ភ្នំពេញ ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុជន និងកីទ្បា លោក ពុត សាមិត្ត បានលើកទ្បើងថា ក្រសួងកំពុងតែជួបបញ្ហាប្រឈមដ៏សំខាន់មួយ ទាក់ទងនឹងគុណភាពអប់រំ គឺនៅកម្រិតថា្នក់បឋមសិក្សា។ បញ្ហាប្រឈមទាំងនោះមានដូចជា កត្តាសុខភាពរបស់សិស្ស បញ្ហាការសរសេរ ការអាននៅមានកម្រិត និងបញ្ហាដែលសិស្សពន្យាពេលចូលសិក្សាជាដើម។ ការថ្លែងបែបនេះធ្វើទ្បើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការរួមបញ្ចូលគ្នាដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា» ព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦ នៅភោជនីដ្ឋានទន្លេបាសាក់២។ សង្គមស៊ីវិលក៍ចូលរួមផ្ដល់អនុសាសន៍ ចំពោះបញ្ហានេះដែរ។ លោក ជូន សារេត ជូនព័ត៌មាន ៖
បញ្ហាប្រឈមដែលក្រសួងអប់រំ កំពុងតែជួបនៅក្នុងកម្រិតថា្នក់បឋមសិក្សា ធ្វើឱ្យអត្រាចុះឈ្មោះសិក្សារបស់សិស្សនៅថ្នាក់អនុវិទ្យាល័យមានការថយចុះ ព្រោះថាបើនៅថ្នាក់បឋមសិក្សាមានបញ្ហាហើយនោះ វាប្រាកដណាស់ថានឹងធ្វើឱ្យប៉ះពាល់ទៅថ្នាក់អនុវិទ្យាល័យ។ នេះបើយោងតាម ការលើកឡើងរបស់លោកអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុជន និងកីទ្បា លោក ពុត សាមិត្ត។
លោក ពុត សាមិត្ត បានលើកទ្បើងថា បញ្ហានេះក្រសួងអប់រំនឹងរកយន្តការដោះស្រាយចំពោះកត្តារារាំងទាំងនោះ។
លោកបានផ្ដល់អនុសាសន៍ថា ដើម្បីឱ្យគុណភាពអប់រំកាន់តែមានភាពល្អប្រសើរនោះមានដូជា ៖ «យើងពង្រីកមតេយ្យសហគមន៍ យើងខំសាងសង់សាលាមតេយ្យបន្ថែមដើម្បីមានឱកាសជាពិសេសនៅបឋមសិក្សាហ្នឹងបើសិនថាមានបន្ទប់មានអី យើងផ្តល់ឱកាសមួយធ្វើម៉េចឱ្យគេបើកថ្នាក់មតេយ្យដែរអញ្ចឹងមានថ្នាក់មតេយ្យហ្នឹង អញ្ចឹងកាលណាគេមានឱកាសបានចូលរៀនមតេយ្យហ្នឹងយើងក៏មានបង្រៀនកម្មវិធីអប់រំឪពុកម្តាយដែរ..»។
ចំណែកឯ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ដើម្បីឱ្យវិស័យអប់រំកាន់តែមានភាពល្អប្រសើរនោះគឺត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។ លោក បន្តថាការឹតបន្តឹង លើការសិក្សារបស់សិស្សនិងការ រឹតបន្តឹងអ្នកដែលគ្រប់គ្រងនៅតាមសាលានីមួយៗជារឿងសំខាន់។ ប៉ុន្តែលោកថា ក្រសួងក៏ត្រូវយកចិត្តទុកដាក់ទៅលើភាគីដែលពាក់ព័ន្ធផងដែរ។
ទាក់ទងនឹងការលើកទ្បើងខាងលើនេះដែរ នាយកសាលាបឋមសិក្សាអនុវិទ្យាល័យទួលថ្មដែលមកពីខេត្តកំពង់ចាមគឺ លោក សៀង សំណាង បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះដែរថា ការពង្រឹងថ្នាក់បឋមសិក្សាគឺជារឿងសំខាន់ដែលក្រសួងត្រូវតែយកចិត្តទុកដាក់។ លោក លើកទ្បើងដែរថាក្រសួងអប់រំក៏ត្រូវគិតគូរពីការពង្រឹងថ្នាក់ដឹកនាំសាលារៀន មានន័យថាក្រសួងត្រូវពង្រឹងសមត្ថភាពនាយកសាលា ដើម្បីឱ្យពួកគេមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងថ្នាក់បឋមសិក្សាក៏ដូចជាថ្នាក់មធ្យមសិក្សា ឱ្យមានប្រសិទ្ធភាពជាដើម។ ទោះជាយ៉ាងណាលោកមានការរំពឹងទុកថា នៅពេលដែលក្រសួងបង្កើតឱ្យមានថ្នាក់មតេយ្យសិក្សាឱ្យបានច្រើននោះវានឹងធ្វើឱ្យគុណភាពអប់រំនៅកម្ពុជាមានភាពល្អប្រសើរជាក់ជាមិនខាន។
សូមបញ្ជាក់ ថាការបង្កើតឱ្យមានសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការធ្វើការរួមគ្នាដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា»នេះគឺក្នុងគោលបំណងដើម្បីពិភាក្សាអំពីគោលនយោបាយស្តីពីយុទ្ធសាស្ត្រអប់រំ និងយន្តការរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី០៥ និងគោលដៅរយៈពេលវែងដើម្បីលើកកម្ពស់គុណភាពសេវាអប់រំ នៅកម្រតិបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ។ ក្នុងន័យនេះគឺសំដៅចែករំលែកបទពិសោធន៍ និងឧបសគ្គក្នុងការអនុវត្តការងាររបស់សង្គមស៊ីវិល និងវិស័យឯកជនដែលកំពុងតែរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិនៅកម្ពុជា ៕