខ្លួនឯង​ចេះ​ច្បាប់​ហើយ​ អាច​រំលោភច្បាប់​ …»​។​

​កាលពីដើម​ គេ​ថា​មនុស្ស​ស្រី​ មិន​ត្រូវ​រៀន​ខ្ពង់ខ្ពស់​ពេក​ទេ​ ព្រោះ​ត្រូវ​ជួយ​ម្ដាយ​ និង​គ្រួសារ​ ដាំ​ស្ល​ ឬ​គេ​ ហៅ​ថា​ វិល​ចង្ក្រាន​មិន​ជុំ​ ។​ នេះ​ជា​ ការ​ផ្ដល់​គំនិត​ មួយ​ដែល​គេ​ថា​ចាស់​គំ​រិល​ ឬ​មិន​ជឿនលឿន​ ។​ ប៉ុន្តែ​សម័យនេះ​ គឺ​ផ្សេង​ មនុស្ស​ស្រី​ មានឈ្មោះ​បោះ​សំឡេង​ដូច​មនុស្ស​ប្រុស​ដែរ​ គឺ​ពួក​គេ​ មាន​ទាំង​ក្នុង​ ជួរ​រដ្ឋាភិបាល​ តំណាងរាស្ត្រ​ និង​ ខ្លះ​ជា​ក្រុមប្រឹក្សា​ ឃុំ​សង្កាត់​ ទៀត​ផង​ ។​ តាម​ការ​អង្កេត​ កាលពី​ ១០​ឆ្នាំ​មុន​ ស្ត្រី​ ចូល​ធ្វើ​ជា​គ្រូបង្រៀន​ និង​ពេទ្យ​ ឆ្មប​ តែ​ពេល​នេះ​ គឺ​ ផ្សេង​។​

​លោក​កែម​ឡី​ អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​ និយាយ​ថា​ តាម​ការ​ស្រាវជ្រាវ​របស់​ លោក​ គឺ​ បច្ចុប្បន្ន​នេះ​ ស្រី​ ចាប់​យកចំណេះ​ វិជ្ជា​ គ្រប់យ៉ាង​ដើ់ម្បី​ ជីវិត​របស់​ពួក​គេ​ ប្រសើ​ គឺ​ខុស​ពី​ មួយ​ទស​វត្ស​មុន​ ដែល​ស្រី្ត​ ច្រើន​តែ​ធ្វើ​ជា​គ្រូ​នៅ​សាលា​បឋម​សិក្សា​ ឬ​ ការងារ​ តូចតាច​ ។​ លោក​បន្ត​ថា​ ស្ត្រី​រៀន​ច្បាប់​ គឺ​ពិតជា​ជួយ​សង្គម​ឱ្យ​មានការ​ភាព​ប្រសើរ​ និង​មាន​សមភាព​ សង្គម​មួយ​ ដែល​មានការ​ផ្លាស់​ប្ដូរ​។​

​លោក​កែម​ឡី​៖​លោក​ កែម​ ឡី​ ថា​៖​ «​ល្អ​ពីព្រោះ​ កាលពី​ទស្ស​វត្ស​មុនៗ​ ស្ដ្រី​ភាគច្រើន​ គាត់​ចាប់​យក​អាជីព​ ជា​គ្រូបង្រៀន​ និង​គ្រូពេទ្យ​ ដល់​ពេល​ទស្ស​វត្ស​ចុង​ក្រោយ​នេះ​ ស្ដ្រី​ ភាគច្រើន​ គាត់​ចាប់​យក​ផ្នែក​ ហិរញ្ញវត្ថុ​ និង​គណនេយ្យ​ ប៉ុន្ដែ​ឥលូវ​និន្នាការ​ហ្នឹង​ផ្លាស់​ប្ដូរ​ ប្រសិនបើ​ស្រី្ដ​ភាគច្រើន​ ចាប់​យក​ខាង​ផ្នែក​ច្បាប់​ ខ្ញុំ​គិត​ថា​ ប្រសើរ​ ព្រោះ​អី​ ប្រជាពលរដ្ឋ​យើង​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ហ្នឹង​ ជួប​ បញ្ហា​ច្រើន​…»​។​

​មិន​មាន​តួលេខ​ណាមួយ​ ផ្លូវការ​ បញ្ជាក់​ថា​ និស្សិត​ស្រី​ រៀន​មុខ​វិជ្ជា​ច្បាប់​ ចំនួន​ប៉ុន្មាន​នាក់​ ឬ​ប៉ុន្មាន​ភាគរយ​នៃ​និស្សិត​ ប្រុស​នេះ​ទេ​ ប៉ុន្តែ​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ យុវតី​រៀន​គ្រប់មុខ​វិជ្ជា​គឺ​សូ​ម្បី​ មុខ​វិជ្ជាពេទ្យ​ មុខ​វិជ្ជា​ បច្ចេកទេស​ ព័ត៌មានវិទ្យា​ ឬ​ សំណង​ ស៊ី​វិល​ ក៏​មាន​និស្សិត​ស្រី​រៀន​ដែរ​ ៕

Share

Image
Image
Image