ភ្នំពេញ៖ លោកស្រី ធីតា ឃឹះ នាយិការអង្គការសីលកាដែលធ្វើការងារផ្នែកស្រី្ត បានចាកចេញពីអង្គភាពប្រឆាំងអំពើពុករលួយ ACU ហើយ ដោយស្ថាប័ននេះមិនបានចោទឬឃាត់ខ្លួនលោកស្រី ពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ឆ្លើយដាក់ថាណែនាំឱ្យភូតកុហកអំពីខ្សែអាត់សំឡេងស្នេហា ជាមួយគេបុរសសង្ស័យថាជាលោក កឹម សុខា នោះទេ ។
តាមអ្នករាយការណ៍ព័ត៌មាននៃវិទ្យុស្ត្រី លោកស្រី ធីតា ឃឹះ បានចូលខ្លួនទៅភ្លឺនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នាវេលាម៉ោងជិត ១០ ព្រឹកតាមការកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ ករណីកញ្ញាស្រីមុំឆ្លើយដាក់ ប៉ុន្តែការសាកសួរនេះ បានបិទបញ្ចប់នៅម៉ោង ១២ និង ៣០នាទី ។
បើតាមអ្នករាយការណ៍ព័ត៌មាន លោកស្រី ធីតា ឃឹះ មិនត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅម្ដងទៀតទេ ព្រោះលោកស្រីមិនមានអ្វីដែល ACU សង្ស័យថាជាប់ពាក់នឹងការឆ្លើយដាក់របស់កញ្ញាស្រីមុំ ។
តាមប្រភពដដែលនេះ មន្ត្រីអង្គការអាដហុកចំនួន ០៤ នាក់ទៀត ក៏បន្តចូលបំភ្លឺនៅព្រឹកនេះទៀត បើទោះជាពួកគេបានចូលបំភ្លឺកាលពីថ្ងៃម្សិលមិញក៏ដោយ ។
ទោះជាយ៉ាងណាមន្ត្រីសិទ្ធិមនុស្សម្នាក់ របស់អង្គការសហប្រជាជាតិ ដែលត្រូវ អង្គភាពប្រឆាំងអំពើពុករលួយ ករណីស្រីមុំឆ្លើយដាក់ដែរនេះ នៅមិនទាន់ចូលខ្លួនមកបំភ្លឺដោយសារតែគេត្រូវរង់ចាំលិខិតមួយពីក្រសួងការបរទេសបញ្ជាក់បន្ថែម។ នេះបើតាមប្រភពដដែលនេះ ។
កាលពីថ្ងៃទី ២៤ មេសា មេឃុំម្នាក់របស់គណបក្សប្រឆាំង ដែលត្រូវកញ្ញា ស្រីមុំ ឆ្លើយដាក់ថា បានយកប្រាក់ ៥០០ ដុល្លារ ឱ្យនាង ហើយថាកុំឱ្យនាងនិយាយការពិតប្រាប់សមត្ថកិច្ច ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅមកសាកសួរ ។ បច្ចុប្បន្ន មេឃុំម្នាក់នោះត្រូវបាននាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស ករណីសូកប្រាក់កញ្ញា ស្រីមុំ កុំឱ្យប្រាប់សមត្ថកិច្ចរឿងខ្សែអាត់សំឡេងស្នេហាជាមួយបុរសម្នាក់គេថា គឺជាលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ៕