en     km
en     km

សម្តេច​​ ហ៊ុន​ ​សែន​​ ថា​​នឹង​​មិន​​ឱ្យ​​ប្រជាពលរដ្ឋ​​ស្លាប់​​ដោយ​សារ​​អត់​​ទឹក​ផឹក​ទេ​

Share

​ភ្នំពេញ ៖ ស្រប​ពេល​គ្រោះ​រាំង​ស្ងួត​ កំពុង​កើត​មាន​ខ្លាំង​នៅ​កម្ពុជា​ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ មួយ​ចំនួន​នៅ​ជនបទ​ ពុំ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អះអាង​ជា​ថ្មី​ទៀត​ថា​ នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​ដោយ​អត់​ទឹក​។​ ​កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

 

People-get-water
​​ប្រជាពលរដ្ឋ​​កំពុងទទួលយកទឹក ពីកាកបាទក្រហម។ រូបភាពពី ៖ Facebook សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ឥលូវ​នេះ​កម្ពុជា​ បាន​ធ្លាក់​ដល់​ដំណាក់កាល​ខ្វះ​ទឹក​ប្រើប្រាស់​ ដែល​បញ្ហា​នេះ​សម្ដេច​នឹង​មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់​ដោយ​អត់​ទឹក​ទទួលទាន​នោះ​ទេ​។​​

​សម្ដេច​ថ្លែង​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​សម្ដេច​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ខែមេសា​ ឆ្នាំ​២០១៦​នេះ​។​ ​សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​បង្ហាញ​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​រីងស្ងួត​ គ្មាន​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​ លោ​កថា​រដ្ឋាភិបាល​កំពុង​បន្ត​ជីក​អណ្តូងទឹក​ ស្រះ​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មួយ​ចំនួន​«​ហើយ​សូម​ប្រុង​ប្រយ័ត្ន​ អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ រលក​កំ​ដៅ​ឆ្នាំ​នេះ​ កើន​ខ្លាំង​ណាស់​ យើង​៤០​ មាន​តំបន់​មួយ​ចំនួន​៤១,​ ៤២​។​ នៅ​ប្រទេស​ឥណ្ឌា​ឡើង​ដល់​៤៥..»​។​​

​សម្ដេច​ថ្លែង​បន្ត​ថា​ ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក​ នេះ​ជា​លើក​ទី​១​ហើយ​ ដែល​កម្ពុជា​មាន​យុទ្ធនាការ​ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ​តាម​ផ្ទះ​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។​ សម្ដេច​បន្ត​ថា​ រដ្ឋាភិបាល​បាន​ប្រើប្រាស់​មធ្យោបាយ​សរុប​ កម្លាំង​សរុប​ និង​វិធានការ​សរុប​ ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ដោយ​អត់​ទឹក​ទទួលទាន​។​​

​សម្តេច​ ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ ដែល​អត់​ទឹក​ប្រើប្រាស់ ត្រូវ​តែ​ប្រាប់​ទៅ​ដល់​អាជ្ញាធរ​ ឬ​ កាកបាទក្រហមកម្ពុជា ​ដើម្បី​ផ្តល់​ទឹក​ជូន​។​

​លោក​ ស​ ថា​វី​  អភិបាលខេត្ត​ឧត្តរមានជ័យ​ ដែល​ជា​ខេត្ត​មួយ​ ពុំ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ជា​ច្រើន​ថៃ្ង​មកនេះ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ នៅ​ថ្ងៃនេះ​លោក​នៅ​តែ​បន្ត​រៀបចំ​ចែក​ទឹក​ទៅ​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​នៅ​តាម​ស្រុក​មួយ​ចំនួន​ទៀត​។​ លោក​បានឱ្យ​ដឹង​បន្ថែម​ថា​ បើ​ទោះបីជា​ខេត្ត​បាន​ខិតខំ​ចែក​ទឹក​ឱ្យ​ប្រជាពលរដ្ឋ​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​នៅ​តែ​ប្រើប្រាស់​ទឹក​មិន​បាន​គ្រប់គ្រាន់​ដែរ​ ដោយសារ​តែ​ប្រភព​ទឹក​ដែល​ដឹក​យក​មក​ចែក​ប្រជាពលរដ្ឋ​ នៅ​ឆ្ងាយ​ ផ្លូវ​ពិបាក​ ហើយ​ត្រូវ​ដឹក​ឡើង​ភ្នំ​។​ ​យ៉ាងណាមិញ​លោក​ថា​ អាជ្ញាធរ​កំពុង​ខិតខំ​ជីក​អណ្តូង​បន្ថែម​ទៀត​ និង​ស្វែងរក​ប្រភព​ទឹក​ ដើម្បី​យក​មក​ ចែក​ជូន​ប្រជាពលរដ្ឋ​។​​

​លោក​មាន​ប្រសាសន៍​បន្ត​ថា​«​ឥលូវ​នេះ​សម្តេច​តេ​ជោ​បានឱ្យ​រថយន្ត​របស់​កងទ័ព​ ចំនួន​៥០​គ្រឿង​មក​កាន់​ខេត្តឧត្តរមានជ័យ​ ដើម្បី​ដឹក​ទឹក​ជូន​ ចែក​ប្រជាពលរដ្ឋ​។​….​សម្តេច​ក្រឡាហោម​ក៏​បាន​ផ្តល់​ជា​ ពី​ដុ​ង​ទឹក​សម្រាប់​ខេត្តឧត្តរមានជ័យ​នេះ​មាន​មួយ​ម៉ឺន​ពី​ដុ​ង​ អ​ញ្ចឹ​ង​ខេត្ត​កំពុង​តែ​ចាត់ចែង​ ដើម្បី​ឱ្យ​ប្រជាជន​ជា​ពិសេស​សំដៅ​ទៅ​លើ​ចាស់ជរា​ ជន​ពិការ​ និង​ស្រី្ត​មេម៉ាយ​»​។​​

​ចំណែក​លោក​ សម​ ពិ​ទូ​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​សេ​ដាក​ មាន​ប្រសាសន៍​ថា​ ដើម្បី​កុំឱ្យ​ឆ្នាំ​ក្រោយ​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ដូច​ឆ្នាំ​នេះ​ រដ្ឋាភិបាល​គួរតែ​ជំរុញ​ ឱ្យ​មានការ​ធ្វើ​ជា​ស្រះ​សហគមន៍​ សម្រាប់​ផ្ទុក​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​បរិភោគ​នៅ​រដូវប្រាំង​  និង​គួ​តែ​ជំរុញ​ប្រជាពលរដ្ឋ​ធ្វើ​អាង​ស្តុក​ទឹក​ ដើម្បី​រក្សា​ទឹកភ្លៀង​ទុក​ប្រើប្រាស់​នៅ​ពេល​គ្មាន​ភ្លៀង​។​ ម្យ៉ាងទៀត​ ពាក់ព័ន្ធ​ប្រព័ន្ធ​ធា​រាស្ត្រ​លោក​ថា​ រដ្ឋាភិបាល​គួរតែ​ ឱ្យ​មានទឹក​ប្រើប្រាស់​គ្រប់​រដូវ​ ព្រោះ​ប្រព័ន្ធ​ធារាសាស្ត្រ​បច្ចុប្បន្ន​នេះ​ ប្រើប្រាស់​បាន​តែ​នៅ​រដូវវស្សារ​តែ​ប៉ុណ្ណោះ​។​​

​ថ្លែង​នា​ឱកាស​នេះ​ដែរ​ សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ទៀត​ថា​ ការ​បង្កើត​ភ្លៀង​សុ​ប្ប​និមិត្ត​  មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ ព្រោះ​គ្មាន​ពពក​។​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ផ្ញើ​សារ​ទៅ​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត​ផង​ដែរ​ កុំ​កេង​ចំណេញ​នយោបាយ​ពី​បញ្ហា​គ្រោះ​រាំង​ស្ញួ​ត​នេះ​។​​

​សូម​ជម្រាប​ថា​ កាលពី​រដូវវស្សា​ឆ្នាំទៅ​មិ​ញ​ភ្លៀង​ធ្លាក់​ មាន​កម្រិត​តិច​នៅ​តំបន់​ខ្លះ​ ដែល​ជា​ការ​បង្ក​ងាយ​រីក​ស្ងួត​នៅ​រដូវប្រាំង​ ហើយ​សូ​ម្បី​ទឹកទន្លេ​មេគង្គ​ ក៏​ទឹក​រាក់​ដែរ​ ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​សម្រេច​ ផ្អាក​ ពិធីបុណ្យ​ អុំទូក​ ៕​

Share

Image
Image
Image