ក្រុមរបស់យុវតី ស្រេង ធីតា, ជា សុគន្ធធានី និង យី មុយឡេង មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានឈ្នះជើងឯកផ្នែកអ្នកតស៊ូមតិដ៏ឆ្នើមឆ្នាំ ២០១៦ ប្រចាំកម្ពុជា បន្ទាប់ផ្ដួលគូប្រកួត មកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នៅវគ្គផ្ដាច់ព្រ័ត្រ។ថ្ងៃនេះតាមរយៈ Sabay យុវតីឆ្នើមទាំងបី សូមចែករំលែកបទពិសោធន៍ជោគជ័យក្នុងការធ្វើការតស៊ូមតិ។
អ្នកទាំងបីបានប្រាប់ថា បេក្ខជនត្រូវគោរពតាមវិធាន ដែលបង្កើតដោយគណៈកម្មការរៀបចំកម្មវិធី ដែលមានលក្ខណៈខុសៗគ្នាទៅតាមការសម្រេច និងរៀបចំរបស់គណៈកម្មការនីមួយៗ ហើយបេក្ខជនត្រូវយល់ដឹងប៉ុន្មានចំណុចនេះ។
ឥរិយាបថក្នុងការតស៊ូមតិ៖ ត្រូវមានកាយវិការ ការលើកដាក់សំឡេង និងពាក្យសម្តីឱ្យបានត្រឹមត្រូវ និងសមរម្យ។ ត្រូវគោរពគូបដិបក្ខដោយមិនត្រូវគិតរឿងឈ្នះចាញ់ទេ ប៉ុន្តែត្រូវតែវែកញែករកគំនិតល្អៗ ត្រូវមានទំនុកចិត្ត និងចេះធ្វើឱ្យគេជឿជាក់លើខ្លួន។
ប្លង់ក្នុងការនិយាយ៖ ត្រូវគាំទ្រលើប្រធានបទរបស់ខ្លួនឱ្យដល់ទីបញ្ចប់ ត្រូវប្រឆាំង ត្រូវស្រប និងរកឱ្យឃើញថា ការអះអាងរបស់គូបដិបក្ខពិតជាខុស។ អ្វីដែលអ្នកលើកយកមកនិយាយ ត្រូវមានអំណះអំណាងផ្អែកតាមការស្រាវជ្រាវ តាមរយៈ កាសែតក្នុង និងក្រៅស្រុក របាយការណ៍ចេញដោយអង្គការអន្តរជាតិល្បីៗ សៀវភៅ ឯកសារស្រាវជ្រាវ និងសម្ដីរបស់ បុគ្គលល្បីៗជាដើម ។ ប្លង់និយាយនេះដែរ ត្រូវមានរចនាសម្ព័ន្ធល្អ ដើម្បីធ្វើឱ្យអ្នកស្ដាប់ងាយយល់។
ការគ្រប់គ្រងពេលវេលា៖ ត្រូវគ្រប់គ្រងពេលវេលាឱ្យបានល្អ ត្រូវតាមការកំណត់របស់គណៈកម្មការ។ មិនត្រូវឱ្យលើសឡើយ បើមិនដូច្នេះទេ អ្នកនឹងបរាជ័យ។
ពេលសួរថាតើចំណុចអ្វីខ្លះ ធ្វើឱ្យក្រុមខ្លួនឈ្នះពានរង្វាន់ជើងឯកផ្នែកអ្នកតស៊ូមតិដ៏ ឆ្នើម? ពួកគេបានទម្លាយថា គឺការស្រាវជ្រាវ ការធ្វើការជាក្រុម និងការទទួលបានការហ្វឹកហាត់ពីគ្រូបង្វឹក។
“ពួកយើងបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។ យើងមើលវិធីតស៊ូមតិតាមរយៈ Youtube និង បណ្តាញនានា ដើម្បីពង្រឹងសមត្ថភាព ។ យើងក៏បានធ្វើការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីស្វែងយល់ពីប្រធានបទឱ្យបានច្បាស់ និងស្វែងរកព័ត៌មាននានាមកធ្វើជាអំណះអំណាងជាដើម”។
“ពួកយើងទាំងបីនាក់ តែងតែណាត់ជួបគ្នាដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់ និងស្រាវជ្រាវលើប្រធានបទជាមួយគ្នា ហើយយើងប្ដេជ្ញាថាធ្វើឱ្យបានល្អបំផុត”។
“គ្រូបង្វឹកបានណែនាំយើងអំពីវិធីសាស្ត្រ និងយុទ្ធសាស្ត្រក្នុងការធ្វើការតស៊ូមតិ ហើយយើងបានហាត់សមមុខគ្រូបង្វឹករបស់យើង ដើម្បីឱ្យពួកគាត់វាយតម្លៃ និងកែតម្រូវពួកយើង”។
ក្រោយឈ្នះការប្រកួតប្រចាំប្រទេស ក្រុមយុវតី នឹងជិះយន្តហោះ ទៅប្រកួតថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅតៃវ៉ាន់ ថ្ងៃទី ០៣ និងទី ០៤ ខែមិថុនា។
កញ្ញា ស្រេង ធីតា ជាប្រធានក្រុម បានបង្ហើបឱ្យដឹងថា ក្រុមរបស់នាង កំពុងតែត្រៀមខ្លួន ដោយទទួលបានការហ្វឹកហាត់ពីគ្រូបង្វឹកល្អៗ ហើយកំពុងធ្វើការស្រាវជ្រាវឱ្យបានច្បាស់ ពីគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាព (ឆ្នាំ ២០១៦-២០៣០) របស់អង្គការសហប្រជាជាតិ តាមដានព័ត៌មានអន្តរជាតិផ្សេងៗ និងធ្វើការហាត់សម។
“ពួកយើងសង្ឃឹម ៥០% សិន ព្រោះមិនទាន់ដឹងសមត្ថភាពរបស់គូបដិបក្ខនៅឡើយ។ យើងប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជយលាភីឱ្យកម្ពុជា”។
យុវតីបានផ្ដាំផ្ញើថា បើសិនសិស្សនិស្សិត ចង់ចូលរួមប្រកួត អ្នកតស៊ូមតិនៅឆ្នាំក្រោយៗនោះ ពួកគេគួរពង្រឹងភាសាអង់គ្លេស ហើយបន្សាំខ្លួនឯងទៅនឹងការនិយាយជាសាធារណៈ តាមរយៈការធ្វើបទបង្ហាញ និងការតស៊ូមតិក្នុងថ្នាក់។ ម្យ៉ាងត្រូវប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីស្រាវជ្រាវឯកសារល្អៗសម្រាប់អាន និងស្ដាប់ ហើយហាត់និយាយតាមអ្នកដទៃដែលពូកែ ព្រមទាំងតាមដានព័ត៌មានជាតិ និងអន្តរជាតិឲ្យបានច្រើន។
កញ្ញា ស្រេង ធីតា បានបញ្ជាក់ថា៖ “ក្នុងការធ្វើការតស៊ូមតិ មតិស្រប និងមតិប្រឆាំង គ្មានមួយណាស្រួលជាងមួយណាទេ។ គន្លឹះសំខាន់ត្រូវរកអំណះអំណាង និងការពារមតិរបស់យើងដល់ទីបញ្ចប់ ហើយយើងត្រូវតែហាត់រៀន និងស្រាវជ្រាវទាំងមតិស្រប និងមតិប្រឆាំង ព្រោះមិនដឹងថា យើងបានស្រប់ ឬប្រឆាំងទេ។ ត្រូវហាត់រៀនទាំងពីរ”។
នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមរបស់ ស្រេង ធីតា និងគូប្រជែង បានឡើងធ្វើការតស៊ូមតិលើប្រធានបទ ២ គឺ «ផ្ទះនេះ ជឿជាក់ថា ការសម្រេចបាននូវសមភាពយេនឌ័រ និងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី អាចសម្រេចបានតាមរយៈការអប់រំ» និង «ផ្ទះនេះ ជឿជាក់ថា ថាមពលនុយក្លេអ៊ែរ គឺជាការផ្គត់ផ្គង់ថាមពលសម័យទំនើប ដែលប្រទេសនីមួយៗគួរប្រើប្រាស់ សម្រាប់ការជំរុញ និងអភិវឌ្ឍសេដ្ឋកិច្ច» ក្រោមប្រធានបទមេ «គោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរតភាព (២០១៦-២០៣០) ដោយក្រុមរបស់កញ្ញា ឡើងធ្វើការការពារ និងគាំទ្រមតិប្រឆាំង៕
អត្ថបទ៖ អ៊ុំ សុភក្តិ
ប្រភពពី ៖ news.sabay.com.kh