en     km
en     km

យុវជន​​ចាត់​​ទុក​​លោក​​ ឈុត​ ​វុ​ទ្ធី​ គឺ​ជា​វីរៈជន​ការពារ​ព្រៃឈើ​ដែល​ពួក​គាត់​ត្រូវ​យក​គំរូ​តាម

Share

​ភ្នំពេញ ៖ បើ​ទោះជា​លោក​ ឈុត​ វិ​ទ្ធី​ស្លាប់​ក៏​ពិតមែនតែ​កេរ្តិ៍ឈ្មោះ​ និង​ភាព​ក្លាហាន​របស់​គាត់​ នៅ​តែ​ដក់​ជាប់​ជា​និច្ច​ក្នុង​ដួងចិត្ត​របស់​យុវជន​ដែល​ស្នេហា​ ព្រៃឈើ​បរិស្ថាន​។​ នេះ​ជា​ការ​លើក​ឡើង​របស់​យុ​ជន​មួយ​ចំនួន​ បន្ទាប់​ពួក​គេ​បាន​ទស្សនា​ភាពយន្ត​ឯកសារ​មួយ​ រៀបរាប់​ពី​សកម្មភាព​របស់​លោក​ ឈុត​ វុ​ទ្ធី​។​

chhut-Vuthy-utube-text1
រូប លោក​ ឈុត​ វិ​ទ្ធី​ កាត់ចេញពី youtube

​ថ្ងៃ​ទី​២៦​មេ​សា​ ឆ្នាំ​២០១៦​ ម្សិលមិញ​នេះ​ ជា​ថ្ងៃ​គំរប់​ខួប​៤​ឆ្នាំ​នៃ​មរណៈភាព​របស់​លោក​ឈុត​ វុ​ទ្ធី​ អង្គការ​បណ្តាញ​យុវជន​កម្ពុជា​ បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​ និង​បាន​ចាក់​បញ្ចាំងភាពយន្ត​ ឯកសារ​មួយ​មាន​ចំណងជើង​ថា​«​ខ្ញុំ​ជា​ឈុត​ វុ​ទ្ធី​»​។​ យុវជន​ទាំងនោះ​បាន​លើក​ឡើង​ថា​លោក​ ឈុត​ វុ​ទ្ធី​ គឺជា​វីរៈជន​ដ៏​អស្ចារ្យ​ម្នាក់​ ហើយ​លោក​គឺ​ជន​គំរូ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​ ​ដើម្បី​លម្អិត​ពី​ព័ត៌មាន​នេះ​ ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា​ ឆេ​ង​ ណា​តា​ ដូច​តទៅ​ ៖


នេះ​ជា​ការ​បង្ហាញ​ឈុត​មួយ​ ដែល​លោក​ឈុត​វុ​ទ្ធី​និយាយ​ពី​សកម្មភាព​របស់​លោក​ចុះ​ល្បាត​ព្រៃ​ ។​តើ​ឈុត​ វុ​ទី្ធ​ ជា​នរណា​គាត់​ មាន​សកម្មភាព​អ្វីខ្លះ​ដើម្បី​សង្គម​?​ ឈុត​ វុ​ទ្ធី​ ជា​សកម្មជន​កា​ពារ​ព្រៃឈើ​ដ៏​ល្បី​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​កណ្តាល​ព្រៃ​ ក្នុង​ខេត្តកោះកុង​ កាលពី​ថ្ងៃ​ទី​២៦​មេ​សា​ ខណៈ​លោក​ដើរ​ល្បាត​ព្រៃ​ក្នុង​ខេត្ត​នេះ​។​ សាច់​រឿង​ដ៏​គួរ​ឱ្យ​ស្ដាយស្រណោះ​នៃ​ការ​បាត់បង់​ជីវិត​របស់​ វិ​រៈ​ជន​ព្រៃឈើ​ខ្មែរ​រូប​នេះ​ បាន​ចាក់​បញ្ចាំង​នៅផ្ទះ​សាមគ្គី​ដែល​ជា​បណ្តុំ​អង្គការ​ ការពារ​សិទ្ធិ​មនុស្ស​ កម្មករ​ និង​កសិករ​ ដោយ​មានការ​ចូលរួម​ទស្សនា​ពី​យុវជន​ ប្រមាណ​ជិត​១០០​នាក់​។​ ភាពយន្ត​ដែល​មាន​រយៈពេល​ជិត​មួយ​ម៉ោង​នេះ​ បាន​បង្ហាញ​ សកម្មភាព​ ជា​ច្រើន​ របស់​លោក​ឈុត​វុ​ទ្ធី​ ដែល​ខិតខំ​និង​ ចុះ​អប់រំ​ពលរដ្ឋ​ រស់នៅ​តំបន់​ព្រៃ​ ឱ្យ​ជួយ​ការពារ​ព្រៃឈើ​ ឱ្យ​បាន​គង់វង្ស​ទៅ​មុខ​ទៀត​។​ ​យុវជន​ បាន​ពោល​ពាក្យ​ និង​ ចោទសួរ​គ្នា​ ថា​ ឈុត​ វុ​ទ្ធី​ជា​អ្នក​ណា​?​

​កញ្ញា​ ចាន់​ឌី​ និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដែល​បាន​ទស្សនា​ភាពយន្ត​នេះ​ បាន​ប្រាប់​ថា​ លោក​ ឈុត​ វុ​ទ្ធី​ គឺជា​វិ​រៈ​បុរស​ម្នាក់​បាន​លះបង់​កម្លាំងចិត្ត​កាយ​ ធនធាន​របស់​ខ្លួន​ ដើម្បី​ចូលរួម​ការពារ​បរិស្ថាន​ និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​ដោយ​លោក​ហ៊ាន​លះបង់​ជីវិត​ ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​យុវជន​ស្គាល់​ពី​តម្លៃ​នៃ​ព្រៃឈើ​។​

​យុវតី​រូប​នេះ​បាន​បន្ត​ថា​ លោក​ ឈុត​ វុ​ទ្ធី​ គឺជា​ជន​គំរូ​សម្រាប់​រូប​នាង​។​ ចាន់​ឌី​យល់​ថា​ ប្រសិនបើ​ប្រជាជន​ខ្មែរ​ទាំងអស់​ ចាត់​ទុក​ខ្លួន​បាន​តែត្រឹម​ពាក់កណ្តាល​លោក​ ឈុត​ វុ​ទ្ធី​ នោះ​ព្រៃឈើ​នៅ​កម្ពុជា​ នឹង​មិន​មានការ​បាត់បង់​ទៀត​នោះ​ទេ​។​

​យុវជន​ម្នាក់​ទៀត​ គឺ​យុវជន​ខេ​ង​ រ​ដ្ឋា​ ដែល​បាន​មក​ទស្សនា​ខ្សែ​ភាព​និយាយ​ពី​សកម្មភាព​ការពារ​ព្រៃឈើ​របស់​លោក​ ឈុត​ វុ​ទ្ធី​ នៅផ្ទះ​សាមគ្គី​ដែរ​នោះ​បាន​ប្រាប់​ថា​លោក​ចង់​ក្លាយជា​លោក​ ឈុត​ វុ​ទ្ធី​ ចង់​ក្លាយជា​សកម្មជន​ការពារ​ព្រៃឈើ​មួយ​រូប​ដែរ​។​

​រ​ដ្ឋា​និយាយ​បន្ត​ថា​ បើ​ប្រជាពលរដ្ឋ​ខ្មែរ​មានចិត្ត​ និង​ភាព​ក្លាហាន​ការពារ​បរិស្ថាន​ ក៏​ដូច​ជា​ព្រៃឈើ​ដូច​លោក​ ឈុត​ វុ​ទ្ធី​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ត្រូវ​បាន​កាត់​បន្ថយ​ មិនតែប៉ុណ្ណោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​មានការ​រីក​ថែម​បាន​ទៀត​ផង​ដែរ​។​

​វី​ដេ​អូ​ភាពយន្ត​ឯកសារ​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា​ I​ am​ Chut​ Wutty​ ឬ​ ខ្ញុំ​ជា​ ឈុត​ វុ​ទ្ធី​ មាន​រយៈពេល​ជាង​៥០​នាទី​ ផលិត​ឡើង​ដោយ​អ្នក​នាង​ ហ្វ្រា​ន​ ឡាំ​ប្រី​កស៍​ ជា​ជនជាតិ​អង់គ្លេស​។​ ​ភាពយន្ត​ឯកសារ​មួយ​នេះ​ បាន​បង្ហាញ​ពី​សកម្មភាព​របស់​លោក​ ឈុត​ វុ​ទ្ធី​ មុន​ពេល​ត្រូវ​បាន​បាញ់​សម្លាប់​ និង​ការ​សោកស្តាយ​របស់​ប្រជា​សហគមន៍​ដែល​បាន​ចូលរួម​សកម្មភាព​ការពារ​ព្រៃឈើ​ជាមួយ​លោក​។​

​ក្នុង​នោះ​ដែរ​ ផលិតករ​ភាពយន្ត​ដដែល​នេះ​ បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក​ឈុត​ វុ​ទ្ធី​ផ្ទាល់​នៅ​ពេល​ដែល​លោក​នៅ​រស់​ ជាមួយ​កូនប្រុស​របស់​លោក​ គឺ​លោក​ ឆឺ​ត​ ឧត្តម​រស្មី​ និង​ប្រពន្ធ​របស់​លោក​ផង​ដែរ​។​

​​អ្នក​នាង​ ហ្វ្រា​ន​ ឡាំ​ប្រី​កស៍​ ផលិតករ​ភាព​ឯកសារ​ «​ខ្ញុំ​ជា​ ឈុត​ វុ​ទ្ធី​»​បាន​ថ្លែង​ថា​ អ្នក​នាង​បាន​ជួប​លោក​ ឈុត​ វុ​ទ្ធី​ កាលពី​ឆ្នាំ​២០១១​។​ អ្នក​នាង​បន្ត​ថា​ លោក​ឈុត​ វុ​ទ្ធី​ គឺជា​មនុស្ស​ចិត្តល្អ​ មាន​ភាព​ក្លាហាន​ លះបង់​ ដើម្បី​ការពារ​ព្រៃឈើ​។​

​អ្នក​នាង​ហ្វ្រា​ន​បាន​និយាយ​បន្ថែម​ថា​ ការ​លះបង់​របស់​លោក​ ឈុត​ វុ​ទ្ធី​ មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​លើ​លោក​ ព្រោះថា​ព្រៃឈើ​មិនមែន​សម្រាប់​លោក​ ឈុត​ វុ​ទ្ធី​ សហគមន៍​ណាមួយ​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​ទាំងអស់​គ្នា​។​ ផលិតករ​រូប​នេះ​ បាន​ថ្លែង​បន្ត​ថា​ ការ​បង្ហាញ​ខ្សែ​វី​ដេ​អូ​ ដែល​និយាយ​ពី​សកម្មភាព​របស់​លោក​ ឈុត​ វុ​ទ្ធី​ ទៅ​កាន់​សាធារណៈជន​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ក៏​ដូច​ជា​ប្រជាជន​នៅ​លើ​ពិភពលោក​។

​ការ​ចាក់​បញ្ចាំងភាពយន្ត​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ រំលឹក​ខួប​មរណៈភាព​៤​ឆ្នាំ​ នៃ​ការ​បាញ់​សម្លាប់​លោក​ឈុត​វុ​ទ្ធី​។​ ការ​ចាក់​បញ្ចាំងភាពយន្ត​នេះ​ មិន​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ឡើយ​ ខណៈ​ចាក់​បញ្ចាំង​បាន​ជាង​ពាក់កណ្តាល​ អធិការរង​ខណ្ឌ​សែន​សុខ​ លោក​ សក់​ ចាន់​កញ្ញា​រិ​ទ្ធ​ បាន​មក​ហាមឃាត់​ មិន​ឱ្យ​ចាក់​បញ្ចាំង​បន្ត​ទៅ​ទៀត​ ដោយ​លើក​ឡើង​ថា​ ប្រធាន​អង្គការ​បណ្តាញ​យុវជន​កម្ពុជា​ មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​។​

​លោក​ សក់​ ចាន់​កញ្ញា​រិ​ទ្ធ​បាន​ថ្លែង​ថា​«​ខ្ញុំ​ចុះ​មកនេះ​ខ្ញុំ​ចង់​មើល​ច្បាប់​ តើ​គាត់​ប្រមូលផ្តុំ​នេះ​គាត់​មានច្បាប់​អនុញ្ញាត​ហើយ​ឬ​នៅ​។​ ឥលូវ​នេះ​ខ្ញុំ​អត់​ទាន់​និយាយ​អី​ទេ​ខ្ញុំ​សូម​មើល​ច្បាប់​គាត់​សិន​ ខ្ញុំ​អត់​ទាន់​មាន​ចំណាត់ការ​អី​ទាំងអស់​។​ ធម្មតា​បង​ឯង​ប្រមូលផ្តុំ​នៅ​កន្លែង​ទីតាំង​មួយ​ បង​ឯង​ត្រូវ​ឱ្យ​អាជ្ញាធរ​ដឹង​។​….​ខ្ញុំ​អាច​ឱ្យ​គាត់​ឈប់​សិន​ ឱ្យ​មានច្បាប់​អី​ត្រឹមត្រូវ​»​។​

​បើ​ទោះបីជា​ អាជ្ញាធរ​បាន​រារាំង​ការ​ចាក់​បញ្ចាំង​ក៏​ដោយ​ តែ​អង្គការ​បណ្តាញ​យុវជន​កម្ពុជា​ មិន​បញ្ឈប់​តាម​ការ​បង្គាប់​របស់​អាជ្ញាធរ​នោះ​ទេ​ គឺ​នៅ​តែ​បន្ត​ចាក់​បញ្ចាំង​រហូត​ដល់​ចប់​។​

​យុវជន​ម្នាក់​ដែល​កំពុង​ដិតអារម្មណ៍​នឹង​ខ្សែភាពយន្ត​មួយ​នេះ​ លោក​ សេង​ ផល្លា​ និស្សិត​ផ្នែក​សង្គមកិច្ច​ បាន​និយាយ​ថា​ លោក​មានការ​សោកស្តាយ​ចំពោះ​អាជ្ញាធរ​ ដែល​មក​ហាមឃាត់​មិន​ឱ្យ​ចាក់​បញ្ចាំងភាពយន្ត​នេះ​។​ លោក​ថា​ ភាពយន្ត​នេះ​ មិន​បាន​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​នោះ​ឡើយ​។​

​សេង​ ផល្លា​ ដែល​ពី​មុន​មក​មិន​ធ្លាប់​ស្គាល់​ពី​ប្រវត្តិ​លោក​ ឈុត​ វុ​ទ្ធី​ បាន​និយាយ​ទៀត​ថា​ ការ​អនុញ្ញាត​ឱ្យ​ខ្សែភាពយន្ត​មួយ​នេះ​ បាន​ចាក់​បញ្ចាំង​ជា​សាធារណៈ​ មាន​សារៈសំខាន់​ណាស់​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ គឺ​ពួក​គាត់​នឹង​ស្គាល់​ពី​វីរៈភាព​របស់​លោក​ ឈុត​ វុ​ទ្ធី​ ក្នុង​ការពារ​ព្រៃឈើ​ហើយ​សកម្មភាព​ទាំងនោះ​នឹង​ជំរុញ​ទឹកចិត្ត​ពួក​គេ​បន្ថែម​ទៀត​ ឱ្យ​ស្រលាញ់​ និង​ចូលរួម​ថែរក្សា​ព្រៃឈើ​ដែល​នៅ​សេសសល់​។​

​ចំណែក​លោក​ ឆឺ​យ​ ឧត្តម​រស្មី​ កូនប្រុស​លោក​ឈុត​ វុ​ទ្ធី​ បាន​សម្តែង​ការ​ខកចិត្ត​ ចំពោះ​ការ​ហាមឃាត់​មិន​ចាក់​បញ្ចាំង​រឿង​ដែល​និយាយ​ពី​សកម្មភាព​របស់​ឪពុក​របស់​លោក​ ដែល​បាន​លះបង់​ជីវិត​ដើម្បី​ការពារ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​កូនប្រុស​អ​តី​សកម្មជន​រូប​នេះ​និយាយ​ថា​ «​យើង​ពិតជា​មានការ​ងឿងឆ្ងល់​ថា​ហេតុ​អី​បានជា​រដ្ឋាភិបាល​មិន​ឱ្យ​មានការ​ចាក់​បញ្ចាំង​។​ ខ្ញុំ​គិត​ថា​ឥលូវ​ហ្នឹង​អ្នក​ដែល​កាប់​ឈើ​នៅ​កម្ពុជា​ហ្នឹង​ភាគច្រើន​សុទ្ធតែ​ជា​មន្ត្រី​រាជរដ្ឋាភិបាល​ ពេល​អ​ញ្ចឹ​ង​ខ្ញុំ​មាន​ច​ម្ង​ល់​មួយ​ ខ្ញុំ​គិត​ថា​ តើ​រាជរដ្ឋាភិបាល​នៅ​ពីក្រោយ​ការ​ស្លាប់​របស់​ឪពុក​ខ្ញុំ​ឬ​យ៉ាងណា​ បាន​លោក​មានការ​ហាមប្រាម​»​។​

​លោក​ ឧត្តម​ រស្មី​ បាន​អះអាង​ បើ​ទោះបីជា​រដ្ឋាភិបាល​ មិន​អនុញ្ញាត​ឱ្យ​ចាក់​បញ្ចាំង​ជា​សាធារណៈ​ក៏​ដោយ​ លោក​នៅ​តែ​ចង់​យក​ភាពយន្ត​ឯកសារ​មួយ​នេះ​ទៅ​ចាក់​តាម​ទីកន្លែង​សាធារណៈ​ផ្សេងៗ​ នៅ​ថ្ងៃ​បន្ត​ទៀត​។​

​នេះ​ជា​លើក​ទី​បី​ហើយ​ ដែល​ភាពយន្ត​រឿង​«​ខ្ញុំ​ជា​ឈុត​ វុ​ទ្ធី​»​ត្រូវ​បាន​ចាក់​បញ្ចាំង​ ។​លើក​ទី​១​ នៅ​អង្គការ​ធាងត្នោត​ និង​ក្រោយមក​បញ្ចាំង​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។​ កាលពី​កន្លង​ទៅ​ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ហាម​មិន​ឲ្យ​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា​-​អា​ល្លឺ​ម៉​ង់​(Meta​ House)​ បញ្ចាំង​វី​ដេ​អូ​ឯកសារ​មួយ​ស្តី​ពី​ជីវិត​របស់​អតីត​សកម្មជន​ការពារ​ធនធានធម្មជាតិ​ លោក​ឈុត​ វុ​ទ្ធី​ នោះ​ទេ​។​ការ​ហាម​នេះ​ ដោយ​ក្រសួង​លើក​ឡើង​ថា​ក្រុមការងារ​បញ្ចាំង​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ហើយ​ម្យ៉ាងទៀត​ ការ​ថត​រឿង​នេះ​ក៏​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ផង​ដែរ​។​

​លោក​ ឈុត​ វុ​ទ្ធី​ ជា​ប្រធាន​ក្រុម​អភិរក្ស​ធនធាន​ព្រៃឈើ​ នៅ​កម្ពុជា​ត្រូវ​បាន​បាញ់​សម្លាប់​ នៅ​ស្រុក​មណ្ឌល​សី​ម៉ា​ ខេត្តកោះកុង​ កាលពី​ថ្ងៃ​២៦​មេ​សា​ ឆ្នាំ​ ២០១២​ ខណៈ​ពេល​លោក​កំពុង​ដឹកនាំ​អ្នក​សារព័ត៌មាន​២​នាក់​ ចុះ​យក​ព័ត៌មាន​នៅ​ជិត​ដែន​ព្រៃ​ការពារ​ក្នុង​ចំណុច​វាល​បី​ ស្រុក​មណ្ឌល​សី​ម៉ា​ខេត្តកោះកុង​។​

ការ​បាត់​បង់ជីវិត​សកម្មជន​ ព្រៃឈើ​ រូប​នេះ​ នាំ​ឱ្យ​យុវជន​ដែល​បាន​ទៅ​ ចូលរួម​មើល​ខ្សែភាពយន្ត​នេះ​ ពោល​ពាក្យ​ថា​ ការ​បាត់​រូប​ ឈុត​ វុ​ទ្ធី​ ម្នាក់​ នឹង​មាន​ ឈុត​ វុ​ទ្ធី​ រាប់រយ​នាក់​ទៀត​ដែល​ពួក​គេ​ថា​កំពុង​មាន​រូបរាង​ឡើង​ ៕​

Share

Image
Image
Image